
កំពង់ស្ពឺ/កំពង់ឆ្នាំងៈ លោក ចាន់ ស៊ីណាត រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយមនាថ្ងៃទី ១៩ ខែឧសភានេះ បានដឹកនាំគណៈប្រតិភូពីធនាគារវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធនៅអាស៊ី (AIIB) មូលនិធិអន្តរជាតិសម្រាប់កិច្ចអភិវឌ្ឍន៍វិស័យកសិកម្ម (IFAD) មូលនិធិបៃតង (GCF) និងអង្គការសហប្រជាជាតិ (UN-FAO) ចុះធ្វើការត្រួតពិនិត្យលើគម្រោងប្រព័ន្ធធារាសាស្ត្រខ្នាតធំមួយចំនួនក្នុងខេត្តកំពង់ស្ពឺ និងកំពង់ឆ្នាំង។
គម្រោងទាំងនោះរួមមាន៖ អនុគម្រោងប្រព័ន្ធធារាសាស្ត្រខ្នាតធំក្រាំងពន្លៃស្ថិតក្នុងភូមិសាស្ត្រអាងទឹកអន្លង់ជ្រៃ និងអាងទឹកប្រាំបីមុំ ក្នុងស្រុកថ្ពង ខេត្តកំពង់ស្ពឺ និងស្ថិតក្នុងឃុំអមលាំង និងក្រពើទ្រម ក្នុងស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។ គម្រោងទាំងអស់នេះ សុទ្ធតែជាអនុគម្រោងរបស់គម្រោងCAISAR នៃដៃគូអភិវឌ្ឍន៍ ដែលមានសហហិរញ្ញប្បទានពីម្ចាស់ជំនួយIFAD, GCF និងUN-FAO។
យោងតាមក្រសួងធនធានទឹកបានឱ្យដឹងថា ក្រោយពេលធ្វើទំនើបកម្មវិស្វកម្មលើគម្រោងប្រព័ន្ធធារាសាស្ត្រក្រាំងពន្លៃរួច ប្រព័ន្ធនេះមានសក្តានុពលដ៏ធំក្នុងការធានានូវសន្តិសុខទឹកលើគ្រប់វិស័យទាំងអស់ សម្រាប់ខេត្តកំពង់ឆ្នាំង ខេត្តកំពង់ស្ពឺ ខេត្តកណ្តាល និងបម្រើឱ្យតម្រូវការដ៏ធំជាអតិបរមាសម្រាប់រាជធានីភ្នំពេញ។
ម្យ៉ាងទៀត សារប្រយោជន៍ជាសារវ័ន្តរបស់ប្រព័ន្ធនេះ គឺមានមុខងារដ៏សំខាន់ក្នុងការរំដោះទឹកជំនន់ បញ្ចៀសនូវការជន់លិចផ្លូវជាតិលេខ៥ ទម្លាក់ចូលទៅក្នុងបឹងទន្លេសាប បានលឿនទាន់សភាពការណ៍ បង្កើតឱ្យមានតំបន់បរិស្ថានបៃតងជាប្រចាំតាមទិសដៅយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលក្នុងតំបន់វិហារលួង តំបន់កំពង់លួង និងតំបន់លង្វែក បង្កើនឱ្យបានច្រើននូវវិស័យអេកូទេសចរ ដើម្បីបំពេញបន្ថែមឱ្យជីវភាពរស់នៅប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋជាច្រើនគ្រួសារ៕