ភ្នំពេញៈ អគ្គ​លេខាធិការដ្ឋាន​ព្រឹទ្ធ​សភា​សហការ​ជាមួយ​ក្រសួង​មុខងារ​សាធារណៈ​បានរៀបចំ​កម្ម​វិធី​បាឋកថា ស្តីពី​ភាពជា​អ្នកដឹកនាំ នវានុវត្តន៍ និងគុណាធិបតេយ្យ​ក្នុង​រដ្ឋបាលសាធារណៈ​សម្រាប់​ពង្រឹង​សមត្ថភាព​មន្រ្តី​រាជការ នៃ​អគ្គ​លេខាធិការដ្ឋាន​ព្រឹទ្ធសភា ចាប់ពីអនុប្រធាន​ការិយាល័យ​ឡើង​នាថ្ងៃ​ទី១៨ ខែឧសភា​នេះ។

កម្មវិធី​បាឋកថា​នេះ​បាន​ប្រព្រឹត្ត​ទៅ​ក្រោម​អធិបតីភា​ពលោក អ៊ុ សារឹទ្ធ អគ្គ​លេខាធិការព្រឹទ្ធ​សភា និងលោក ព្រុំ សុខា រដ្ឋមន្រ្តី​ក្រសួង​មុខងារ​សាធារណៈ និងជាប្រធាន​គណៈ​កម្មាធិការ​កែទម្រង់​រដ្ឋបាល​សាធារណៈ នៅសាល​សិក្ខាសាលា​បណ្ណាល័យ​ព្រឹទ្ធសភា។ នេះ​បើយោងតាម​ព្រឹទ្ធ​សភា​កម្ពុជា។

លោក ព្រុំ សុខា​បានធ្វើ​បាឋកថា​ជូន​អង្គពិធី។ ក្នុងនោះ​បាន​ផ្តោត​សំខាន់​លើ៖១. ភាពជា​អ្នកដឹកនាំ និងនវានុវត្តន៍ ដែលរួម​មាន តើអ្វី​ទៅ​ភាពជា​អ្នកដឹកនាំ? អំណាច និង​ឥទ្ធិពល និងការដឹកនាំ​របៀប​ជាវីរជន ការដឹកនាំ​របៀប​មិនតាំង​ខ្លួន​ជាវីរជន និង​ហេតុអ្វី​បានជា​ការដឹកនាំចាំបាច់​ត្រូវមាន​នវានុវត្តន៍? ២.គុណាធិបតេយ្យ ៣.កំណែ​ទម្រង់​រដ្ឋបាល​សាធារណៈ ដែលរួមមាន៖ គំរូ​រដ្ឋបាល​ប្រពៃណី និងគំរូ​រដ្ឋបាល​ថ្មី កសាង​វប្បធម៌​កែទម្រង់ ការបង្កើត និងការទទួល​ស្គាល់​តម្លៃ​សាធារណៈ និង៤.តួនាទី​របស់​រដ្ឋាភិបាល ដូចជា៖ កំណែ​ទម្រង់​រដ្ឋបាលសាធារណៈផ្លាស់ប្តូរ​តួនាទី​របស់​រដ្ឋាភិបាល ការវិវត្ត​នៃ​សម័យកាល​បដិវត្តន៍​ឧស្សាហកម្ម និង​រដ្ឋាភិបាល​ឌីជីថល៕