
ការបោះបង្គោលការពារដីសហគមន៍ជនជាតិដើមជួយកាត់បន្ថយជម្លោះ និងបង្កើនប្រសិទ្ធភាពអនុវត្តច្បាប់
មណ្ឌលគិរីៈ សហគមន៍ជនជាតិដើមភាគតិចព្នងបានបោះបង្គោលចំនួន ១០០ ដើមតាមរយៈជំនួយពីគម្រោងរេដបូកកែវសីមា និង USAID មរតកបៃតង ដើម្បីកំណត់ព្រំដែននៃកម្មសិទ្ធិដីសមូហភាពសហគមន៍ជនជាតិដើម ដែលតែងតែមានបញ្ហាជម្លោះដីធ្លីកើតឡើង។
គិតមកដល់ពេលបច្ចុប្បន្ននេះបង្គោលចំនួន ៣០ ទៀតត្រូវបានដំឡើងនៅជុំវិញព្រំដែននៃជំរំសត្វទោចថ្ពាល់លឿង Jahoo Camp និងតំបន់អេកូទេសចរណ៍ឡែងកៅ។ បន្ទាប់ពីមានការបោះបង្គោលព្រំប្រទល់ដីសហគមន៍ជនជាតិដើមភាគតិចព្នងក៏ត្រូវបានកំណត់បានយ៉ាងច្បាស់ ដែលអនុញ្ញាតការអនុវត្តច្បាប់ក្នុងតំបន់ការពារធម្មជាតិប្រព្រឹត្តទៅបានកាន់តែល្អប្រសើរជាងមុន ដូចជាបញ្ហាប្រឈមដែលរួមមានការឈូសឆាយដី និងការកាប់ឈើជាដើម។ នេះបើយោងតាមគម្រោង USAID មរតកបៃតង។
គម្រោងនេះបានលើកឡើងថា ការចុះបញ្ជីកម្មសិទិ្ធដីសមូហភាពជួយឱ្យសហគមន៍ជនជាតិដើមភាគតិចនៅភូមិអណ្តូងក្រឡឹងទទួលបានការធានានូវកម្មសិទិ្ធដីសមូហភាពចំពោះដីប្រពៃណីពីដូនតារបស់ពួកគេ ព្រមទាំងទទួលបានសិទ្ធិក្នុងការគ្រប់គ្រង និងប្រើប្រាស់ដីប្រពៃណី និងធនធានធម្មជាតិផងដែរ។
ការចូលរួមពីសហគមន៍ក្នុងការបោះបង្គោលព្រំដែនឱ្យបានច្បាស់លាស់ គឺជាកត្តាសំខាន់មួយក្នុងការធានាសិទ្ធិរបស់ពួកគេ។
គម្រោងរេដបូកកែវសីមាក៏បានអំពាវនាវឱ្យរួមគ្នាដើម្បីការពារព្រៃឈើ ដែលជួយគាំទ្រដល់ជីវភាពរស់នៅរបស់ប្រជាសហគមន៍តាមរយៈកម្មវិធីមួយចំនួនដូចជា៖ ១. កសិកម្មនិរន្តរភាព: គម្រោងកំពុងសិក្សាពីវិធីសាស្ត្រក្នុងការបង្កើនកសិផលដោយចៀសវាងផលប៉ះពាល់ទៅលើព្រៃឈើ ២.ការបណ្ដុះបណ្ដាលជំនាញ: គម្រោងបានផ្តល់ជាវគ្គបណ្តុះបណ្តាលជំនាញថ្មីៗ ដើម្បីអាចឱ្យប្រជាសហគមន៍រកប្រាក់ចំណូលបន្ថែមក្នុងការប្រកបរបរចិញ្ចឹមជីវិត ក៏ដូចជារួមចំណែកក្នុងការការពារបរិស្ថាន និងធនធានធម្មជាតិនៅក្នុងតំបន់ និង ៣. ការគាំទ្រផ្នែកអាជីវកម្ម: អ្នកដែលមានបំណងចង់បង្កើតអាជីវកម្មក្នុងសហគមន៍ នឹងទទួលបានការគាំទ្រជាជំនួយផ្នែកបច្ចេកទេសនិងថវិកាក្នុងការចាប់ផ្ដើមអាជីវកម្ម ក្នុងន័យកាត់បន្ថយការពឹងផ្អែកទាំងស្រុងលើធនធានធម្មជាតិ។ នេះបើយោងតាមគម្រោងរេដបូកកែវសីមា៕