​បាត់ដំបងៈ រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ លោក ស ខេង អំពាវនាវ​ឱ្យ​គ្រប់ភាគី​ពាក់ព័ន្ធ​បន្ត​ការពារ និង​ថែរក្សា​សុខសន្តិភាព ខណៈ​លោក​លើកឡើងថា នៅ​កម្ពុ​ជាមាន​ក្រុមប្រឆាំង​ជ្រុលនិយម និង​មជ្ឈដ្ឋាន​អគតិ​មួយចំនួន នៅតែ​បន្ត​រិះរក​គ្រប់​វិធី​ប៉ុនប៉ង​បង្កឱ្យមាន​ភាពចលាចល​វឹកវរ​ក្នុងសង្គម ដើម្បី​ចង់​ផ្តួលរំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់​។​

​នៅក្នុង​ពិធី​សំណេះសំណាល​ជាមួយ​មន្ត្រីរាជការ កងកម្លាំង​ប្រដាប់អាវុធ និវត្តន៍​ជន និង​អតីតយុទ្ធជន ក្នុងស្រុក​រតន​មណ្ឌល ខេត្តបាត់ដំបង កាលពី​ថ្ងៃទី​ ២០ ខែឧសភា លោក ស​ ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្តបាត់ដំបង និង​ខេត្តព្រៃវែង​មានប្រសាសន៍ថា អង្គពិធី​ទាំងមូល​ពិតជា​បាន​តាមដាន​នូវ​ដំណើរ​ការវិវឌ្ឍ​ប្រែ​ប្រួល​នៃ​សង្គមជាតិ ការប្រែប្រួល​ដ៏​ស្មុគស្មាញ​នៃ​ស្ថានការណ៍​តំបន់ និង​ពិភពលោក ជាពិសេស​ផលវិបាក​បង្កឡើង​ដោយ​សង្គ្រាម និង​ការប្រកួតប្រជែង​ភូមិសាស្ត្រ​នយោបាយ​។

​លោក​បាន​គូសបញ្ជាក់ថា​៖ «​ទន្ទឹមនឹង​ការវិវឌ្ឍ​ប្រែប្រួល​ស្មុគ​ស្មាញ​នៃ​សភាពការណ៍​តំបន់ និង​អន្តរជាតិ​នោះ នៅ​កម្ពុជា​ក្រុមប្រឆាំង​ជ្រុលនិយម និង​មជ្ឈដ្ឋាន​អគតិ​មួយចំនួន​នៅតែ​បន្ត​រិះរក​គ្រប់​វិធី​ប៉ុនប៉ង​បង្កឱ្យមាន ភាពចលាចល​វឹកវរ​ក្នុងសង្គម​ដើម្បី​ឈានទៅ​ផ្ដួលរំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់ ដែល​កើតចេញពី​ការបោះឆ្នោត និង​ប្រើប្រាស់​គ្រប់​ល្បិចកល​ដើម្បី​រារាំង​ដល់​ដំណើរការ​នៃ​ការ​អភិ​វ​ឌ្ឍ​សង្គមជាតិ​»​។ នេះ​បើតាម​ការ​បង្ហោះ​នៅលើ​ផេ​ក​ហ្វេ​ស​ប៊ុ​កលោក ស ខេង​។

​យ៉ាងណាក៏ដោយ​លោ​ក ស ​ខេង មិនបាន​បញ្ជាក់​លម្អិត​ថា​តើ​ក្រុម​ជ្រុលនិយម ឬ​ក្រុម​អគតិ​ដែល​ប៉ុនប៉ង​បង្កឱ្យមាន​ភាព​ចលាចល​សង្គម​នោះ​ជា​នរណា​នោះទេ​។ ទោះបីជា​បែបនេះ​ក្តី​លោក ស ខេង បញ្ជាក់​ជាថ្មី​ថា លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​បាន​ដាក់ចេញ​នូវ​គោ​លន​យោ​​បាយ និង​វិធានការ​នានា​ដោយមាន​ការគាំទ្រ និង​ការចូលរួម​យ៉ាងសកម្ម​ពី មន្ត្រីរាជការ កង​កម្លាំង​មាន​សមត្ថកិច្ច អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់ និង​ប្រជាពលរដ្ឋ​ទូទាំងប្រទេស ក្នុងនោះ​រួមទាំង​ក្នុងស្រុក​រតនមណ្ឌល​ផងដែរ​។​

​ទន្ទឹមនេះ លោក ស ខេង បាន​ថ្លែងអំណរគុណ ចំពោះ​អតីតយុទ្ធជន និង​និវត្តន៍​ជន​ទាំងអស់ ក្នុងស្រុក​រតនមណ្ឌល ដែល​បាន​តស៊ូ លះបង់ ធ្វើ​ពលិកម្ម​យ៉ាង​លំបាកលំបិន នាំមក​នូវ​សន្តិភាព ស្ថិរភាព សន្តិសុខ សណ្ដាប់ធ្នាប់​សាធារណៈ និង​វឌ្ឍនភាព​សង្គម​ដូច​សព្វថ្ងៃនេះ​។

លោក​ក៏បាន​វាយតម្លៃ​ខ្ពស់​ចំពោះ មន្ត្រី​រាជ​ការ កងកម្លាំង​មាន​សមត្ថកិច្ច និង​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់ ក្នុងស្រុក​រតនមណ្ឌល ដែល​បាន​ខិតខំ​បំពេញការងារ​តាម​តួនាទី និង​ភារកិច្ច​របស់ខ្លួន​ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ ធ្វើឱ្យ​ស្រុក​រតនមណ្ឌល មានការ​អភិ​វ​ឌ្ឍ​រីកចម្រើន​លើ​គ្រប់​វិស័យ និង​រួមចំណែក​ឱ្យសម្រេចបាន​ជោគ​ជ័យ​នូវ​កម្មវិធី​នយោបាយ​របស់​រាជរដ្ឋាភិបាល​។​

​លោក​ យង់ ពៅ អគ្គលេខា​ធិ​ការ​នៃ​រាជបណ្ឌិត្យសភាកម្ពុជា មានប្រសាសន៍ថា ជា​ការពិត​ប្រជាពលរដ្ឋ​កម្ពុជា នៅ​មូលដ្ឋាន​និង​ទីប្រជុំជន​ក្តី ជារួម​ការទទួល​ព័ត៌មាន​អាច​មិនទាន់​ចេះ​ផ្ទៀង​ផ្ទាត់​គ្រប់​ជ្រុងជ្រោយ​គ្រប់គ្នា​នោះទេ ដូច្នេះ​ព័ត៌មាន​ដែល​ទទួល​បានមក​មិនបាន​ផ្ទៀងផ្ទាត់​គ្រប់​ជ្រុងជ្រោយ​អាច​នឹង​ងាយ​ជឿ​ទៅលើ​អ្នកនយោបាយ​ឃោសនា​បែប​អវិជ្ជមាន ខណៈពេលដែល​កម្ពុជា​ជិត​បោះឆ្នោត​ផង​។​

​លោក​បន្តថា ដូច្នេះ​ការ​អំពាវ​នាវ​ឱ្យ​កងកម្លាំង​បន្ត​ថែរក្សា​ធា​នា​សណ្តាប់ធ្នាប់​សន្តិសុខ​សង្គម​នាពេលនេះ​គឺជា​ការចាំបាច់​ណាស់ ពីព្រោះ​កាលណា​ប្រជាពលរដ្ឋ​ជឿ​លើ​ព័ត៌មាន​ខុស​ឬ​វិភាគ​ខុស​ហើយ​យកទៅអនុវត្ត​នាំឱ្យមាន​បញ្ហា​ដល់​សង្គម​។​

​លោក​ថា​៖ «​យើង​ដឹង​ហើយ រាជរដ្ឋាភិបាល​ទើបតែ​ធ្វើ​ពិធី​រំឭក​ទិវា​ជាតិ​នៃ​ការចងចាំ ២០ ​ឧសភា នេះ​ជា​អ្វីដែល​ធ្លាប់​ឆ្លងកាត់​សង្គ្រាម អ៊ីចឹង​ការធានា​នូវ​សុខសន្តិភាព​សណ្តាប់ធ្នាប់​សង្គម គឺជា​បញ្ហា​ចាំបាច់ ដើម្បី​ធានា​នូវ​សុខុមាល​ភាព​សង្គម ឱ្យ​យើង​មានឱកាស​អភិវឌ្ឍ​បន្តទៀត​»​។​

​គួរ​បញ្ជាក់ថា តាមរយៈ​លទ្ធ​​ផល​នៃ​សម័យប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រី​នៅ​ថ្ងៃទី​ ១៩​ ឧសភា​ ឆ្នាំ​ ២០២៣ រាជរដ្ឋាភិបាល​អំពាវនាវ​សុំឱ្យ​ប្រជាពលរដ្ឋ​គ្រប់​និន្នាការ​នយោបាយ រក្សា​នូវ​ភាព​នឹងនរ ស្ងប់ស្ងាត់ និង​ថែរក្សា​នូវ​សុខសន្តិភាព​ដែល​កម្ពុជា​រកបាន​ដោយ​លំបាក​៕