
មន្ទីរពេទ្យតេជោសែនកោះធំដែលគ្រោងបើកដំណើរការនៅខែសីហា ឆ្នាំនេះ ៕ រូបថត ក្រសួងព័ត៌មាន
កណ្ដាលៈ រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន លោក ស៊ុន ចាន់ថុល បានឱ្យដឹងថា មន្ទីរពេទ្យតេជោសែនកោះធំគ្រោងដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅដើមខែសីហា ឆ្នាំ ២០២៣ ខាងមុខ ខណៈបច្ចុប្បន្នក្រុមការងារបច្ចេកទេសរបស់ក្រសួង និងអ្នកជំនាញបច្ចេកទេសមកពីមន្ទីរពេទ្យកាល់ម៉ែតកំពុងពន្លឿនការងាររៀបចំបំពាក់ការផ្គត់ផ្គង់សម្ភារ និងបរិក្ខារវេជ្ជសាស្ត្រនៅក្នុងមន្ទីរពេទ្យនេះឱ្យបានឆាប់។
ការថ្លែងដូច្នេះ ត្រូវបានធ្វើឡើងនៅក្នុងពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) លើគម្រោងការងារផ្គត់ផ្គង់សម្ភារ និងបរិក្ខារវេជ្ជសាស្ត្រ សម្រាប់បំពាក់ក្នុងមន្ទីរពេទ្យតេជោសែនកោះធំ កាលថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣។
តាមរយៈក្រសួងសាធារណការ និងដឹកជញ្ជូន លោក ស៊ុន ចាន់ថុល បានលើកឡើងថា ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់នៃគម្រោងការងារផ្គត់ផ្គង់សម្ភារ និងបរិក្ខារវេជ្ជសាស្ត្រ ដែលគ្រោងសម្រាប់បំពាក់ក្នុងមន្ទីរពេទ្យតេជោសែនកោះធំនេះគឺទទួលបានពីសប្បុរសជនបរទេស។
លោកបន្តថា៖«បន្ទាប់ពីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់រួចរាល់ អ្នកតំណាងសប្បុរសជន ក៏បានធ្វើបទបង្ហាញជូនអង្គពិធី ឱ្យបានជ្រាបពីបច្ចុប្បន្នភាពនៃមន្ទីរពេទ្យតេជោសែនកោះធំ ដែលបានសាងសង់រួចរាល់ នៅរង់ចាំតែការបំពាក់សម្ភារ និងបរិក្ខារវេជ្ជសាស្ត្រផ្នែកខាងក្នុង ហើយយើងរំពឹងថានឹងអាចរៀបចំប្រារព្ធពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅដើមខែសីហា ឆ្នាំ២០២៣ខាងមុខនេះ»។
លោកស៊ុន ចាន់ថុល បានបង្ហាញក្តីជឿជាក់ដែរថា លើសពីការបំពាក់សម្ភារ និងបរិក្ខារវេជ្ជសាស្ត្រសម្បូរបែបស្របទៅតាមស្តង់ដាថ្នាក់ជាតិ មន្ទីរពេទ្យតេជោសែនកោះធំនេះ នឹងក្លាយជាមន្ទីរពេទ្យទំនើប១ក្នុងតំបន់។
មន្ទីរពេទ្យនេះនឹងមានការបំពាក់ប្រព័ន្ធបច្ចេកវិទ្យាទំនើបHospital Information System (HIS) សម្រាប់គ្រប់គ្រងសម្ភារបរិក្ខារឱសថនិងទិន្នន័យព័ត៌មានរបស់អ្នកជំងឺ ដែលត្រូវបានសិក្សា និងអភិវឌ្ឍដោយ អគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈនៃក្រសួងសាធារណការ និងដឹកជញ្ជូនផងដែរ។
បើតាមក្រសួងសារធារណការ បានឱ្យដឹងទៀតថា គម្រោងបន្តធ្វើឱ្យប្រសើរឡើងដល់ មណ្ឌលសុខភាពនៅស្រុកកោះធំ ខេត្តកណ្តាលនាពេលនេះ ដើម្បីលើកកម្ពស់ការថែទាំសុខភាពរបស់អ្នកស្រុកកោះធំ ដែលមានតម្រូវការចាំបាច់លើផ្នែកសេវាថែទាំសុខភាពបឋម និងការសង្គ្រោះបន្ទាន់ ក៏ដូចជាដើម្បីចូលរួម ចំណែកអភិវឌ្ឍប្រទេសជាតិឱ្យមានការរីកចម្រើនថែមទៀត។
សូមជម្រាបដែរថា មន្ទីរពេទ្យតេជោសែនកោះធំនេះ សាងសង់ឡើងដោយថវិកាបានមកពីការចូលរួមវិភាគទានរបស់សប្បុរសជនក្នុងស្រុកទាំងអស់ ដោយរួមសហការជាមួយនឹងមន្ទីរពេទ្យកាល់ម៉ែតដែលគ្រោងលើចំណាយថវិកាសរុប ប្រមាណជា ១០លានដុល្លារសម្រាប់ការសាងសង់។
មន្ទីរពេទ្យតេជោសែនកោះធំ ត្រូវបានបើកការដ្ឋានសាងសង់ឡើង កាលថ្ងៃទី៧ ខែមករា ឆ្នាំ២០២២ នៅលើផ្ទៃដីទំហំ ១,៤៧ ហិកតា មានទីតាំងនៅក្នុងមន្ទីរពេទ្យបង្អែកស្រុកកោះធំ តាមបណ្តោយផ្លូវជាតិលេខ២១។ អគារមន្ទីរពេទ្យមានទំហំសរុប ១៣ ០០០ម៉ែត្រការ៉េ មាន១៥០គ្រែ បំពាក់ដោយឧបករណ៍សម្ភារបរិក្ខារបច្ចេកទេសទំនើបៗ កម្រិតស្តង់ដាថ្នាក់ជាតិ ដើម្បីបម្រើឱ្យការព្យាបាល។
សូមរំឭកដែរថា កន្លងមក ប្រមុខរដ្ឋាភិបាលកម្ពុជា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់បានលើកឡើងដែរថា មន្ទីរពេទ្យតេជោកោះធំនេះ នឹងដើរតួនាទីសំខាន់ក្នុងការជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋទៅព្យាបាលនៅមន្ទីរពេទ្យខេត្ត ឬរាជធានីភ្នំពេញ ដែលឆ្ងាយពីមូលដ្ឋានរបស់ខ្លួន។ ជាពិសេសនឹងចូលរួមបំពេញតម្រូវការសេវាព្យាបាលជំងឺទូទៅនិងសេវាត្រួតពិនិត្យសុខភាពឱ្យកាន់តែខិតជិតប្រជាពលរដ្ឋក្នុងស្រុកកោះធំ ស្រុកស្អាង ស្រុកលើកដែក និងស្រុកព្រៃកប្បាសនៃខេត្តតាកែវផងដែរ៕