
អ្នកអភិរក្សកំពុងលែងសត្វក្រពើចូលក្នុងជម្រកធម្មជាតិកន្លងមក។ រូបថត FFI
ភ្នំពេញៈ ក្រពើភ្នំចំនួន ១៤៦ ក្បាល ត្រូវបានលែងចូលក្នុងជម្រកធម្មជាតិ ដើម្បីបង្កើនចំនួនរបាយសត្វក្រពើភ្នំនៅក្នុងធម្មជាតិឡើងវិញ ខណៈកម្ពុជាត្រូវបានទទួលស្គាល់ថា ជាប្រទេសដែលមានសត្វក្រពើភ្នំច្រើនជាងគេលើពិភពលោក ប្រមាណជាង ៣០០ ក្បាល។
យោងតាមអង្គការសត្វព្រៃ និងរុក្ខជាតិអន្តរជាតិ(FFI)នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ បានឱ្យដឹងថា កម្ពុជា មានក្រពើភ្នំប្រមាណជា ៣០០ក្បាល ដែលជាប្រទេសមានសត្វក្រពើភ្នំច្រើនជាងគេ លើពិភពលោក ខណៈចំនួនសរុបនៅលើពិភពលោកមានប្រមាណ ១ ០០០ ក្បាលប៉ុណ្ណោះ។
អង្គការសត្វព្រៃ និងរុក្ខជាតិអន្តរជាតិបានបញ្ជាក់ថា ផលជាទីមោទនៈនេះ អាស្រ័យលើកិច្ចការអភិរក្សដែលបានមកពីកិច្ចខិតខំប្រឹងប្រែងរួមគ្នា របស់រាជរដ្ឋាភិបាលកម្ពុជា និងអ្នកអភិរក្សក្នុងការបង្កើនចំនួនសត្វក្រពើភ្នំក្នុងតំបន់ការពារធម្មជាតិកម្ពុជា។
FFI បានឱ្យដឹងថា ៖ «ក្រពើភ្នំជាប្រភេទសត្វជិតផុតពូជបំផុត និងជាសត្វព្រៃនិមិត្តរូបដ៏សំខាន់បំផុតមួយរបស់កម្ពុជា ត្រូវបានការពារនិងអភិរក្សបានយ៉ាងល្អ និងមានការបង្កាត់ពូជក្រពើភ្នំ ដើម្បីលែងទៅក្នុងធម្មជាតិ»។
បើតាម FFI អស់រយៈពេលជាង ២០ ឆ្នាំមកនេះគម្រោងអភិរក្សក្រពើកម្ពុជាបាននិងកំពុងអនុវត្តយ៉ាងសកម្មនៅដែនជម្រកក្រពើសំខាន់ៗ នៅកម្ពុជា ដោយមានការសហការបច្ចេកទេសរវាងក្រសួងបរិស្ថាន រដ្ឋបាលព្រៃឈើ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអង្គការសត្វព្រៃ និងរុក្ខជាតិ (FFI)។
លោក នេត្រ ភក្ត្រា អ្នកនាំពាក្យក្រសួងបរិស្ថាន បានឱ្យដឹងនៅថ្ងៃទី១៧ ខែឧសភា ថា កាលដែលក្រសួងលែងក្រពើភ្នំចូលទៅក្នុងតំបន់ធម្មជាតិនេះ ដើម្បីបង្កើនចំនួនប្រជាសាស្ត្រនៃសត្វក្រពើភ្នំ នៅក្នុងតំបន់ការពារធម្មជាតិរបស់កម្ពុជាបន្ថែមទៀត ព្រោះកន្លងមក សត្វក្រពើភ្នំ ដែលរស់នៅតំបន់ការពារធម្មជាតិ វាប្រឈមជាមួយនឹងការនេសាទ និងការចាប់យកដោយខុសច្បាប់។
លោកបានបន្តថា ហេតុនេះក្រសួង និងអង្គការដៃគូបានបង្កាត់ពូជសុទ្ធនៃសត្វក្រពើភ្នំ ហើយលែងក្រពើភ្នំទាំងនោះ ចូលទៅក្នុងតំបន់ការពារធម្មជាតិ ដោយការអង្កេតតាមដាន និងការល្បាតទីតាំងក្នុងតំបន់ការពារធម្មជាតិ។
លោក នេត្រ ភក្ត្រា បានថ្លែងថា៖ «យើងបានពង្រឹងទីតាំងអភិរក្សប៉ុន្មានកន្លែងទាំងអស់ហ្នឹង ហើយយើងបានបង្កើននូវចំនួនដែលយើងបានបង្កាត់ពូជសុទ្ធជាក្រពើភ្នំហ្នឹង យកទៅលែងនៅក្នុងធម្មជាតិ ដើម្បីឱ្យវាកកើតចំនួនច្រើនថែមទៀត»។
លោកសង្ឃឹមថា សត្វក្រពើភ្នំដែលលែងចូលក្នុងតំបន់ព្រៃធម្មជាតិអាចនឹងបង្កាត់ និងបង្កើតកូន ហើយវានឹងកើតជាកូននៅក្នុងតំបន់នោះបានកាន់តែច្រើន។
បើតាមលោក នេត្រ ភក្រ្តា ស្របពេលដែលក្រពើភ្នំដែលបានបង្កាត់ពូជសុទ្ធ ត្រូវបានលែងចូលក្នុងតំបន់ការពារធម្មជាតិ ឥឡូវនេះក្រសួងបានរកឃើញទីតាំងមួយទៀតនៅស្រែពក ក្នុងខេត្តមណ្ឌលគិរី ដែលក្រសួងនឹងពង្រឹងចំនួនប្រជាសាស្ត្រនៃសត្វក្រពើភ្នំនៅក្នុងតំបន់នោះផងដែរ។
សូមបញ្ជាក់ថា ក្នុងរយៈពេលកន្លងមកនេះ គម្រោងអភិរក្សក្រពើកម្ពុជា បានលែងក្រពើភ្នំពូជសុទ្ធនៅលើតំបន់មួយចំនួនបានចំនួន ១៤៦ ក្បាល រួមមាននៅ ស្ទឹងខៀវស្រុកមណ្ឌលសីមា ខេត្តកោះកុង, ស្ទឹងដាច់ ឃុំតាទៃលើ ស្រុកថ្មបាំង ខេត្តកោះកុង, អារ៉ែង ស្រុកថ្មបាំង ខេត្តកោះកុង, អូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ និងឆាយរាប ស្ទឹងកំពង់តាជៃ ស្រុកស្រៃអំបិល ខេត្តកោះកុង៕