
លោកហ៊ុន ម៉ាណែត នៅក្នុងពិធីបញ្ចុះខណ្ឌសីមានៅខេត្តបន្ទាយមានជ័យកាលពីថ្ងៃទី២០ ឧសភា ។ រូបថត Hun Manet page
បន្ទាយមានជ័យៈ លោក ហ៊ុន ម៉ាណែត បេក្ខភាពនាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជានាពេលអនាគតបានលើកឡើងថា ក្រោយការរំដោះពីរបបខ្មែរក្រហមថ្ងៃ ៧ ខែមករា ឆ្នាំ ១៩៧៩ មកទល់បច្ចុប្បន្ន វិស័យពុទ្ធសាសនាបានទទួលការរីកចម្រើន ខណៈរដ្ឋាភិបាលនៅតែបន្តយកចិត្តទុកដាក់យ៉ាងខ្លាងលើកតម្លៃសាសនា។
ការលើកឡើងរបស់លោក ហ៊ុន ម៉ាណែត បែបនេះក្នុងពិធីបញ្ចុះខណ្ឌសីមា និងសម្ពោធសមិទ្ធផលនានា ក្នុងវត្តពោធិ៍រង្សីមានជ័យ (ហៅវត្តស្វាយត្រស់) នៅស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី ២០ ខែឧសភា ឆ្នាំ ២០២៣ ដោយបានបញ្ជាក់ថា ពីឆ្នាំ ១៩៧៩ មកដល់សព្វថ្ងៃ វត្តនៅទូទាំងកម្ពុជាបានកើនឡើងពី ២ ពាន់វត្ត មកជាង ៥ ពាន់វត្ត។
ដោយសារសន្តិភាព និងការអភិវឌ្ឍដែលជាស្នាដៃរបស់រដ្ឋាភិបាលបានញ៉ាំងឱ្យវិស័យសាសនាទទួលបានការរីកចម្រើនទាំងព្រះពុទ្ធសាសនានិងសាសនាដទៃទៀត ខណៈព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋមានរីកចម្រើនគួរឱ្យកត់សម្គាល់តាមរយៈកំណើនចំនួនវត្តរហូតដល់ ៥ ពាន់វត្ត និងចំនួនព្រះសង្ឃដល់ ៧ ម៉ឺនអង្គ។ នេះជាការបញ្ជាក់របស់លោក ហ៊ុន ម៉ាណែត លើបណ្តាញសង្គមហ្វេសប៊ុករបស់លោក។
លោកបានថ្លែងថា៖«បរិយាកាសដែលបង្កលក្ខណៈឱ្យយើងអាចអភិវឌ្ឍនិងកសាងសមិទ្ធផលជាច្រើនបានដូចបច្ចុប្បន្នគឺអាស្រ័យកត្តា៣សំខាន់នោះ គឺសុខសន្តិភាព សិទ្ធិសេរីភាព និងការរីកចម្រើនផ្នែកជីវភាពរបស់ប្រជាជន»។
លោកហ៊ុន ម៉ាណែត បានបន្ថែមថា វិស័យសាសនាបានដើរតួនាទីសំខាន់សម្រាប់បម្រើជាតិ និងប្រជាជន ទាំងក្នុងការអប់រំ ផ្នែកបំណិន ជីវភាពរស់នៅផ្ទាល់ខ្លួន បញ្ហាគ្រួសារ និងសង្គមជាតិ ដោយឈរលើមូលដ្ឋាននៃសីលធម៌ និងគុណធម៌ដ៏ប្រពៃ។
លោកសង្កត់ធ្ងន់ថា៖ «គ្មានសាសនាណាបង្រៀនមនុស្សឱ្យឈ្លោះទាស់ទែងគ្នាឡើយ ផ្ទុយទៅវិញសាសនាអប់រំមនុស្សឱ្យចេះស្រឡាញ់គ្នាគោរពគ្នាធ្វើបុណ្យជាមួយគ្នា និងអធ្យាស្រ័យចំពោះគ្នា ពិសេសឱ្យចេះជួយយកអាសាគ្នាពេលមានតម្រូវការ ឬគ្រោះអាសន្ន»។
ទាក់ទងនឹងចំណុចនេះដែរ ប្រធានវិទ្យាស្ថានទំនាក់វប្បធម៌ អប់រំ និងទេសចរណ៍នៃរាជបណ្ឌិត្យសភាកម្ពុជា លោកឈត ប៊ុនថង បានថ្លែងថា ទាំងព្រះពុទ្ធសាសនានិងសាសនាដទៃទទួលបានការរីកចម្រើនគួរឱ្យកត់សម្គាល់ ខណៈអ្នកគោរពលទ្ធិព្រះពុទ្ធសាសនាបានកើនឡើង គួបផ្សំនឹងកំណើនវត្តអារាមនិងព្រះសង្ឃ។
លោកបានបន្ថែមថា៖«ខ្ញុំគិតថាទាំងកម្រិតបុគ្គលស្ថាប័នជាតិ គ្រួសារ សហគមន៍ បើប្រកាន់យកព្រះពុទ្ធសាសនាជាមាគ៌ាជីវិតជារឿងប្រសើរបំផុតដោយសារក្នុងសាសនាបង្រៀនឱ្យរម្ងាប់ពៀរដោយការមិនចងពៀរឱ្យប្រើប្រាស់មធ្យោបាយអហិង្សាដើម្បីដោះស្រាយបញ្ហាឱ្យទទួលយកការពិតមិនរំលោភបំពានគ្នាជាដើម»។
ចំណែកលោកប៉ា ច័ន្ទរឿន អ្នកជំនាញផ្នែកទស្សនវិជ្ជា និងជាប្រធានវិទ្យាស្ថានប្រជាធិបតេយ្យលើកឡើងថា ព្រះពុទ្ធសាសនា មានតម្លៃណាស់ដែលបានដើរតួនាទីសំខាន់ក្នុងសង្គមខ្មែរ ដែលប្រជាពលរដ្ឋគួរយកអនុវត្តតាម ខណៈទស្សនវិជ្ជាព្រះពុទ្ធសាសនាបានបង្កប់នូវខ្លឹមសារសន្តិភាពនិងប្រជាធិបតេយ្យដែលមានតម្លៃក្នុងការយកមកអនុវត្ត ។
លោកប៉ា ច័ន្ទរឿន ក៏បានអំពាវនាវឱ្យប្រជាជនកម្ពុជាសិក្សាស្វែងយល់ និងអនុវត្តឱ្យបាននូវអត្ថន័យខ្លឹមសាររបស់ព្រះពុទ្ធសាសនាដើម្បីសន្តិភាពសង្គមពិតប្រាកដ៕