ស្ទឹងត្រែងៈ ​គម្រោង​អច្ឆរិយ​ភាព​ទន្លេមេគង្គ និង​រដ្ឋបាល​ជល​ផល​ថ្នាក់ជាតិ​សហការ​ជាមួយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្ត​ស្ទឹង​​ត្រែង​បាន​លែង​ត្រី​មេ​ពូជ​ធំៗ​ ១០០​ ក្បាល ជា​ប្រភេទ​ត្រី​កម្រ និង​ជិត​ផុត​ពូជ​ចូលក្នុង​ទន្លេ​មេគង្គ​។ នេះ​បើតាម​មន្ត្រីជលផល​។​

​លោក ស្រី សម​វិចិត្រ នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្ត​ស្ទឹង​​ត្រែង​បាន​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ថា ក្នុងចំណោម​ត្រី ​១០០​ ក្បាល​ ដែល​លែង​ចូលក្នុង​តំបន់​អន្លង់​អភិរក្ស​ត្រី​មេ​ពូជ និង​បបែល​យក្ស​ក្នុងភូមិ​សាស្ត្រ​ឃុំ​កោះ​ព្រះ ស្រុក​សៀម​​បូក កាលពី​ថ្ងៃទី​ ១៥ ខែឧសភា នោះ មាន​ ៣០​ ក្បាល​ជា​ប្រភេទ​ត្រី​គល់រាំង និង​ ៧០​ ក្បាល​ទៀត​ជា​ប្រភេទ​ត្រី​ប្រា​ធំ​។

​លោក​ថ្លែងថា​៖ «​នៅក្នុង​បញ្ជី​ក្រហម​របស់ IUCN ត្រី​ទាំង​ ២​ ប្រភេទ​នេះ គឺជា​ប្រភេទ​ត្រី​កម្រ​និង​រង​ការគំរាមកំហែង​ជិត​ផុត​ពូជ​។ តាមរយៈ​កម្មវិធី​នេះ យើង​រំពឹងថា បរិមាណ​ផល​ត្រី​នៅក្នុង​ស្តុក​ធម្មជាតិ​នឹងមាន​កំណើន​ឡើងវិញ ជាពិសេស​ប្រភេទ​ត្រី​កម្រ និង​ជិត​ផុត​ពូជ​ទាំងនេះ​»​។

​យោង​របាយការណ៍​រប​ស់​វិទ្យា​ស្ថាន​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​ជល​ផល​ទឹកសាប​ត្រី​គល់រាំង​ទាំង​ ៣០​ ក្បាល ដែល​ត្រូវបាន​លែង​ចូលក្នុង​តំបន់​អន្លង់​អភិរក្ស​ត្រី​បបែល​យក្ស​នោះ មាន​ ៤​ ក្បាល​ជា​មេ​ពូជ និង​ក្នុង​ ១​ ក្បាលមាន​ទម្ងន់​ ៦៨​ គីឡូក្រាម និង​ ២៦ ​ក្បាល​ទៀត​នៅ​តូចៗ គឺ​ក្នុង​ ១​ ក្បាល​ទើបតែ​មាន​ទម្ងន់​ពី ​១,៥ ​គីឡូក្រាម​ដល់ ​៣ ​គីឡូក្រាម​ខណៈ​ត្រី​ដែលជា​និមិត្តរូប​នៃ​អត្ត​សញ្ញាណ​ជាតិ​របស់​កម្ពុជា​នេះ​មាន​ទម្ងន់​ដល់​ ៣០០​ គីឡូក្រាម និង​មាន​ប្រវែង​រហូតដល់ ​២ ​ម៉ែត្រ​។

​ចំណែក​ត្រី​ប្រា​ធំ​ ៧០​ ក្បាល ដែល​ត្រូវបាន​លែង​ក្នុង​ទីតាំង និង​ថ្ងៃ​តែ​ ១ ​នោះ មាន​ទម្ងន់​ចន្លោះ​ពី ​២-៣,៥​ គីឡូក្រាម​ក្នុង​ ១ ក្បាល ដែល​តាម​ឯកសារ​ត្រី​ប្រា​ធំ​មាន​ទម្ងន់​ពី​ ៣០-៥០ ​គីឡូ​ក្នុង ​១ ​ក្បាល​។​

​នៅមុន​ពេល​លែង​ត្រី​ទាំងនោះ​ក្រុមមន្ត្រី​ជំនាញ​បាន​បំពាក់​ឧបករណ៍​តាមដាន​ការ​បំ​ផ្លាស់​ទី និង​ស្លាក​សញ្ញា​សម្គាល់​ទៅលើ​ខ្លួន​របស់​ពួកវា​។ នេះ​បើតាម​អ្នកស្រី ជា សីលា អ្នកគ្រប់គ្រង​កម្មវិធី​អច្ឆរិយ​ភាព​ទន្លេមេគង្គ​។​

​អ្នកស្រី​បញ្ជាក់ថា​៖ «​សម្រាប់​ត្រី​គល់រាំង​គឺ​យើង​បំពាក់​ឧបករណ៍​តាមដាន​ការ​បំ​ផ្លាស់​ទី ​(Tag/GPS)​ ក្នុង​ដងខ្លួន​វា​ចំនួន ​១៤ ​ក្បាល ហើយ​ក្រៅពីនេះ​មាន​កិប​ស្លាក​លេខ​សម្គាល់​។ ចំណែក​ត្រី​ប្រា​ធំ​វិញ គឺ​យើង​បំពាក់​បានតែ​មួយចំនួន​តូច មួយចំនួនធំ​ទៀត​គឺ​បាន​បំពាក់​ត្រឹមតែ​ស្លាក​លេខ​សម្គាល់​ប៉ុណ្ណោះ​»​។​

​អ្នកស្រី​បាន​បន្តថា តាមរយៈ​ឧបករណ៍​ទាំងនោះ គឺអាច​ឱ្យ​អ្នក​សិក្សា​ស្រាវជ្រាវ​បានដឹង​ពី​ការ​បំ​ផ្លាស់​ទី និង​ការវិវឌ្ឍ​របស់​ត្រី​ទាំងនោះ​បាន​ដោយ​ស្វ័យប្រវត្តិ​។ ទោះជា​បែបណា​ក្ដី អ្នកស្រី​បាន​អំពាវនាវ​ដល់​ប្រជា​នេសាទ​បង្កើន​ការប្រុងប្រយ័ត្ន និង​ចូលរួម​ការពារ និង​អភិរក្ស​ត្រី​ទាំងនោះ ដោយ​ត្រូវ​ដោះលែង​វា​ភ្លាម ក្នុងករណី​នេសាទ​បាន​វា ហើយ​នៅមាន​ជីវិត​។ ក្នុងករណី​នេសាទ​បាន​វា តែ​ងាប់​ត្រូវ​ផ្ដល់​សេចក្ដីរាយការណ៍​ជាបន្ទាន់​មកកាន់​ក្រុមការងារ​នៃ​គម្រោង​អច្ឆរិយ​ភាព​ទន្លេមេគង្គ​ឬ​ឆ្មាំ​ទន្លេ ដើម្បី​ចុះទៅពិនិត្យ និង​ដោះយក​ឧបករណ៍​ទាំងនោះ​ត្រឡប់មកវិញ​។​

​អ្នកស្រី​ថ្លែងថា​៖ «​ការលែង​ប្រភេទ​ត្រី​កម្រ និង​រង​ការ​គំរាម​​កំហែង​ជិត​ផុត​ពូជ​ទៅក្នុង​ទន្លេ​មេគង្គ​នេះ គឺ​យើង​មាន​គោល​បំណង​សំខាន់ៗ​ចំនួន ​២ ក្នុងនោះ​គឺ​យើង​ចង់ឱ្យ​សាធារណជន បាន​ស្គាល់​ប្រភេទ​ត្រី​កម្រ និង​ជិត​ផុត​ពូជ​ដែល​កំពុងមាន​វត្តមាន​នៅ​កម្ពុជា​ដើម្បីឱ្យ​មានការ​ចូលរួម​ការពារ ថែរក្សា​សម្រាប់​មនុស្សជាតិ​ជំនាន់​ក្រោយ​បានឃើញ​បាន​ស្គាល់​ផង​និង​ដើម្បី​បង្កើន​ចំនួន​នៃ​ប្រភេទ​ត្រី​កម្រ​ទាំងនោះ​នៅក្នុង​ស្តុក​ធម្មជាតិ​ឡើងវិញ​ផង​»៕