
សិស្សានុសិស្ស កំពុងត្រងត្រាប់ស្តាប់និងកត់ត្រា លើការពន្យល់ពីដំណើរការផលិតសូត្រ។ រូបថត អាជ្ញាធរជាតិអប្សរា
សៀមរាបៈ សិស្សានុសិស្សចំនួន ១១៩ នាក់ ក្នុងនោះមានសិស្សថ្នាក់ទី៥ និងថ្នាក់ទី៦ សរុបចំនួន ៧ ថ្នាក់ ចុះទស្សនកិច្ចសិក្សានៅសារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី ដើម្បីស្វែងយល់ពីពិព័រណ៍ផលិតផលសូត្រ មកពីបណ្ដាប្រទេសនៅតាមដងទន្លេមេគង្គ រួមមាន ឥណ្ឌា កម្ពុជា ថៃ ឡាវ ភូមា និងវៀតណាម ព្រមទាំងការអនុវត្តដោយផ្ទាល់លើការងារជ្រលក់ពណ៌។
បើតាមអាជ្ញាធរជាតិអប្សរា ការចុះទស្សនកិច្ចសិក្សានេះ ធ្វើឡើងចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣ ដោយមានកិច្ចសហប្រតិបត្តិការរវាងសារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី និងសាលាហ្គោគ្លូប៊លនៃគ្រឹះស្ថាន អប់រំឯកជនក្នុងក្រុងសៀមរាប។
លោកស្រី ឡៅ ស្រីម៉ុច ប្រធានផ្នែកមធ្យមសិក្សាចំណេះទូទៅនៃសាលាហ្គោគ្លូប៊ល ត្រូវបានដកស្រង់សម្តីថា ការដឹកនាំសិស្សមកធ្វើទស្សនកិច្ចសិក្សានៅសារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី គឺចង់ឱ្យសិស្សទាំងអស់ បានសិក្សាបន្ថែមអំពីប្រវត្តិនៃសម្លៀកបំពាក់នៅតំបន់អាស៊ី ដែលស្ថិតនៅតាមទន្លេមេគង្គ មានសម្លៀកបំពាក់ប្រពៃណី ការផលិត ឧបករណ៍តម្បាញ វត្ថុធាតុដើម វិធីសាស្ត្រផលិត ដែលធ្វើឱ្យសិស្សស្វែងយល់ពីវាយនភណ្ឌ។
នាយកស្តីទីនៃសារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ីលោក សែន គឹមស៊ុន ឱ្យដឹងថា សារមន្ទីរមានសេចក្តីសោមនស្សរីករាយដែលគណៈគ្រប់គ្រង និងលោកគ្រូអ្នកគ្រូដែលយល់ដឹងចង់បង្ហាញពីការយកចិត្តទុកដាក់លើកតម្លៃលើវិស័យវាយនភណ្ឌលើប្រទេសទាំង ៦ ពិសេសប្រទេសកម្ពុជា។
លោកបន្តថា សារមន្ទីរបានផ្ដល់ជូនដល់សិស្សានុសិស្ស គឺឱ្យពួកគាត់ចូលទស្សនាតាមសាលតាំងពិព័រណ៍នីមួយៗដើម្បីឱ្យពួកគាត់បានសិក្សាស្វែងយល់អំពីភាពខុសប្លែកគ្នានៃវាយនភណ្ឌប្រទេសទាំង ៦។
បន្ថែមពីនេះ សិស្សានុសិស្សក៏អាចអនុវត្តដោយផ្ទាល់ពីការជ្រលក់ពណ៌ ដែលជាផ្នែកមួយនៅក្នុងដំណាក់កាលនៃការត្បាញវាយនភណ្ឌ ដើម្បីបានពណ៌ផ្សេងៗគ្នាតាមការចង់បានរបស់អ្នកត្បាញ៕
សិស្សានុសិស្ស កំពុងត្រងត្រាប់ស្តាប់និងកត់ត្រា លើការពន្យល់ពីដំណើរការផលិតសូត្រ។ រូបថត អាជ្ញាធរជាតិអប្សរា