
ក្រុមក្មេងទំនើងដែលបង្ហោះម៉ូតូបង្កភាពអសន្តិសុខ។ រូបថត នគរបាល
កំពង់ស្ពឺៈ កម្លាំងនគរបាលស្រុកសំរោងទង នៅថ្ងៃទី ២០ ឧសភា បានឃាត់ខ្លួនក្មេងទំនើងចំនួន ៤ នាក់ ដែលបង្ហោះម៉ូតូនៅតាមផ្លូវសាធារណៈបង្កឱ្យមានភាពអសន្ដិសុខសង្គម និងបានអញ្ជើញអាណាព្យាបាលមកធានានិងធ្វើការអប់រំពួកគេផងដែរ។
បើតាមអគ្គស្នងការដ្ឋាននគរបាលជាតិ ក្មេងទំនើងទាំងនោះមានឈ្មោះ ងាន ភារិទ្ធ ភេទប្រុស អាយុ ១៨ ឆ្នាំ មុខរបរកម្មកររោងចក្រ ជាអ្នកបើកម៉ូតូ និងឈ្មោះ សន មករា ភេទប្រុស អាយុ ១៧ ឆ្នាំអ្នកជិះពីក្រោយ ។ ទាំង ២ នាក់នៅភូមិក្រឡាញ់ ឃុំមហាសាំង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។
ចំណែកនៅវេលាម៉ោង ១៣ និង ៣០ នាទី ថ្ងៃទី ២០ ឧសភានោះដែរ កម្លាំងនគរបាលបានឃាត់ខ្លួនក្មេងទំនើង ២ នាក់ទៀត ឈ្មោះ វ៉ាង ប៊ុនថៃ ភេទប្រុស អាយុ ២០ ឆ្នាំ នៅភូមិកាប់ទូក សង្កាត់កណ្តោលដុំ ក្រុងច្បារមន មុខរបរជាងកាត់សក់ជាអ្នកបើកបរម៉ូតូ និងឈ្មោះ តុញ ផល្លី ភេទប្រុស អាយុ ១៥ ឆ្នាំ នៅភូមិពង្រ សង្កាត់កណ្តោលដុំ ក្រុងច្បារមន មុខរបរជាងកាត់សក់ អ្នកជិះពីក្រោយ។
សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនពួកគេ នៅចំណុចផ្លូវជាតិលេខ ៤ នៅពេលពួកគេបង្ហោះម៉ូតូនៅចន្លោះគីឡូម៉ែត្រលេខ ៥២ ភូមិបុស្សតានៃ ឃុំកាហែង ស្រុកសំរោងទង ដោយឃាត់ម៉ូតូ ១ គ្រឿង ម៉ាកនិច ពណ៌ស ស្លាកលេខ កំពង់ស្ពឺ 1L-2500។
ករណីនេះ កម្លាំងជំនាញបានសាកសួរ និងពិនិត្យមុខសញ្ញាពាក់ព័ន្ធសកម្មភាពកន្លងមក និងបន្ដនីតិវិធី៕