ភ្នំពេញៈ ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេស​ជប៉ុន​លើក​ទឹកចិត្ត​ដល់​ក្រុមហ៊ុន​ជប៉ុន​ដែលមាន​តម្រូវការកម្លាំង​ពលកម្ម​ជនបរទេស​ធ្វើការ​ជ្រើសរើស​កម្មសិក្សា​ការី និងពលករ​ជំនាញ​ខ្មែរ​ឱ្យកាន់តែ​ច្រើន ដោយ​បញ្ជាក់​ថា កម្ពុជា​ជាប្រទេស​ដែលមាន​កម្លាំង​ពលកម្ម​វ័យក្មេង​នៅ​ក្នុងចំណោម​បណ្តា​ប្រទេស​អាស៊ាន។

ការជំរុញ​លើក​ទឹកចិត្ត​នេះ​ធ្វើឡើង​ក្នុង​ពិធី​សំណេះសំណាល នាថ្ងៃ​ទី១៨-១៩ ខែ​ឧសភា រវាង​លោក ទុយ រី ឯកអគ្គ​រាជទូត​កម្ពុជាប្រចាំ​ប្រទេសជប៉ុន និង​មន្ត្រី​ស្ថានទូត ជាមួយ​លោក Hachiro Nitta អភិបាល​ខេត្ត​តូយ៉ាម៉ា និងលោក Hirohisa Fujii អភិបាល​ក្រុង​តូយ៉ាម៉ា ប្រទេស​ជប៉ុន ដើម្បី​ពង្រឹង​កិច្ចសហ​ប្រតិបត្តិការ​រវាង​ខេត្ត​តូយ៉ាម៉ា និងស្ថានទូត​ឱ្យ​កាន់តែ​រលូន។

ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេស​ជប៉ុន​បញ្ជាក់​ក្នុង​ហ្វេសប៊ុក​នាថ្ងៃទី២០ ខែឧសភា ថា៖ «ឯកឧត្តម ទុយ រី ឯកអគ្គ​រាជទូត​កម្ពុជា បានស្នើ​សុំ​ជំរុញ និងលើក​ទឹកចិត្ត​ដល់​ក្រុមហ៊ុន​ជប៉ុន​ឱ្យសិក្សា​ពីការវិនិយោគ​នៅ​កម្ពុជា ការលើក​ទឹកចិត្ត​ដល់​បណ្តាក្រុមហ៊ុន​ជប៉ុន​ដែលមាន​តម្រូវការ​កម្លាំង​ពលកម្មជន​បរទេស​ធ្វើការ​ជ្រើសរើស​កម្មសិក្សា​ការី និងពលករ​ជំនាញ​ខ្មែរឱ្យ​កាន់តែ​ច្រើន ក្នុងខណៈ​ដែលប្រទេស​កម្ពុជា​ជាប្រទេស​ដែលមាន​កម្លាំង​ពលកម្ម​វ័យក្មេងនៅ​ក្នុងចំណោម​បណ្តា​ប្រទេស​អាស៊ាន»។

លោកក៏បាន​ស្នើ​ដល់​លោក Hachiro Nitta និងអាជ្ញាធរ​ពាក់ព័ន្ធ​ផ្តល់​សេវា​គាំពារ​ដល់​កម្មសិក្សា​ការី និងពលករ​ជំនាញ​ខ្មែរ​នៅក្នុង​ខេត្ត​នេះ ដែលបច្ចុប្បន្ន​មាន​ប្រមាណ ២០០ នាក់។

លោក ទុយ រី ក៏បាន​ចូលរួម​កម្មវិធី​គម្រប់​ខួប​លើក​ទី៤០ នៃការបង្កើត​សមាគម​មិត្តភាព តូយ៉ាម៉ា-កម្ពុជា នៅខេត្ត​តូយ៉ាម៉ា ជាមួយ​ថ្នាក់​ដឹកនាំ និងសមាជិក​សមាគម​នេះ។

ហ្វេសប៊ុក​ដដែល​បន្ត​ថា សមាគម​នេះបានចូលរួម​អភិវឌ្ឈន៍​ធនធាន​មនុស្ស​នៅ​កម្ពុជា និងវប្បធម៌ខ្មែរ​ដល់​ប្រទេស​ជប៉ុន ក៏ប៉ុន្តែ​បានផ្អាក​សកម្មភាព​របស់​ខ្លួន​មួយរយៈ​ដោយសារ​ការរីករាលដាល​នៃជំងឺ​ឆ្លង​កូវីដ១៩។

លោក ទុយ រី បានថ្លែង​អំណរគុណ​ដល់​សមាគម​នេះ​ដែលបាន​ចំណាយ​កម្លាំង ពេលវេលា និង​ថវិកា​នៅក្នុង​សកម្មភាព​មនុស្សធម៌​នៅ​កម្ពុជា និងស្នើ​ឱ្យ​សមាគម​នេះពង្រីក​វិសាលភាពនៅតាម​ខេត្ត ក្រុង ដែល​មិនទាន់​មានគម្រោង​ពីមុន​មក។

ហ្វេសប៊ុក​ដដែល​បន្ត​ថា៖ «ឆ្លៀតក្នុង​ឱកាស​នេះ ឯកឧត្តម [លោក ទុយ រី] បាន​ជួបសំណេះសំណាល​ជាមួយ​ថ្នាក់​ដឹកនាំ​ក្រុមហ៊ុន​ជប៉ុន​ក្នុងគោលបំណង​លើក​ទឹកចិត្ត និងពន្យល់​ពីគោលនយោបាយ​គាំពារ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា​ដល់​វិនិយោគិន​បរទេស និងច្បាប់​វិនិយោគ​ថ្មី​របស់​កម្ពុជា ព្រមជាមួយនឹង​ការស្នើ​សុំ​ជ្រើសរើស​កម្លាំង [ពលកម្ម] ខ្មែរ​មកធ្វើការ​នៅតាម​រោងចក្រ​សហគ្រាស​របស់​ខ្លួន»។

លោក ទុយ រី ក៏បានចុះ​ជួប​សំណេះសំណាល​ជាមួយ​កម្មសិក្សា​ការី​ខ្មែរ​ដែលធ្វើការ​នៅរោងចក្រ​ផលិត​សម្ភារ​ប្លាស្ទិក​របស់​ក្រុមហ៊ុន Hanshin Group Co., Ltd និង​ស្នើ​សុំ​ដល់​ថ្នាក់ដឹកនាំ​ក្រុមហ៊ុន​នេះ​ផ្តល់​ការយកចិត្ត​ទុកដាក់​ដល់​កម្មសិក្សា​ការី​ខ្មែរ​ប្រកបដោយ​ក្តី​ស្រឡាញ់ និង​អធ្យាស្រ័យ។

បើតាមហ្វេសប៊ុក​ដដែល បច្ចុប្បន្ន ក្រុមហ៊ុន​នេះ​មាន​កម្មសិក្សា​ការី​ខ្មែរ​ចំនួន ៧០ នាក់ ធ្វើការ​នៅតាម​សាខា​រោងចក្រ​របស់​ខ្លួន និងបន្ត​ជ្រើសរើស​បន្ថែម​នាពេល​ខាងមុខ៕