
សិស្ស និស្សិតក្នុងពេលចូលរួមក្នុងថ្ងៃទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈកាលពីឆ្នាំមុន។ រូបថត ក្រសួងអប់រំ
ភ្នំពេញៈ កម្ពុជានឹងរៀបចំទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈលើកទី៦ ឆ្នាំ ២០២៣ នៅពាក់កណ្តាលខែមិថុនា ខាងមុខ ដោយកំណត់យកប្រធានបទ «TVET ផ្តល់ជំនាញនិងការងារសមរម្យ» ឱ្យស្របតាមបរិបទនៃសង្គមបច្ចុប្បន្នដើម្បីធានាថា ប្រជាពលរដ្ឋម្នាក់ត្រូវមានជំនាញ ១ យ៉ាងតិចប្រចាំជីវិត។
លោក ថង សាម៉ុន អគ្គនាយករងនៃអគ្គនាយកដ្ឋានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ១៦ ឧសភាថា រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការងារ និងបណ្តុះបណ្តាលវិជា្ជជីវៈ នឹងរៀបចំទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី ៦ ឆ្នាំ ២០២៣ ក្រោមប្រធានបទ TVET ផ្តល់ជំនាញ និងការងារសមរម្យរយៈពេល ២ ថ្ងៃ នៅថ្ងៃទី ១៥ និង ១៦ ខែមិថុនា។
លោកបានឱ្យដឹងទៀតថា ទិវាជាតិនេះ នឹងធ្វើឡើងនៅអគារពិព័រណ៍ពាណិជ្ជកម្មកោះពេជ្រ រាជធានីភ្នំពេញ ក្នុងបំណងផ្សព្វផ្សាយពីសារៈសំខាន់នៃការអប់រំបណ្ដុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ដល់សិស្ស និស្សិត យុវជន មាតាបិតា អាណាព្យាបាល សាធារណជន និងសហគ្រាស គ្រឹះស្ថាន ឧស្សាហកម្ម ក្រុមហ៊ុនឯកជន អង្គការជាតិ និងអន្តរជាតិ។
លោកបានបញ្ជាក់ថា៖ «ក្រសួងនឹងរៀបចំដាក់តាំងបង្ហាញស្នាដៃសិស្សនិស្សិតអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ វិស័យឯកជន និងផ្នែកពាក់ព័ន្ធនានា។ ជាពិសេសក្នុងថ្ងៃបើកទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈលើកទី ៦ ឆ្នាំ ២០២៣ នេះ នឹងទទួលបានការអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន»។
រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកថ្ងៃទី ១៥ ខែមិថុនា ជារៀងរាល់ឆ្នាំ ជាទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈបន្ទាប់ពីទិវានេះត្រូវបានបង្កើតឡើងជាលើកដំបូង កាលពីឆ្នាំ ២០១៨ ដើម្បីផ្សព្វផ្សាយជំរុញការអភិវឌ្ឍកម្លាំងពលកម្មជំនាញប្រកបដោយគុណភាព និងប្រសិទ្ធភាពឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារទាំងក្នុង និងក្រៅប្រទេស។
សារាចរចុះហត្ថលេខាដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីខែមេសា បានឱ្យដឹងថា ដើម្បីឱ្យការរៀបចំទិវាជាតិនេះប្រព្រឹត្តទៅដោយរលូនប្រកបដោយភាពអធិកអធម រាជរដ្ឋាភិបាលណែនាំឱ្យរៀបចំផលិតជាវីដេអូ និងខ្លឹមសារឯកសារផ្សេងៗ ដោយសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលរាជធានី ខេត្ត អង្គការជាតិ អន្តរជាតិ ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជនដើម្បីផ្សព្វផ្សាយឱ្យបានទូលំទូលាយទូទាំងប្រទេស។
សារាចរដដែលនេះក៏បានណែនាំឱ្យក្រសួង ស្ថាប័នពាក់ព័ន្ធនានាត្រូវចូលរួមសហការគាំទ្រ និងផ្សព្វផ្សាយតាមគ្រប់មធ្យោបាយនានាដើម្បីអបអរសាទរទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈលើកទី ៦ ឆ្នាំ ២០២៣ តាមបណ្ដាអង្គភាពរៀងៗខ្លួន និងត្រូវចងជាពាក្យស្លោក បដានៅតាមទីសាធារណៈនៅក្នុងដែនដីរបស់ខ្លួន។
សារាចររបស់រដ្ឋាភិបាលបានបញ្ជាក់ថា៖ «រដ្ឋបាលខេត្តនីមួយៗ ត្រូវរៀបចំទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈលើកទី ៦ ឆ្នាំ ២០២៣ ដោយមានការចូលរួមពីមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ គ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជា្ជជីវៈសាធារណៈ ឯកជន និងអង្គការ សមាគមដែលស្ថិតក្នុងដែនដីរបស់ខ្លួន។ ទន្ទឹមនឹងនេះ ត្រូវមានចលនាលើកទឹកចិត្តឱ្យមានការចូលរួមពីវិស័យឯកជន ក្រុមហ៊ុន រោងចក្រ សហគ្រាស គ្រឹះស្ថានផងដែរ»។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់នៅក្នុងសារាចរនោះថា៖ «រាជរដ្ឋាភិបាលសូមអំពាវនាវដល់សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និស្សិត មាតាបិតា អាណាព្យាបាល កម្មករនិយោជិត និយោជក អង្គការមិនមែនរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ និងបងប្អូនជនរួមជាតិទាំងអស់ សូមចូលរួមនិងផ្សព្វផ្សាយទិវាជាតិនេះឱ្យបានផុលផុស ឱឡារិក អធិកអធមនៅទូទាំងប្រទេស»៕