ភ្នំពេញៈ​ អ្នកនាំពាក្យ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្ដរជាតិ ប្រកាស​ច្រានចោល ចំពោះ​ការធ្វើ​អត្ថាធិប្បាយ​ដែល​ «​បង្កឱ្យមាន​ការយល់ច្រឡំ និង​ធ្វើឡើង​ក្រោម​ហេតុផល​នយោបាយ​» របស់​ក្រុម​អ្នក​រិះគន់​មួយចំនួន​តូច​ជុំវិញ​ដំណើរការ​នៃ​ការចុះបញ្ជី​គណបក្សនយោបាយ​ឈរឈ្មោះ​បោះឆ្នោត​នៅ​កម្ពុជា ដោយ​ផ្អែកលើ​ការពន្យល់ និងសេចក្ដីសម្រេច​រប​ស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​)​។

​សេចក្តីប្រកាស​ព័ត៌មាន​របស់​អ្នក​នាំ​ពាក្យ​ក្រសួងការបរទេស កាលពី​ថ្ងៃទី ​១៦ ខែឧសភា​ បានសរសេរថា ការមិនអាច​ចុះបញ្ជី​ចូលរួម​ការបោះឆ្នោត​បាន​របស់​គណបក្សនយោបាយ​មួយ គឺ​ដោយ​សារ​តែ​គណបក្ស​នោះ​មិន​យកចិត្ត​ទុក​ដាក់​ចំពោះ​ច្បាប់ និង​បទ​ប្បញ្ញត្តិ​បោះឆ្នោត ក៏ដូចជា​សេចក្តីជូនដំណឹង​នានា​របស់ គ​.​ជ​.​ប​។

​សេចក្តីប្រកាស​ព័ត៌មាន​លើកឡើងថា តាម​មាត្រា​ ២៧ នៃ​ច្បាប់​ស្តីពី​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ និង​សេចក្តី ជូនដំណឹង​របស់ គ​.​ជ​.​ប ចុះ​ថ្ងៃទី​ ២៦ ខែមេសា ឆ្នាំ ​២០១៨ និង​ចុះ​ថ្ងៃទី​ ៥ ខែមេសា ឆ្នាំ​ ២០២៣ បង្ហាញថា ដើម្បី​ចុះបញ្ជី​គណបក្សនយោបាយ​ឈរឈ្មោះ​បោះឆ្នោត​ជ្រើសតាំង​តំណាង​រាស្ត្រ​ជា​ផ្លូវការ​គឺ ​«​គណបក្សនយោបាយ​ត្រូវធ្វើ​ពាក្យសុំ​ចុះបញ្ជី​គណបក្ស​ន​យោ​បាយ​ឈរឈ្មោះ​បោះឆ្នោត តាមបែប​បទ​កំណត់ដោយ​គ​.​ជ​.​ប ដោយ​ភ្ជាប់​មកជា​មួយ​នូវ​សេចក្តីចម្លង​លិខិតបញ្ជាក់​ការ​​ចុះបញ្ជី​គណបក្សនយោបាយ នៅ​ក្រសួងមហាផ្ទៃ​ដែលមាន​បញ្ជាក់​នីត្យានុកូល​​កម្ម​ក្នុងចំណោម​ឯកសារ​ផ្សេងទៀត​»​។​

​កាលពី​ថ្ងៃទី​ ១៥ ខែឧសភា គជប បាន​បដិសេធ​ការចុះបញ្ជី​គណបក្សនយោបាយ​ឈរឈ្មោះ​បោះឆ្នោត​ជ្រើស​តាំង​តំណាងរាស្ត្រ នីតិកាល​ទី ​៧ ឆ្នាំ​ ២០២៣ របស់​គណបក្ស ភ្លើងទៀន ដែលមាន ២៥ (​ម្ភៃ​ប្រាំ​) មណ្ឌល​រាជធានី​-ខេត្ត ដោយ​មូលហេតុ គណបក្ស​ភ្លើង​​ទៀន​មិនបាន​ភ្ជាប់​មកជា​មួយ​នូវ​ប្រកាស​ស្តីពី​ការចុះឈ្មោះ​ក្នុង​បញ្ជី​គណបក្សនយោបាយ នៅ​ក្រសួងមហាផ្ទៃ ដែលមាន​បញ្ជាក់​នីត្យានុកូល​កម្ម ដោយ​រដ្ឋ​បាល​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ នៅ​ការិយាល័យ​ច្រកចេញចូល​តែមួយ ឱ្យបាន​ត្រឹមត្រូវ​ស្របតាម​កថាខណ្ឌ​ទី​ ២ និង​ចំណុច​ទី​ ១ ច្បាប់​ស្តីពី​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​។​

​លោក សុន ឆ័យ អនុប្រធាន​គណបក្ស​ភ្លើងទៀន ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន នៅ​ទីស្នាក់ការ​កណ្ដាល​គណបក្ស​ភ្លើង​ទៀន នា​ព្រឹក​ថ្ងៃទី ​១៦ ខែឧសភាថា គណបក្ស​ភ្លើងទៀន​មិនអាច​ទទួលយកបាន​នូវ​សេចក្តីសម្រេច​របស់ ​គជ​ប ដោយ​សារ​ការបញ្ជាក់​ក្នុង​ប្រការ​ ១ នៃ​សេចក្តី​​សម្រេច​របស់ គជប គណបក្ស​ភ្លើងទៀន​បានធ្វើ​អស់​លទ្ធភាព និង​មាន​ឯកសារ​គ្រប់គ្រាន់​ដាក់ជូនទៅ គជប​។

លោក​ថ្លែងថា​៖ «​យើង​មាន​ឯកសារ​គ្រប់គ្រាន់ ដើម្បី​ជូនទៅ គជប ដូច្នេះ​បានជា​យើង​មិនអាច​ទទួលយកបាន ព្រោះ​វា​អត់​មាន​ហេតុផល​សមរម្យ​ណាមួយដែលថា យើង​ខ្វះខាត​អី​ទៀត​ទេ វា​មាន​សព្វគ្រប់​អស់ហើយ​»​។

​អ្នកនាំពាក្យ​គណបក្ស​ភ្លើងទៀន លោក គឹម​សួរ ភិ​រិ​ទ្ធ ប្រាប់​ ភ្នំពេញ ​ប៉ុស្តិ៍​ នៅ​ថ្ងៃទី ១៧​ ខែឧសភា​ថា នីតិវិធី​បន្ត​គណបក្ស​ភ្លើងទៀន​នឹងដាក់​ពាក្យ​ប្តឹងតវ៉ា ចំពោះ​សេចក្តីសម្រេច​របស់ គជប ទៅ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​។

លោក​បញ្ជាក់ថា​៖ «​យើង​កំពុង​រៀបចំ​ឯកសារ ដើម្បី​បន្ត​នីតិវិធី​ដាក់​បណ្តឹង ទៅ​ក្រុមប្រឹក្សាធម្មនុញ្ញ ហើយ​យើង​ប្រហែលជា​ដាក់​ទៅ​នៅ​ថ្ងៃទី​ ២០ ខែឧសភា​»​។

​ក្នុង​សេចក្តីប្រកាស​របស់​ក្រសួង​ការ​បរទេស​បញ្ជាក់ថា ការពិត​នៃ​ការ​បរា​ជ័យ​ក្នុងការ​ចុះបញ្ជី​គណបក្សនយោបាយ ឈរឈ្មោះ​បោះឆ្នោត គឺ​ដោយសារ ពុំមាន​ឯកសារ​គ្រប់គ្រាន់ ហើយ​កង្វះខាត​នេះ គួរតែ​ថ្នាក់ដឹកនាំ​របស់​គណបក្ស​នយោបាយ​នោះ​ទទួលខុសត្រូវ ដូចដែល​អនុប្រធាន ​១ ​រូប ​នៃ​គណបក្ស​នោះបាន​ថ្លែង​ទទួលស្គាល់ថា ការអំពាវនាវ​ឱ្យមានបាតុកម្ម​ប្រឆាំងនឹង​ការសម្រេច​របស់​ គ​.​ជ​.​ប គឺជា​កំហុស​ដ៏​ធ្ងន់ធ្ងរ​មួយ​ជា​ផ្នែក​មួយ​នៃ​ប្រព័ន្ធ​ត្រួតពិនិត្យ និង​តុល្យភាព សេចក្ដីសម្រេច​បច្ចេកទេស​របស់ គ​.​ជ​.ប អាចធ្វើ​ការប្តឹងតវ៉ា​ទៅ​ក្រុមប្រឹក្សាធម្មនុញ្ញ​បាន​។

​ក្រសួងការបរទេស​បាន​បញ្ជាក់ទៀតថា គ្រប់​គណបក្ស​ន​យោ​​បាយ​ទាំងអស់ មាន​ពេលវេលា​ត្រៀមខ្លួន​គ្រប់គ្រាន់ ដើម្បី​ស្នើសុំ​សេចក្ដីចម្លង​លិខិត​ខាងលើ ព្រោះ​កាលបរិច្ឆេទ​នៃ​ការបោះឆ្នោត​ត្រូវបាន​ប្រកាស​ជា​សា​​ធារ​ណៈ រយៈពេល​ ១​ ឆ្នាំមុន​។

​ក្រសួងបន្តថា​៖ «​សេចក្តីចម្លង​លិខិតបញ្ជាក់ ការចុះបញ្ជី​គណបក្សនយោបាយ​នេះ ត្រូវបាន​ផ្ដល់ជូន​ដោយ​ឥតគិតថ្លៃ ដោយ​អាជ្ញាធរ​ថ្នាក់ក្រោម​ជាតិ​ពាក់ព័ន្ធ ដើម្បី​រៀបចំ​ដំណើរការ​បោះឆ្នោត​មួយ​ប្រកប​ដោយ​សេរី ត្រឹមត្រូវ យុត្តិធម៌ និង​តម្លាភាព គ​.​ជ​.​ប ពុំមាន​ការប្រព្រឹត្ត​ដោយឡែក​ពិសេស​ចំពោះ​គណបក្សនយោបាយ​ណាមួយ​លើស​គណបក្ស​ចូលរួម​ប្រកួត​ចំនួន ​១៨ ​ផ្សេងទៀត​បានឡើយ​»​។​

​លោក​ គិ​ន ភា ប្រធាន​វិទ្យាស្ថាន​ទំនាក់​ទំនង​អន្តរជាតិ​នៃ​រាជបណ្ឌិត្យសភាកម្ពុជា​ថ្លែងថា គជប មាន​មូលដ្ឋាន​គ្រប់គ្រាន់​ក្នុងការ​បដិសេធ​មិន​ចុះបញ្ជី​គណបក្ស​ភ្លើងទៀន ដោយ​ផ្អែកលើ​មាត្រា​ ២៧ នៃ​ច្បាប់​ស្តីពី​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​ដែល​ពាក់ព័ន្ធ​នឹង​សេចក្តី​ចម្លង​លិខិតបញ្ជាក់​ចុះបញ្ជី​គណបក្សនយោបាយ​នៅ​ក្រសួងមហាផ្ទៃ​។

​លោក​លើកឡើងថា គណបក្ស​ភ្លើង​​ទៀន​ហាក់​មានការ​ធ្វេសប្រហែស​ព្រងើយ​កន្តើយ​ខ្ជីខ្ជា​បណ្តែតបណ្តោយ​ឱ្យ​ខក​ខាន​ពេលវេលា​។ ការចេញ​សេចក្តីថ្លែងការណ៍​ជា​បន្តបន្ទាប់​របស់​គណ​បក្ស​នេះ​សុទ្ធតែជា​សេចក្តីថ្លែងការណ៍​ដែល​មិនមាន មូលដ្ឋាន និង​ធ្វើឱ្យ​សភាពការណ៍​ពិបាក​ឈានទៅរក​ការ​ស្រោចស្រង់​បាន​។

​លោក​បាន​ថ្លែងថា​៖ «​ខ្ញុំ​គិតថា គណ​បក្ស​ភ្លើងទៀន​ហាក់ដូច​ជាមាន​ចេតនា​ធ្វើឱ្យប៉ះពាល់​ដល់​ដំណើរការ​នៃ​ការចុះបញ្ជី​គណបក្ស ហើយ​ធ្វើឱ្យ​ខូច​ដល់​ប្រយោជន៍​គណបក្ស​ខ្លួនឯង​ផ្ទាល់ ក៏ដូចជា​ធ្វើឱ្យ​ខូច​ដល់​ទឹកចិត្ត​អ្នកគាំទ្រ​គណបក្ស​ដែល​ខំប្រឹង​ធ្វើការ​ជាច្រើន​ដើម្បី​រួមចំណែក​ការបោះឆ្នោត បែរជា​ថ្នាក់​ដឹក​នាំ​គណបក្ស​គាត់​សម្រេចចិត្ត​ខុស​ធ្វើឱ្យ​ខកខាន​ឱកាស​សម្រាប់​ការចូលរួម​ប្រកួត​​ប្រជែង​ការបោះឆ្នោត​»​។

​បើតាម​លោក​ គិ​ន ភា ទោះបី​ជាមាន ឬ​គ្មាន​គណបក្ស​ភ្លើងទៀន​ក៏ដោយ ក៏​ការបោះឆ្នោត​នីតិកាល​ទី​៧ ​ដែល​គ្រោង​រៀបចំ​ធ្វើ​នៅ​ថ្ងៃទី​ ២៣ ខែកក្កដា ខាង​មុខ​នៅតែ​ប្រព្រឹត្ត​ទៅដោយ​គ្មាន​ឧ​ប​សគ្គ​អ្វី​ទាំងអស់ ហើយ​ដំណើរការ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​នៅតែ​បន្តទៅ​មុខតែ​បែប​កម្ពុជា ដែល​ឆ្លុះបញ្ចាំង និង​ស៊ីគ្នា​ទៅនឹង​ទិដ្ឋភាព​ប្រវត្តិសាស្ត្រ ទំនៀមទម្លាប់ វប្បធម៌​ប្រពៃណី ផ្នត់គំនិត អត្តសញ្ញាណ​ជាតិ ពិសេស​វប្ប​ធម៌​ន​យោ​យ​បាយ​នៃ​កម្ពុជា​៕