
លោករដ្ឋមន្ត្រីកសិកម្ម ឌិត ទីណា ដឹកនាំកិច្ចប្រជុំ កាលពីថ្ងៃទី ១៧ ខែឧសភា ឆ្នាំ ២០២៣។ រូប ក្រសួងកសិកម្ម
ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ឌិត ទីណា បានធ្វើការណែនាំ និងជំរុញទៅកាន់ក្រុមការងារតាមអនុវិស័យរបស់ក្រសួងកសិកម្ម ឱ្យយកចិត្តទុកដាក់ធ្វើការងារតាមជំនាញបច្ចេកទេសឱ្យបានត្រឹមត្រូវ និងត្រូវផ្តល់សេវាសាធារណៈឱ្យមានប្រសិទ្ធភាពនៅក្នុងវិស័យកសិកម្ម។
ការជំរុញនេះ ត្រូវបានធ្វើឡើងនៅក្នុងកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងសេចក្តីណែនាំ អន្តរក្រសួងស្តីពីការអនុវត្តមុខងារផ្តល់សេវារដ្ឋបាលក្នុងវិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅរដ្ឋបាលក្រុង ស្រុក ខណ្ឌ កាលពីថ្ងៃទី ១៧ ខែឧសភា ឆ្នាំ ២០២៣។
នៅក្នុងកិច្ចប្រជុំនោះ លោក ឌិត ទីណា បានធ្វើការណែនាំដល់ក្រុមការងារ តាមអនុវិស័យត្រូវយកចិត្តទុកដាក់ ធ្វើការងារតាមជំនាញ បច្ចេកទេសឱ្យបានត្រឹមត្រូវ និងត្រូវផ្តល់សេវាសាធារណៈឱ្យមានប្រសិទ្ធភាព ដើម្បីជួយសម្រាលបន្ទុក និងសម្រួលដល់ប្រជាពលរដ្ឋឱ្យកាន់តែមានភាពងាយស្រួលក្នុងការប្រកបរបរអាជីវកម្ម និងបង្កើនប្រាក់ចំណេញ សំដៅជំរុញការអភិវឌ្ឍវិស័យកសិកម្មឱ្យកាន់តែរីកចម្រើនថែមទៀត។
លើសពីនេះលោករដ្ឋមន្ត្រី ក៏បានជំរុញឱ្យក្រុមការងារពាក់ព័ន្ធ ក៏ត្រូវផ្តោតលើសុខភាពប្រជាពលរដ្ឋ សុវត្ថិភាពសង្គម និងនិរន្តរភាពបរិស្ថាន ខណៈក្រុមការងារក៏ត្រូវតែគិតគូរលើការអភិវឌ្ឍធនធានមនុស្ស និងសហការគ្នាល្អ ដោយតម្កល់ផលប្រយោជន៍ជាតិជាធំដែរ។
ពាក់ព័ន្ធនឹងរឿងនេះដែរ លោក ប៉ាត សុវណ្ណ មន្ត្រីបច្ចេកទេសកសិកម្មរបស់អង្គការ GRET បានលើកឡើងថា ក្រៅពីជំរុញការយកចិត្តទុកដាក់ធ្វើការងារតាមជំនាញ និងបច្ចេកទេសឱ្យបានត្រឹមត្រូវហើយនោះ លោកយល់ថា ដើម្បីអភិវឌ្ឍវិស័យកសិកម្មកម្ពុជាឱ្យកាន់តែរីកចម្រើនថែមមួយកម្រិតទៀត គឺត្រូវគិតលើការសាងសង់ប្រព័ន្ធធារាសាស្ត្រឱ្យបានគ្រប់គ្រាន់សម្រាប់សម្រួលដល់ការដាំដុះរបស់ប្រជាកសិករ។
ទន្ទឹមគ្នានេះ លោកក៏ជំរុញឱ្យមានការគិតគូរដល់ប្រជាកសិករ ទៅលើការសម្រួលឱ្យកសិករទទួលបានដើមទុន ក្នុងអត្រាការប្រាក់ទាបតាមរយៈគោលនយោបាយណាមួយឬតាមរយៈធនាគារ ដើម្បីលើកទឹកចិត្តដល់ប្រជាកសិករ ឱ្យមានលទ្ធភាពពង្រីកការដាំដុះ ខណៈលោកថា ការសម្របសម្រួលលើទីផ្សារផលិតផលកសិកម្មរបស់ប្រជាកសិករក៏ជារឿងចាំបាច់ផងដែរ។
លោក ប៉ាត់ សុវណ្ណ បន្តថា៖ «ជារួមមក ការគិតគូរលើបញ្ហាទឹក ទុន ទីផ្សារ និងជួយអភិវឌ្ឍចំណេះជំនាញកសិករ ពីរបៀបដាំដុះ ការផលិតថ្នាំពុលធម្មជាតិ ជីកំប៉ុស ការថែទាំដំណាំដោយខ្លួនឯង ពោលគឺកាត់បន្ថយចំណាយថ្លៃដើមផលិតរបស់គាត់បានច្រើន គឺជារឿងសំខាន់ដើម្បីជាគន្លឹះជួយអភិវឌ្ឍ វិស័យកសិកម្មកម្ពុជាឱ្យបានកាន់តែប្រសើរឡើង»។
សូមរំឭកផងដែរថា នៅក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតជយលាភី នៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម,វិទ្យាស្ថានជាតិកសិកម្មព្រែកលៀប និងវិទ្យាស្ថានជាតិកសិកម្មកំពង់ចាម កាលពីថ្ងៃទី ១៥ ខែឧសភា ឆ្នាំ ២០២៣ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងថា វិស័យកសិកម្មមិនមែនគ្រាន់តែជាការដកស្ទូង ច្រូតស្រូវ ដាំពោត ដាំថ្នាំជក់ប៉ុណ្ណោះទេ ពោលគឺវិស័យកសិកម្មមានវិសាលភាពធំធេងខ្លាំងណាស់ ដែលគ្របដណ្ដប់លើវិស័យផ្សេងៗជាច្រើន ហើយក៏ជាផ្នែកមួយក្នុងការចូលរួមជំរុញសេដ្ឋកិច្ចជាតិ និងវិស័យសន្ដិសុខស្បៀងផងដែរ។
លោកថ្លែងទៀតថា ការអភិវឌ្ឍវិស័យកសិកម្ម គឺជាការចូលរួមសហការពីគ្រប់មជ្ឈដ្ឋានទាំងអស់ មិនមែនពឹងផ្អែកតែលើក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តែមួយនោះទេ។ ទន្ទឹមគ្នានេះ លោកក៏បានជំរុញឱ្យស្ថាប័នពាក់ព័ន្ធ ត្រូវខិតខំដោះស្រាយ ប្រព័ន្ធទឹក ទីផ្សារកសិកម្ម ការកែច្នៃផលិតផលកសិកម្ម ការជ្រើសរើសពូជថ្មី និងការផ្តល់បច្ចេកទេសថ្មីៗដល់ប្រជាកសិករឱ្យបានគ្រប់គ្រាន់ ដើម្បីបង្កើនការដាំដុះផលដំណាំកសិកម្មនៅកម្ពុជា។
លោក ហ៊ុន សែន បញ្ជាក់ថា៖ «ដើម្បីដោះស្រាយបញ្ហាកសិកម្មឱ្យទទួលផលកាន់តែច្រើន ចំណុចសំខាន់ គឺការដោះស្រាយបញ្ហាប្រភពទឹកជូនប្រជាកសិករ និងបណ្ដុះបណ្ដាលជំនាញបច្ចេកទេសបន្ថែម ដើម្បីពង្រីកការដាំដុះពីផ្ទៃដី ១ ហិកតា អាចចិញ្ចឹមមនុស្សបាន ១០ នាក់ឈានទៅអាចដី ១ ហិកតា អាចទៅចិញ្ចឹមមនុស្សបាន ២០ នាក់ ឬអាចលើសពីនេះ»៕