ភ្នំពេញៈ គណៈរដ្ឋមន្ត្រី​សម្រេច​ទទួលយក​គម្រោង​សាងសង់​ផ្លូវ​នាវាចរណ៍​ប្រវត្តិសាស្ត្រ​លើក​ទី១ ប្រវែង ​១៨០ ​គីឡូម៉ែត្រ ត​ភ្ជាប់​ពី​ទន្លេមេគង្គ​ទៅកាន់​សមុទ្រ​ឆ្លងកាត់​ខេត្ត​ចំនួន ៤ ដែល​ត្រូវបាន​ប៉ាន់​ស្មានថា នឹង​ចំណាយ​ទុនវិនិយោគ ១ ៧០០ លាន​ដុល្លារ​អាមេរិក​។​

​ការទទួលយក​គម្រោង​នេះ​គឺធ្វើឡើង​ក្នុង​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​ដែល​ដឹកនាំ​ដោយ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ថ្ងៃទី​ ១៩ ខែឧសភា ឆ្នាំ ២០២៣​។​

​សេចក្តីប្រកាស​ព័ត៌មាន​ទីស្តីការគណៈរដ្ឋមន្ត្រី​បានបញ្ជាក់​ក្រោយ​កិច្ចប្រជុំ​នេះ​ថា គម្រោង​ផ្លូវ​នាវា​​ចរណ៍ និង​ប្រព័ន្ធ​ភ័ស្តុភារ​កម្ម​ទន្លេបាសាក់ គឺជា​គម្រោង​ប្រវត្តិ​សាស្ត្រ​លើក​ទី​ ១ ក្នុង​វិស័យ​ដឹក​ជញ្ជូន​ផ្លូវទឹក​របស់​កម្ពុជា ដើម្បី​ត​ភ្ជាប់​ប្រព័ន្ធ​ទន្លេមេគង្គ និង​ផ្លូវ​សមុទ្រ​។​

​គម្រោង​នេះ គឺធ្វើឡើង​ដើម្បី​ពង្រីក​វិសាលភាព​នៃ​ការប្រើប្រាស់​សក្តានុពល​លើ​ការដឹកជញ្ជូន​តាមផ្លូវ​ទឹក​សំដៅ​ចូល​​រួម​លើកកម្ពស់​សកម្មភាព​សេដ្ឋកិច្ច​សង្គម​ឱ្យ​កាន់តែ​មានការ​រីកចម្រើន​ឈាន​ទៅមុខ​មួយកម្រិត​ថែមទៀត និង​ផ្តល់​ជា​ដំណោះស្រាយ​សមស្រប​លើ​បញ្ហា​ប្រឈម​នឹង​ឧបសគ្គ​នានា​នៃ​វិស័យ​ដឹកជញ្ជូន​តាមផ្លូវ​ទឹក​។

សេចក្តីប្រកាស​ព័ត៌មាន​បញ្ជាក់ថា ផ្លូវទឹក​នេះ​មាន​ប្រវែង ១៨០​ គីឡូម៉ែត្រ ចាប់ពី​ព្រែក​តាកែវ​នៃ​ទន្លេមេគង្គ ឆ្លងកាត់​តាម​ព្រែក​តា​ឯក នៃ​ទន្លេបាសាក់ រួច​ចូល​តាម​ព្រែក​តា​ហ៊ីង​នៃ​ទន្លេបាសាក់ ស្រុក​កោះធំ ខេត្តកណ្តាល និង​បន្ត​រហូតដល់​សមុទ្រ ខេត្ត​កែប ដោយ​ឆ្លងកាត់​ខេត្ត​ចំនួន​ ៤ រួមមាន​ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និង​ខេត្ត​កែប ដែលមាន​ប្រជាជន​សរុប​ប្រមាណ ១,៦​ លាន​នាក់ រស់នៅ​អម​សងខាង​ផ្លូវទឹក​។​

​សេចក្តីប្រកាស​ព័ត៌មាន​បញ្ជាក់ថា ចំពោះ​គម្រោង​វិនិយោគ​ខាងលើនេះ គណៈរដ្ឋមន្ត្រី​បានសម្រេច​ទទួលយក ហើយ​ប្រសិទ្ធ​នាម​ថា «​ព្រែកជីក​ហ្វូ​ណន​តេ​ជោ​»​។​

​គណៈរដ្ឋមន្ត្រី​ក៏បាន​ប្រគល់​ភារកិច្ច​ដល់​គណៈកម្មាធិកា​រ​ជាតិ​ទន្លេមេគង្គ​កម្ពុជា​ជូនដំណឹង​ពាក់ព័ន្ធ​នឹង​គម្រោង​សាងសង់​ផ្លូវ​នាវាចរណ៍​ទន្លេបាសាក់​នេះ​ទៅ​បណ្តា​ប្រទេស​ដែលជា​សមាជិក​នៃ​គណៈកម្មការ​ទន្លេមេគង្គ ស្របតាម​កិច្ចព្រមព្រៀង​ស្ដីពី​កិច្ចសហប្រតិបត្តិការ​ស​ម្រា​ប់​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​នៃ​តំបន់​អាង​ទន្លេមេគង្គ​ឆ្នាំ​ ១៩៩៥ ហៅ​កាត់​ថា កិច្ចព្រមព្រៀង​មេគង្គ​ឆ្នាំ​ ១៩៩៥​។​

​គណៈរដ្ឋមន្ត្រី​ថែមទាំង​បានសម្រេច​ប្រគល់​ភារកិច្ច​ជូន​លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋ​កិច្ច និង​ហិរញ្ញវត្ថុ ដឹកនាំ​សិក្សា និង​រៀបចំ​គម្រោង​វិនិយោគ​នេះ​ឱ្យបាន​លម្អិត​ស៊ីជម្រៅ​លើ​គ្រប់​ទិដ្ឋភាព រួច​ធ្វើ​របាយ​ការណ៍​ជូន​ប្រមុខ​រាជរដ្ឋាភិបាល​។​

​សេចក្តីប្រកាស​ព័ត៌មាន​បន្តថា​៖ «​គម្រោង​នេះ នឹង​សាងសង់​សន្ទះ​ផ្លូវ​នាវាចរណ៍​ចំនួន ៣ ​កន្លែង សាងសង់​ស្ពាន​ចំនួន ១១​ កន្លែង សាងសង់​ផ្លូវ​អម​សងខាង​ប្រវែង ២០៨​ គីឡូម៉ែត្រ និង​មាន​បំពាក់​សញ្ញា​ជំនួយ​នាវាចរណ៍ និង​ហេដ្ឋារចនាសម្ព័ន្ធ​ឆ្លងកាត់​ទន្លេ​ផ្សេងៗ​ទៀតផង​ដែរ​។ ការសាងសង់​គម្រោង​ផ្លូវទឹក​ថ្មី​នេះ ត្រូវបាន​ប៉ាន់​ស្មានថា​នឹង​ចំណាយ​ទុនវិនិយោគ ១ ៧០០​ លាន ដុល្លារ​អាមេរិក និង​រយៈពេល​សាងសង់​ប្រមាណ ៤ ​ឆ្នាំ​»​។​

​សេចក្តីប្រកាស​ព័ត៌មាន​បញ្ជាក់ថា ផ្លូវទឹក​នេះ​មាន ទទឹង​មុខកាត់​ផ្នែក​ខាងលើ​ប្រវែង​ ១០០​ ម៉ែត្រ និង​មុខកាត់​ផ្នែក​ខាងក្រោម​ប្រមាណ ៨០ ​ម៉ែត្រ និង​ជម្រៅ​ទឹក​ប្រមាណ ៥,៤​ ម៉ែត្រ (​ជម្រៅ​នាវាចរណ៍ ៤,៧​ ម៉ែត្រ និង​គម្លាត​សុវត្ថិ​ភាព ៧​ ម៉ែត្រ​) មាន​គន្លង​នាវាចរណ៍​ចំនួន ២​ គន្លង អាច​ចេញចូល និង​ចៀស​គ្នា​បាន​ដោយ​សុវត្ថិភាព​។​

​ការ​រចនា​ប្លង់​វិស្វកម្ម​និង​ស្ថាបត្យកម្ម​របស់​ផ្លូវទឹក​នេះ​ត្រូវបាន​ប្រើប្រាស់​ស្តង់​ដា​អន្តរជាតិ​ដែល​អាច​ធានា​ភាព​ធន់ និង​មាន​គុណភាព​ខ្ពស់ ដោយ​គិតគូរ​គ្រប់​ជ្រុងជ្រោយ​លើ​ផ្នែក​បច្ចេកទេស​និង​បរិស្ថាន សម្រាប់​ការប្រើប្រាស់​រយៈ​ពេល​យូរអង្វែង​។​

​បើតាម​ប្រភព​ដដែល គម្រោង​ផ្លូវ​នាវា​ចរណ៍ និង​ប្រព័ន្ធ​ភ័ស្តុភារ​កម្ម​ទន្លេ​បា​សាក់ នឹង​ផ្តល់​អត្ថប្រយោជន៍​ជាច្រើន រួមមាន​ការកាត់បន្ថយ​រយៈពេល​ចម្ងាយ និង​តម្លៃ​នៃ​ការដឹកជញ្ជូន​នាពេល​ប​ច្ចុ​ប្បន្ន ការបង្កើត​តំបន់​ពាណិជ្ជកម្ម​និង​មជ្ឈមណ្ឌល​ភ័ស្តុភា​រកម្ម ការអភិវឌ្ឍ​ផែ​រណប​ថ្មីៗ​ជាច្រើន ការពង្រីក​តំបន់​អភិ​វឌ្ឍន៍​កសិកម្ម ធារាសាស្ត្រ វារីវប្បកម្ម និង​ចិញ្ចឹមសត្វ​។ គម្រោង​នេះ​ក៏​នឹង​ជួយ​គាំទ្រ​ដល់​ការអភិវឌ្ឍ​ប៉ូល​សេដ្ឋកិច្ច​ទី៤ របស់​កម្ពុជា ការបង្កើត​ការងារ​បន្ថែម​នៅ​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ កំពង់ផែ​ស្វយ័ត​ភ្នំពេញ និង​កំពង់ផែ​ផ្សេងទៀត ព្រមទាំង​ជំរុញ​ការអភិវឌ្ឍ​ទីក្រុង​និង​នគរូបនីយកម្ម និង​ជំរុញ​ការរីកចម្រើន​ផ្នែក​អចលនទ្រព្យ​។​

​នៅក្នុង​កិច្ចប្រជុំ​នេះដែរ លោក ហ៊ុន សែន បាន​ថ្លែងថា រាជរដ្ឋាភិបាល​នឹង​ឆ្លាក់​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​លើក​ទី​ ៣២ នៅ​វិមាន​ឈ្នះ​ឈ្នះ ដើម្បី​ទុកជា​តឹកតាង អំណះអំណាង​ជា​ប្រវត្តិសាស្ត្រ ​«​ដ៏​អស្ចារ្យ​រុងរឿង​ល្បីល្បាញ​» របស់​កម្ពុជា សម្រាប់​កូនចៅ​គ្រប់​ជំនាន់​គ្រប់​មជ្ឈដ្ឋាន​ទាំង​ក្នុង​និង​ក្រៅប្រទេស​បានឃើញ និង​បានដឹង​ពី​ព្រឹត្តិការណ៍​កីឡា​ដ៏​ធំ​មួយ​នេះ​។​

​លោក ហ៊ុន សែន បន្តថា ក្រៅពី​អត្ថ​ន័យ និង​ពាក្យស្លោក​នានា​ដែល​លេចធ្លោ​ក្នុង​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​នឹងមាន​ការ​ឆ្លាក់​នូវ​អត្ត​ព​លិ​ក​ឆ្នើម​កម្ពុជា ដែលមាន​ស្នាដៃ​លេចធ្លោ​ក្នុង​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​នេះ និង​ដែល​ទទួលបាន​ការវាយតម្លៃ​ខ្ពស់​ពី​គណៈកម្មការ​ផ្នែក​កីឡា​រៀបចំ​ឱ្យទៅជា​តឹកតាង​ចម្លាក់​នៅ​វិមាន​ឈ្នះ​ឈ្នះ​ផងដែរ​។​

​ក្រៅពីនេះ គណៈរដ្ឋមន្ត្រី​ក៏បាន​អនុ​ម័ត​សេចក្តីព្រាងច្បាប់​ស្ដីពី​អត្រានុកូលដ្ឋាន ស្ថិតិ​អត្រានុកូលដ្ឋាន និង​អត្តសញ្ញាណ​កម្ម​ដែលមាន​គោលបំណង​ធានា​ឱ្យ​បុគ្គល​គ្រប់រូប​មាន​អត្តសញ្ញាណ​តាមផ្លូវ​ច្បាប់ និង​ជា​មូលដ្ឋាន​សម្រាប់​ការរៀបចំ​គ្រប់គ្រង​ស្ថិតិ​អត្រានុកូលដ្ឋាន បញ្ជី​ប្រជាជន និង​ការរៀបចំ​ផែនការ​សម្រាប់​អភិវឌ្ឍ​កម្ពុជា​ផងដែរ​។​

​សេចក្តីប្រកាស​ព័ត៌មាន​ដដែល​បាន​បញ្ជាក់ថា​៖ «​សេចក្តីព្រាងច្បាប់​ស្តីពី​អត្រានុកូលដ្ឋាន ស្ថិតិ​អត្រានុកូលដ្ឋាន និង​អត្តសញ្ញាណ​កម្ម ត្រូវបាន​រៀបចំ​ជា​ ១២​ ជំពូក និង​ ១៨២ ​មាត្រា ហើយ​ត្រូវ​បានសម្រេច​ឯកភាព​ដោយ​អង្គប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រី​»​។

​សេចក្តីព្រាងច្បាប់​នេះ​មាន​គោលបំណង​ធានាឱ្យមាន​វិធាន និង​នីតិវិធី​ច្បាស់លាស់​ទាក់​ទង​នឹង​ការចុះបញ្ជី​អត្រានុកូលដ្ឋាន ការ​ចុះបញ្ជី​អត្តសញ្ញាណ​បុគ្គល ការចុះបញ្ជី​ស្នាក់នៅ ដើម្បី​ពង្រឹង​បន្ថែមទៀត​នូវ​កិច្ចការពារ​សិទ្ធិ លើកកម្ពស់​គុណភាព​នៃ​ការផ្តល់សេវា​គ្រប់​ប្រភេទ​ជូន​ប្រជាពលរដ្ឋ​ឱ្យ​កាន់តែ​ទូលំទូលាយ​។​

​ជាមួយគ្នានេះដែរ​គណៈរ​ដ្ឋ​មន្ត្រី​ក៏បាន​អនុម័ត​សេចក្តីព្រាងច្បាប់​ស្តីពី​វិធាន​ដើមកំណើត​ទំនិញ​ដែលមាន​គោលបំណង​កំណត់​អំពី​គោលការណ៍ និង​វិធាន​ស្តីពី​ដើមកំណើត​នៃ​ទំនិញ​នាំចេញ​និង​ទំនិញ​នាំចូល​ជំរុញ និង​សម្រួល​ពាណិជ្ជកម្ម​ដែល​ទទួលបាន​ប្រយោជន៍​ពី​ការអនុគ្រោះ​ពា​ណិ​ជ្ជ​កម្ម​និង​ការអនុវត្ត​ក្រៅ​ប្រព័ន្ធ​អនុ​គ្រោះ​ពាណិជ្ជកម្ម និង​ចូលរួម​ទប់ស្កាត់​ការ​ក្លែងបន្លំ​ដើមកំណើត​ទំនិញ​។​

​សេចក្តីប្រកាស​បញ្ជាក់ថា​៖ «​សេចក្តី​ព្រាង​ច្បាប់​ខាងលើ​នឹង​ក្លាយជា​កម្លាំងចលករ​ក្នុងការ​ជំរុញ​លំហូរ​ពាណិជ្ជកម្ម តាមរយៈ​ការផ្តល់​ជា​មូលដ្ឋាន​ច្បាប់​ច្បាស់លាស់​ដល់​អាជ្ញា​ធរមាន​សមត្ថកិច្ច​ដែល​ទទួលបន្ទុក​ចេញ​វិញ្ញាបនបត្រ​បញ្ជាក់​ដើមកំណើត​ទំនិញ និង​ការទទួល​សំអាង​ដើមកំណើត​ទំនិញ​ជួយ​ជំរុញ​និង​សម្រួលការ​នាំចេញ​ទំនិញ​របស់​កម្ពុជា​ជួយ​ឱ្យ​កម្ពុជា​អាចបំពេញ​បាន​នូវ​ការសន្យា​របស់ខ្លួន​ក្រោម​ក្របខ័ណ្ឌ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​»៕