​ភ្នំពេញៈ​​ត្រីមាស​ទី​១ ដើម​ឆ្នាំ ​២០២៣ ​នេះ ក្រសួង​មហាផ្ទៃ ​និង​អាជ្ញា​ធរ​ពាក់​ព័ន្ធ​ទទួល​បាន​សំណើ​ និង​សំណូម​ពរ​ពី​ជនរ​ងគ្រោះ​ពាក់​ព័ន្ធ​ករណី​ជួញដូរ​មនុស្ស​បាន​ចំនួន​ ១២៨​ សំណើ​ដែល​ចំនួន​នៃ​សំណើ​នេះ​មាន​ការ​ថម​ថយ​ចុះ ​៧៨ ​ភាគ​រយ បើ​ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​នៅ​ឆ្នាំ ​២០២២​។​

​សមត្ថ​កិច្ច​ពាក់​ព័ន្ធ​បាន​សហកា​រគ្នា​ធ្វើការ​យ៉ាង​សស្រាក់​សស្រាំ​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​គ្រប់​ទម្រង់​នៃ​អំពើ​ជួញ​ដូរ​មនុស្សជួ​ញដូរ​កម្លាំង​ពល​កម្ម​និង​អាជីវកម្ម​ផ្លូវភេទ​ក្នុង​ត្រីមាស​ដើម​ឆ្នាំ​នេះ​ដែល​ធ្វើ​ឱ្យ​សភាព​ការ​ណ៍មាន​ការ​ថយចុះ​។​

​នេះ​ជាការ​លើក​ឡើង​តាម​រយៈ​សេចក្តី​ប្រកាស​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក លោ​កស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ និង​ជា​ប្រធាន​គណៈ​កម្មាធិ​ការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញ​ដូរ​មនុស្ស (​គ​.ជ​.​ប​.​ជ​) នៅ​ថ្ងៃទី​១៨ ខែឧសភា ឆ្នាំ​២០២៣​។​

​លោក​បាន​ឱ្យ​ដឹង​ដែរ​ថា ការ​ថយ​ចុះ​នៃ​សំណើ​ និង​សំណូម​ពរ​ជុំវិញ​អំពើ​ជួញដូរ​មនុស្ស ដែល​នៅ​ត្រីមាស​ទី​១ នៃ​ឆ្នាំ​២០២៣​នេះ​អាជ្ញាធរ​ទទួល​សំណើ​ត្រឹម​១៣១​សំណើ​ដែល​មាន​មនុស្ស​ចំនួន​១៩៥​នាក់ (​ស្រី​៣១​នាក់​) ក្នុង​នោះ​មាន​ស្ទួន​ចំនួន​៣​សំណើ​។ ដូច​នេះ ​សំណើ​ជាក់​ស្តែង​មាន​សរុប ​១២៨​សំណើ ​បាន​ថយ​ចុះ​ចំនួន​ ៧៨ភាគ​រយ ​បើ​ធៀប​នឹង​នឹង​ឆ្នាំ​មុន​ដែល​មាន​រហូត​៦០៥​សំណើ​។​

​បើតាម​លោក ​ស ខេង ក្នុង​រយៈពេល​៣​ខែ​នេះ ខេត្ត​ដែល​មាន​សំណើ​ច្រើន​ករណី​ជាងគេ​មាន ខេត្ត​ឧ​ត្ត​រ​មាន​ជ័យ ខេត្ត​កោះ​កុង​កណ្ដាល និង​ព្រះ​សីហនុ​។​

​សមត្ថ​កិច្ច​បាន​ស្រាវ​ជ្រាវ​រកឃើញ​ចំនួន​៧៥​សំណើ ស្មើ​នឹង​មនុស្ស​ចំនួន​១៨៤​នាក់ (​ស្រី​២០​នាក់​) ៧​សញ្ជាតិ ដោយ​សមត្ថ​កិច្ច​សង្គ្រោះ​បាន​ជនរង​គ្រោះ​ចំនួន​១០​នាក់ ឃាត់​ខ្លួន​១៣​នាក់​។ ក្រៅពី​នេះ មាន​សំណើ​ចំនួន​៦៧​ទៀត ត្រូវ​បាន​រកឃើញ​ថា​គ្រាន់តែ​ជាការ​ស្នើសុំ​​កិច្ច​អន្តរា​គមន៍​ដើម្បី​បាន​លា​ឈប់​ពី​ការងារ និង​ចង់​ត្រឡប់​ទៅ​ប្រទេស​កំណើត​វិញ​។ ចំពោះ​សំណើ​ចំនួន​៣៣​ ស្មើនឹង​មនុស្ស​ចំនួន​៦៥​នាក់ ​សមត្ថ​កិច្ច​ពុំ​រកឃើញ​ក្នុង​ទីតាំង​តាម​សំណើ​សាមី​ជន​ទេ ​ខណៈ​សំណើ​ដែល​នៅ​សេស​សល់​ចំនួន​២១​ទៀត​ ស្មើនឹង​មនុស្ស​ចំនួន​១២៦​នាក់​ សមត្ថ​កិច្ច​យើង​កំពុង​ស្រាវ​ជ្រាវ​។​

​លោក​ស ខេង សង្កត់​ធ្ងន់​ថា​៖ «​ក្នុង​រយៈ​ពេល​ត្រីមាស​ទី​១ ឆ្នាំ​២០២៣​កន្លង​ទៅ​នេះ ​សមត្ថកិច្ច​ពាក់​ព័ន្ធ​បាន​សហការគ្នា​ធ្វើ​ការ​យ៉ាង​សស្រោក​សស្រាំ​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​គ្រប់​ទម្រង់​នៃ​អំពើ​ជួញ​ដូរ​មនុស្ស ជួញដូរ​កម្លាំង​ពលកម្ម និង​អាជី​វកម្ម​ផ្លូវ​ភេទ​ដែល​បាន​ធ្វើ​ឱ្យ​សភាព​ការណ៍​មាន​ការ​ថយ​ចុះ​គួ​រឱ្យកត់​សម្គាល់​»​។​

​លោក​បាន​បន្ថែម​ថា អាជ្ញាធរ​នឹង​នៅ​បន្ត​ពិនិត្យ​សំណើ​ស្នើសុំ​កិច្ច​អន្តរាគ​មន៍​ខណៈ​បាន​បិទ​ជា​បណ្តោះអា​សន្ន ដើម្បី​វាយ​តម្លៃ និង​បន្តការ​ងារ​​ស្រាវជ្រាវ ​ស្វែងរ​ក​តាម​សំណើ ឬ​​សំណូមព​រ សំដៅ​ធានា​សុវត្ថិភាព​ឱ្យ​បាន​ដាច់ខា​ត​ដល់ ​ជនប​រទេស​​ដែល​ស្នើសុំ​​អន្តរាគ​មន៍ ព្រម​ទាំង​ស្រាវជ្រា​វ ស៊ើបអ​ង្កេត​ឱ្យ​បាន​ហ្មត់​ចត់​។​

​យោង​របាយកា​រណ៍​ពី​គណៈ​បញ្ជាការ​ដឹកនាំ​ប្រតិ​បត្តិការ​នៃ​ក្រុម​ការងារ​អនុវត្ត​ន៍ច្បាប់ ដឹកនាំ​ដោយ​លោក នេ​ត សាវឿន អគ្គ​ស្នង​ការ​នគរ​បាល​ជាតិ បាន​ឱ្យដឹង​ថា ក្នុង​ចំណោម​១២៨​សំណើ​នោះ មាន​ជនប​រទេស​៣៧៥​នាក់ (​ស្រី​៣១​នាក់​) ស្មើ​១០​សញ្ជាតិ​ក្នុង​នោះ​សញ្ជាតិ​បរទេស​រួមមាន ​ចិន ថៃ បង់​ក្លា​ដែស ប៉ា​គី​ស្ថាន​ម៉ាឡេ​ស៊ី ​វៀត​ណាម ហ្វីលី​ពីន ​ឥណ្ឌា និង​ឥណ្ឌូ​នេស៊ី​។​

​ពាក់​ព័ន្ធ​នឹង​បញ្ហា​នេះ លោក​ស៊ឹង សែន​ករុណា អ្នកនាំពា​ក្យ​សមា​គម​ការពារ​សិទ្ធិម​នុស្ស​អា​ដហុក បាន​ប្រាប់ថា​ទោះបី​មាន​ការ​ថមថយ​ចុះ​នៃ​ចំនួន​ស្នើសុំ​កិច្ច​អន្ត​រាគមន៍​នេះ​ក្តី ប៉ុន្តែ​ចំនួន ១២៨​សំណើ​ក្នុង​រយៈពេល​៣​ខែ នៅតែ​ជា​ចំនួន​ច្រើន​ដដែល ​ហើយ​ដែល​អាច​កើន​ច្រើន​នៅ​ត្រី​មាស​ក្រោយៗ​។

​លោក​បន្តថា រដ្ឋាភិ​បាល​ត្រូវតែ​ផ្ទៀង​ផ្ទាត់​វិធានការ​ឱ្យ​មាន​ម៉ឺងម៉ា​ត់​បន្ថែម​ទៀត ដើម្បី​អាច​ឆ្លើយ​តប​បាន​សមស្រប​ចំពោះ​បទ​ល្មើស​ជួញ​ដូរ​មនុស្ស​នៅ​កម្ពុជា ដែល​សហ​គមន៍​អន្ត​រជាតិ​ និង​រដ្ឋាភិ​បាល​ផ្ទាល់​បាន​សម្តែង​ការ​ព្រួយបារម្ភ​។​

​លោក ស៊ឹង សែន​ករុណា ​បាន​បញ្ជាក់​ថា​៖«​យើង​ក៏បាន​ទទួល​ករណី​ជូ​ញ​ដូរ​មនុស្ស​នេះ​ច្រើន​ដែរ ក្នុង​រយៈ​ពេល​កន្លងទៅ​​នេះ ហើយ​ខាង​រដ្ឋាភិ​បាល​ក៏​បង្ហាញ​ពី​ករណី​ដែល​នៅ​បន្ត​កើត​មា​នឡើង​ផងដែរ ដែល​នេះ​សប​ញ្ជាក់​ថា ទោះបី​យើង​មាន​វិធាន​ការ​ពី​សមត្ថ​កិច្ច​បាន​មួយ​ចំនួន​ផង​ដែរ​ក៏​វិធានការ​ទាំងនោះ​ ដូចជា​មិន​ទាន់​បាន​ទប់ស្កាត់​និង​បន្ថយ​បាន​ច្រើន​នៅ​ឡើយ​ទេ​»​។​

​សូម​ជម្រាប​ថា កាលពី​ខែ​កក្កដា ឆ្នាំ​២០២២​កន្លង​ទៅ កម្ពុជា​ត្រូវ​បាន​ដាក់​ចូល​ក្នុង​បញ្ជី​ក្រហម ឬ​ចំណាត់​ថ្នាក់​កម្រិត​ទី​៣ ក្នុង​របាយ​ការណ៍​ជួញ​ដូរ​មនុស្ស​ប្រចាំ​ឆ្នាំ​២០២២ របស់​សហ​រដ្ឋ​អាមេរិក បន្ទាប់ពី​ការទប់​ស្កាត់​បទល្មើស​ជួញ​ដូរ​មនុស្ស​មិន​ទាន់​មាន​ប្រសិទ្ធ​ភាព​៕