សៀមរាបៈ រដ្ឋបាល​ខេត្ត​សៀមរាប​នាថ្ងៃទី១៩ខែឧសភា​នេះ​បាន​ប្រារព្ឋ​ទិវា​ជាតិ​នៃ​ការចងចាំ ២០ ឧសភា​នៅវត្ត​ពោធិវង្ស ក្នុង​សង្កាត់​គោកចក​ក្រុង​សៀមរាប ដើម្បី​រំឭក​វិញ្ញាណក្ខន្ធ​តាម​ប្រពៃណី​ព្រះពុទ្ធសាសនា ដោយមាន​ពិធី​រាប់បាត្រ​ឧទ្ធិសកុសល​ជូន​អ្នក​បាត់បង់​ជីវិតក្នុង​របប​ប៉ុល ពត។

ការប្រារព្ធ​នេះ​ត្រូវបាន​ធ្វើ​ឡើង ដើម្បី​រក្សា​ប្រពៃណី នៃការចងចាំ​នូវ​មហា​ឧក្រិដ្ឋកម្ម និងដើម្បី​ឧទ្ទិសកុសល​ដល់​វិញ្ញាណក្ខន្ធ​ប្រជាជន​កម្ពុជា​រាប់​លាន​នាក់ ដែលបាន​បាត់បង់​អាយុជីវិត​យ៉ាងអាណោច​អាធម្ម និង​អយុត្តិធម៌​ជាទីបំផុត ដោយ​នយោបាយ​ប្រល័យ​ពូជសាសន៍ នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ ប៉ុល ពត។ នេះបើយោង​តាម​សេចក្តី​ប្រកាស​របស់​រដ្ឋបាល​ខេត្ត។

ក្នុងឱកាស​នោះ​ដែរ លោក អ៊ាន ឃុន ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​បាន​រំឭក​ពីប្រវត្តិ​អតីតកាល​ដ៏សែន​ជូរចត់​ក្នុង​របប​ខ្មែរ​ក្រហម។ ក្នុងរយៈពេល​ជិត ៤ ឆ្នាំ​នៃរបប​នេះ​ ប្រជាជន​កម្ពុជាទាំងមូល​បានរស់នៅ​ក្នុង​គុក​ឥត​ជញ្ជាំង​ដ៏ជូរចត់ ទទួល​រង​នូវ​ទុក្ខ​ទារុណកម្ម​គ្រប់បែប​យ៉ាង សោកនាដកម្ម​ដ៏ធំធេង​បំផុត​សម្រាប់​មនុស្ស​ជាតិ និង សង្គមជាតិ​ទាំងមូល​តាមរយៈ​ការបាត់បង់​នូវការ​កសាង​ជាតិ ការរស់នៅ​ដូច​សត្វធាតុ ការនិរាស​ព្រាត់ប្រាស់​គ្រួសារ សាច់សារ​លោហិត​គួរ​ឱ្យ​សោកសង្រែង។ ជាពិសេស​ការកាប់​សម្លាប់​ជីវិត​ជាតិ​សាសន៍​ឯងយ៉ាងព្រៃផ្សៃ​អស់​ជាង​បី​លាន​នាក់។

ក្រោយពី​បានឃើញ​នូវ​របប​ដឹកនាំ​ផ្តាច់ការ​ប្រល័យ​ពូជសាសន៍​ប៉ុល ពត​នេះ នៅថ្ងៃ​ទី២ ខែធ្នូ ឆ្នាំ១៩៧៨ រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​ត្រូវ​បានបង្កើត​ឡើង ក្រោម​ការដឹកនាំ​របស់​លោកជា ស៊ីម លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន និងលោក ហេង សំរិន ជាប្រមុខ​បាន​ប្រមូល​ផ្តុំកម្លាំង​អ្នកស្នេហា​ជាតិ​ចូលរួម​យ៉ាងច្រើន​កុះករ ក្រោកឈរ​តស៊ូ​ផ្តួល​រំលំ​របប​កម្ពុជា​ប្រជាធិបតេយ្យ​ប្រល័យ​ពូជ​សាសន៍​រហូត​ទទួលបាន​ជ័យជម្នះ​យ៉ាងត្រចះ​ត្រចង់​នាថ្ងៃ​ទី៧ ខែមករា ឆ្នាំ១៩៧៩។ ជ័យជម្នះ ពិតជា​បាន​សង្គ្រោះ​ជាតិ​មាតុភូមិ និង​ប្រជាជន​កម្ពុជា ឱ្យ​រស់រាន​មានជីវិត​ឡើងវិញ និង បង្ក​លក្ខណសម្បត្តិ​ឱ្យ​ពលរដ្ឋ​ទាំងអស់គ្នា​បាន​ចាប់ផ្តើម​ជាថ្មី​នូវ​ការកសាង​ប្រវត្តិសាស្រ្ត​របស់​ខ្លួន​ចាប់​តាំងពី​បាត​ដៃទទេ។ នេះបើយោងតាម​មន្ទីរព័ត៌មាន​ខេត្តសៀមរាប៕