
លោកឃួង ស្រេង និងលោកស្រី អារីយ៉ាណា អាដេហ្ស៊ី ព្រមទាំងមន្ត្រីសាលារាជធានីភ្នំពេញ ក្នុងពិធីចុះហត្ថលេខាកាលពីថ្ងៃទី១៦ឧសភា។ រូបថត រដ្ឋបាលរាជធានីភ្នំពេញ
ភ្នំពេញៈលោកស្រី អារីយ៉ាណា អាដេហ្ស៊ី លេខាធិការរងអចិន្ត្រៃយ៍សមាគមអន្តរជាតិអភិបាលក្រុងប្រើប្រាស់ភាសាបារាំង (AIMF) បានលើកឡើងថា នៅសល់រយៈពេលតែ ២ ខែទៀតទេ នឹងបើកសម្ពោធស្ថានីយប្រព្រឹត្តិកម្មសំណល់ភក់បង្គន់ទី១ នៅរាជធានីភ្នំពេញ ដែលមានទីតាំង នៅក្នុងសង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល។
លោកស្រីបានលើកឡើងបែបនេះក្នុងពិធីចុះហត្ថលេខា កិច្ចព្រមព្រៀងភាពជាដៃគូសហការរបស់ការិយាល័យប្រចាំតំបន់នៃបណ្ដាញទីក្រុងអាស៊ីអាគ្នេយ៍សមាគម (AIMF) មានមូលដ្ឋាននៅសាលារាជធានីភ្នំពេញ និងគម្រោងពង្រឹងការត្រៀមសម្រាប់ស្ថានភាពបន្ទាន់នៅរាជធានីភ្នំពេញ ដំណាក់កាលទី២ ជាមួយលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញនៅថ្ងៃទី ១៦ ខែឧសភា។
លោកបញ្ជាក់ថា៖«សម្រាប់គម្រោងនេះ គឺជាគម្រោងធំ មិនធ្លាប់មានពីមុនមក ហើយក៏មិនចេះតែធ្វើបានដែរ តែសម្រាប់រាជធានីភ្នំពេញ យើងបានបង្កើតឱ្យមានគម្រោងនេះហើយ»។
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានលើកឡើងថា ការអភិវឌ្ឍរីកចម្រើនរបស់រាជធានីភ្នំពេញ គឺមិនអាចផ្តាច់បានពីការចូលរួមជួយឧបត្ថមគាំទ្រពីប្រទេសបារាំងបានឡើយ ដោយតាមរយៈសមាគមអន្តរជាតិ អភិបាលក្រុងប្រើប្រាស់ភាសាបារាំង (AIMF) មួយវិញទៀត បារាំងក៏បានជួយដល់រាជធានីភ្នំពេញជាច្រើនដែរ។
លោកថ្លែងថា៖«យ៉ាងណាមិញ រាជធានីភ្នំពេញនឹងខិតខំសិក្សាស្វែងយល់បទពិសោធន៍ ពីបណ្តាទីក្រុងផ្សេងទៀតលើពិភពលោក ដើម្បីយកមកអភិវឌ្ឍរាជធានីភ្នំពេញ ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត»។
តាមការផ្សាយលើគេហទំព័ររបស់រដ្ឋបាលរាជធានីភ្នំពេញបានបញ្ជាក់ថា ទស្សនកិច្ចការងាររបស់សមាគមអន្តរជាតិអភិបាលក្រុងប្រើប្រាស់ភាសាបារាំង (AIMF) មានគោលបំណងចំនួន២ ទី១ សម្ភោធសមិទ្ធផលនៃគម្រោងនានា ដែលសម្រេចបានក្រោមកិច្ចសហប្រតិបត្តិការរវាងរាជធានីភ្នំពេញ និងសមាគមអន្តរជាតិក្រុងប្រើភាសាបារាំង ដែលរួមមាន ស្ថានីយប្រព្រឹត្តិកម្មសំណល់ភក់បង្គន់ទី១ នៅរាជធានីភ្នំពេញ ដែលមានទីតាំងនៅក្នុងសង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ និងហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធ នៃគម្រោងដែលជាហិរញ្ញប្បទានរួមរវាងរដ្ឋបាលរាជធានីភ្នំពេញ សមាគម AIMF រដ្ឋបាល រដ្ឋធានីប៉ារីស និងសហភាពអឺរ៉ុប ដែលមានទីតាំងនៅតាមប្រឡាយស្ទឹងមានជ័យ ខណ្ឌមានជ័យ។
ចំណែកគោលបំណងទី២ រៀបចំកិច្ចប្រជុំប្រចាំឆ្នាំ នៃបណ្តាញទីក្រុងប្រើប្រាស់ភាសាបារាំង នៅតំបន់អាស៊ីអាគ្នេយ៍ ដែលមានទីស្នាក់ការនៅ សាលារាជធានីភ្នំពេញ។
ប្រភពពីរដ្ឋបាលរាជធានីភ្នំពេញបញ្ជាក់បន្ថែមថា ចាប់ពីដើមឆ្នាំ២០២០មក គម្រោងក្រោមកិច្ចសហប្រតិបត្តិការរវាងរដ្ឋបាលរាជធានីភ្នំពេញ និងសមាគម AIMF កំពុងអនុវត្ត គឺសមាគមអន្តរជាតិអភិបាលក្រុងប្រើប្រាស់ភាសាបារាំង (AIMF) បានរៀបចំឱ្យមានការិយាល័យប្រចាំតំបន់អាស៊ីអាគ្នេយ៍របស់ខ្លួន ដែលមានទីតាំងស្ថិតនៅអគារនៃរដ្ឋបាលរាជធានីភ្នំពេញ និងការគាំទ្រផ្នែកហិរញ្ញវត្ថុ និងបច្ចេកទេសក្នុងការតាក់តែងឯកសារផែនទីបង្ហាញផ្លូវយុទ្ធសាស្ត្រ ស្តីពីទីក្រុងឆ្លាត និងមានចីរភាពរបស់រាជធានីភ្នំពេញ ឆ្នាំ២០២២-២០៣៥។
រដ្ឋបាលរាជធានីភ្នំពេញ និងសមាគមអន្តរជាតិ នៃអភិបាលក្រុងប្រើប្រាស់ភាសាបារាំង (AIMF) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ស្ដីពីជំនួយហិរញ្ញវត្ថុ និងជំនួយបច្ចេកទេសក្នុងទំហំទឹកប្រាក់ចំនួន ១៤៣ ៥០០អឺរ៉ូ ក្នុងគោលបំណងចូលរួមលើកកម្ពស់សមត្ថភាព អនុវត្តការងារមួយចំនួនដូចជា៖ ការរៀបចំលំហូរសាធារណៈក្នុងទីក្រុង ការកែលម្អអនាម័យ និងការគ្រប់គ្រងកែច្នៃសំណល់ភក់បង្គន់ ការគ្រប់គ្រងហានិភ័យ និងការត្រៀមខ្លួនទល់នឹងគ្រោះទឹកជំនន់៕