
នគរបាលបដិសេធព័ត៌មានករណីចាប់ក្មេងនៅក្នុងខេត្តបាត់ដំបង។ រូបថត នគរបាល
បាត់ដំបងៈ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងបានបកស្រាយករណីដែលថា មានការចាប់ក្មេងៗក្នុងខេត្ដនេះ ដោយបានបដិសេធថា ជាព័ត៌មានមិនពិត និងបានស្នើឱ្យបញ្ឈប់ចែករំលែកដើម្បីចៀសវាងបង្កការភិតភ័យដល់អាណាព្យាបាល។
ការបដិសេធនេះបានធ្វើឡើងពីថ្ងៃទី ២០ ខែឧសភា បន្ទាប់ពីមានអ្នកប្រើបណ្តាញសង្គមមួយចំនួនបានផ្សព្វផ្សាយ និងចែករំលែកព័ត៌មានពីការចាប់ក្មេងៗ ភ្ជាប់ជាមួយនឹងរូបភាពជាច្រើនសន្លឹកដោយថា បានកើតឡើងក្នុងមូលដ្ឋានភូមិ ឃុំ មួយចំនួនក្នុងខេត្តបាត់ដំបង។
ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តបាត់បានឱ្យដឹងក្នុងសេចក្តីបំភ្លឺព័ត៌មានថា ប៉ុន្មានថ្ងៃនេះ មានព័ត៌មានលេចឡើងក្នុងបណ្តាញសង្គមថា មានការចាប់ក្មេងៗក្នុងមូលដ្ឋានភូមិឃុំដែលព័ត៌មាននេះបាននាំបង្កឱ្យកើតមានក្តីកង្វល់ និងបង្កការភិតភ័យពីមហាជនទូទៅ ពិសេសអាណាព្យាបាលរបស់ក្មេង។
លិខិតបំភ្លឺបានឱ្យដឹងទៀតថា ស្របជាមួយគ្នានោះ ស្នងការដ្ឋាននគរបាលក៏បានកត់សម្គាល់ឃើញមានអ្នកប្រើបណ្តាញសង្គមខ្លះបានផ្សព្វផ្សាយព័ត៌មានមិនពិត ជាហេតុបង្កការបំពុលសង្គមទៀតផង។
ប្រភពដដែលបានបកស្រាយថា៖ «កាលពីថ្ងៃទី ៩ ខែឧសភាឆ្នាំ ២០២៣ យើងធ្លាប់បានធ្វើការបំភ្លឺរួចម្តងហើយ ទាក់ទងគណនីហ្វេសប៊ុក ១ ត្រូវបានគេយករូបស្ត្រីម្នាក់មកផ្សព្វផ្សាយ ថា មានការប៉ុនប៉ងល្បួងយកក្មេងនៅក្នុងសង្កាត់ទួលតាឯក ក្រុងបាត់ដំបង ប៉ុន្តែជាក់ស្តែងនៅទីនោះ មិនមានករណីនេះកើតឡើងនោះទេ។ មកដល់ថ្ងៃទី ២០ ខែឧសភា ឆ្នាំ ២០២៣ នេះ រូបស្ត្រីដដែលនោះ ត្រូវបានអ្នកប្រើប្រាស់បណ្តាញសង្គមយកមកបង្ហោះទៀត ហើយសរសេរថា បញ្ហាកើតនៅខេត្តបាត់ដំបងដែលនេះគឺជាព័ត៌មានមិនពិត និងកំពុងក្លាយជាការបំពុលបរិយាកាសសង្គមបន្ថែមទៀត»។
ក្រៅពីបកស្រាយនេះ ស្នងការដ្ឋាននគរបាលខេត្ដនេះឱ្យដឹងទៀតថា ចំពោះករណីស្រីខ្មែរម្នាក់នាំក្មេងៗប្រុស ស្រី ៣ នាក់ទៅលួងលោមដោះយកកងដៃប្លាទីន ១ គូ តម្លៃ ៣០០ ដល្លារនោះ កើតឡើងនៅស្រុកមោងឫស្សីពីថ្ងៃទី ១១ ខែ ឧសភានោះ ឥឡូវបានវិលត្រឡប់មកវិញហើយ ខណៈសមត្ថកិច្ចកំពុងស្រាវជ្រាវលើមុខសញ្ញា តែព័ត៌មានបឋមអាចវាយតម្លៃថា មុខសញ្ញាគឺត្រឹមតែដោះយកគ្រឿងអលង្ការពីក្មេងតែប៉ុណ្ណោះ។
ចំពោះករណីកើតនៅស្រុកសំឡូត ពីថ្ងៃទី ២០ ខែឧសភា ឆ្នាំ ២០២៣ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សបានបកស្រាយថា នេះជាករណីបុរសអាយុ ២៨ ឆ្នាំម្នាក់ (បែកថ្នាំ) ហើយប្រព្រឹត្តសកម្មភាពហិង្សាលើក្មេងប្រុសម្នាក់ក្នុងភូមិ។ ប៉ុន្តែភ្លាមៗ ត្រូវសមត្ថកិច្ចឃាត់ខ្លួនបាននិងរៀបចំអនុវត្តទៅតាមផ្លូវច្បាប់។
ក្រុមការងារដដែលបញ្ជាក់ថា៖ «ករណីនេះមិនមានសញ្ញាណណាមួយដែលអាចវាយតម្លៃថា មានករណីចាប់ក្មេងៗបង្កដោយមនុស្ស (ក្នុងគោលដៅផ្សេង) ដូចក្នុងរូបភាពផ្សព្វផ្សាយក្នុងបណ្តាញសង្គមកើតមាននៅក្នុងភូមិសាស្ត្រខេត្តបាត់ដំបងនោះទេ រហូតមកដល់ថ្ងៃនេះ»។
ជាមួយនឹងការបកស្រាយនេះ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្ត ក៏បានស្នើឱ្យម្ចាស់គណនីដែលបានផ្សព្វផ្សាយត្រូវបញ្ឈប់ផ្សព្វផ្សាយព័ត៌មានមិនពិតទាំងនោះ នាំឱ្យបង្កបញ្ហាអសន្តិសុខក្នុងសង្គម។
ទន្ទឹមនឹងនេះ អាណាព្យាបាលម្នាក់ដែលមានហ្វេសប៊ុកឈ្មោះ Ly Paoher ដែលបានប្រកាសបាត់កូនប្រុសនៅសួន ស ខេង ក្នុងខេត្តបាត់ដំបងពីថ្ងៃ ១៩ ឧសភា កន្លងទៅ បានចេញវីដេអូបកស្រាយថា កូនប្រុសគាត់មិនមានអ្នកណាចាប់ខ្លួនទេ។
តែថា ករណីនេះដោយសារភរិយាលោកនាំគេទៅជាមួយដោយមិនបានប្រាប់ដំណឹងជាមុន។
លោកបានបញ្ជាក់ថា៖ «ពេលនេះ ខ្ញុំបានរកឃើញហើយ គឺកូននៅជាមួយនឹងម្តាយ ព្រោះម្តាយរបស់កូនខ្ញុំបាននាំយកទៅហើយក៏អរគុណដល់អធិការក្រុងបាត់ដំបងដែលគាត់បានស្វះស្វែងជួយរកកូនខ្ញុំ»៕