កំពង់ស្ពឺៈ ត្រី​នៅក្នុង​ស្ទឹង​ព្រែក​ត្នោត​ក្នុង​ខេត្តកំពង់ស្ពឺ​ បាន​ងាប់​នៅ​ព្រឹក​ថ្ងៃទី​ ១៩ ខែឧសភា​នេះ ប៉ុន្តែ​អាជ្ញាធរ និង​មន្ត្រី​ជំនាញ​នៅ​មិនទាន់បាន​បញ្ជាក់​ពី​មូលហេតុ​នៃ​ការពុល​នៅឡើយ​ទេ​។ នេះ​បើ​យោងតាម​មន្ទីរ​ព័ត៌មាន​ខេត្តកំពង់ស្ពឺ​។

​ក្រោយពី​មាន​ហេតុការណ៍​ត្រី​ងាប់​នេះ មាន​ប្រជាពលរដ្ឋ​មួយចំនួន​បាន​ទៅ​នេសាទ​ត្រី​ក្នុង​ស្ទឹង​នេះ​។ ពលរដ្ឋ​ជាច្រើន​នាក់ ខ្លះ​កាន់​សំណាញ់ ខ្លះ​កាន់​ស្នរ និង​ខ្លះ​កាន់​កញ្ច្រែង ដើម្បី​ចាប់​ត្រី ហើយ​ពួកគាត់​បានឱ្យដឹងថា ពួកគាត់​បាននាំគ្នា​មក​ចាប់​ត្រី ព្រោះ​ត្រី​ក្នុង​ស្ទឹង​បាន​ពុល​ទឹក​។ នេះ​ជា​ឆ្នាំ​ទី​២​ហើយ​ដែល​ត្រី​ក្នុង​ស្ទឹង​នេះ​បាន​ពុល​។ ប្រជាពលរដ្ឋ​ជា​អ្នកនេសាទ​ចាប់បាន​យ៉ាងច្រើន​ក្នុង​ម្នាក់ៗ​។​

​មន្ទីរ​ព័ត៌មាន​ខេត្តកំពង់ស្ពឺ​បាន​បញ្ជាក់ថា មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​កំពុង​ចុះទៅពិនិត្យ​សិក្សា​ស្រាវជ្រាវ​ពី​ករណីនេះ​ហើយ​ដែរ​៕