
លោក កឹម សុខា ពេលមកចូលរួមសវនាការនៅសាលាដំបូងរាជធានីភ្នំពេញពីចុងឆ្នាំ ២០២២។ ហេង ជីវ័ន
ព្រះសីហនុៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានគូសបញ្ជាក់ថា ការដែលលោកមិនធ្វើលិខិតទូលសុំព្រះមហាក្សត្រឱ្យលើកលែងថ្នាក់ដឹកនាំជាន់ខ្ពស់នៃអតីតគណបក្សសង្គ្រោះជាតិ ១ រូប ឱ្យរួចផុតពីសំណាញ់ច្បាប់ គឺដោយសារតែលោក មិនទុកចិត្តទៅលើទូតបរទេស ដែលនៅពីក្រោយ និងតែងតែជួបពិភាក្សាជាមួយជននោះ។
ការគូសបញ្ជាក់របស់លោកនាយករដ្ឋមន្ត្រី ធ្វើឡើងដោយមិនបានបញ្ចេញឈ្មោះបុគ្គលរូបណាឡើយប៉ុន្តែត្រូវបានគេដឹងថា គឺលោកសំដៅលើលោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិដែលកំពុងជាប់ឃុំនៅក្នុងផ្ទះតាមអំណាចសាលក្រមរបស់តុលាការ ហើយជាមួយនោះលោកហ៊ុន សែន ក៏មិនបាននិយាយសំដៅទៅលើទូត ឬជនបរទេសណាមួយនោះដែរ។
ក្នុងពិធីសំណេះសំណាលជាមួយ កម្មករនិយោជិត នាតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ ខេត្តព្រះសីហនុកាលពីថ្ងៃទី ២២ ខែឧសភា ឆ្នាំ ២០២៣ លោក ហ៊ុន សែន បានបញ្ជាក់ថា នាយករដ្ឋមន្ត្រីអាចធ្វើលិខិតទៅព្រះមហាក្សត្រ ដើម្បីទូលសុំលើកលែងទោសឱ្យអ្នកនោះបាន ប៉ុន្តែលោកមិនទុកចិត្តជនបរទេសទាំងឡាយឡើយ។ ករណីនេះលោកនាយករដ្ឋមន្ត្រីបញ្ជាក់ថា មានទូតបរទេសខ្លះ បានប្រមាថ ទៅលើរូបលោក ដែលបានធ្វើការជាមួយនឹងរូបលោកក្នុងនាមជារាជរដ្ឋាភិបាលស្របច្បាប់ហើយ តែបែរទៅធ្វើការ ឬជួបជាមួយនឹងគេ ដែលជាជនជាប់ចោទបន្ថែមទៀត។
ជុំវិញករណីនេះ លោក ហ៊ុន សែន ក៏បានផ្ដាំទៅបណ្ដាទូតនៅភ្នំពេញ គួរយល់ពីច្បាប់នៃនយោបាយការបរទេស ហើយលោកសង្ឃឹមថា មិត្តបរទេសទាំងឡាយ គោរពទៅលើការសម្រេចចិត្តរបស់កម្ពុជា ដើម្បីសេចក្តីសុខរបស់ប្រជាជនកម្ពុជា មិនមែនជារឿងរបស់អ្នកទេ រឿងផ្ទៃក្នុងរបស់កម្ពុជា ទុកឱ្យកម្ពុជា ជាអ្នកដោះស្រាយ។
លោកបានសង្កត់ធ្ងន់ថា៖ «ខ្ញុំសុំនិយាយតែម្តង មានស្តង់ដាហើយមកសង្កត់តែកម្ពុជាឱ្យធ្វើដូចនេះៗ ដល់ពេលទៅជាមួយគេអ្នកខ្លាំងអត់ហ៊ានដែរ។ ចុងក្រោយព្រលះយកតែម្តង ហ្នឹងហើយបានរឿងជាប់គុក មកពីអ្នកឯងស្រឡាញ់អ្នកហ្នឹងពេក។ ទៅសួរសុខទុក្ខដល់ផ្ទះ នាំអ្នកហ្នឹងទៅស្ថានទូតជួប ក្នុងពេលដែលគេកំពុងស្រាវជ្រាវរឿងឃុបឃិតជាមួយបរទេស»។
លោក ហ៊ុន សែន បន្តថា៖ «បន្ទាប់មកវាផ្តល់មកហ៊ុន សែន។ បើសាលក្រមនោះ ហ៊ុន សែន ចង់ធ្វើ ហ៊ុន សែន អាចធ្វើបានតែ ហ៊ុន សែន មិនទុកចិត្តអ្នកឯង ព្រោះអ្នកឯងលេងខូច ចាប់ដៃជាន់ជើងខ្ញុំ។ អ្នកឯងមកធ្វើការជាមួយខ្ញុំ បន្ទាប់មកអ្នកឯងទៅជួបជាមួយនឹងអ្នកផ្សេង។ ខ្ញុំមិនមែនជាក្មេងបៀមដៃទេ។ អ៊ីចឹង ហ៊ុន សែន មិនលើកលែងទោសឱ្យទេ។ អ្នកឯងធ្វើអីខ្ញុំ»។
ពាក់ព័ន្ធនឹងការលើកឡើងរបស់លោកនាយករដ្ឋមន្ត្រីនេះ លោក យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា ថ្លែងថា នាពេលកន្លងទៅ លោក កឹម សុខា បានភ្លេចខ្លួន ដោយមិនបានអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវសេចក្តីសម្រេចរបស់តុលាការរាជធានីភ្នំពេញដែលហាមមិនឱ្យជួបមន្ត្រីទូត ឬជនបរទេស ឬសកម្មជន របស់ខ្លួន។ លោកបានបន្តថា ប៉ុន្តែគាត់នៅតែទទួលជួប និងទៅជួបមន្ត្រីទូតនៅកម្ពុជា និងមន្ត្រីបរទេសមកពីប្រទេសជាដើមព្រមទាំងមន្ត្រីអង្គការមួយចំនួន បានធ្វើឱ្យប៉ះពាល់ច្បាប់ផ្ទៃក្នុងរបស់កម្ពុជា។
លោក យង់ ពៅ បានថ្លែងថា៖ «ជាសេចក្តីសន្និដ្ឋានរបស់ខ្ញុំ ខ្ញុំយល់ឃើញថា យើងត្រូវតែអនុវត្តតាមវិធានច្បាប់ផ្ទៃក្នុងរបស់រដ្ឋនីមួយៗ ទើបធ្វើឱ្យរដ្ឋនោះមានអធិបតេយ្យដឹកនាំរដ្ឋបានល្អ មានសណ្តាប់ធ្នាប់ មិនមានការបំពានអធិបតេយ្យរបស់រដ្ឋ»។
សូមបញ្ជាក់ថា លោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិ ត្រូវបានចៅក្រម ជំនុំជម្រះនៃសាលាដំបូងរាជធានីភ្នំពេញ សម្រេចផ្តន្ទាទោសឱ្យឃុំខ្លួន នៅក្នុងគេហដ្ឋានរយៈពេល ២៧ ឆ្នាំពីបទសន្ទិដ្ឋភាពជាមួយបរទេស ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលឬពីបទ «ក្បត់ជាតិ» កាលពីថ្ងៃទី ៣ ខែមីនា ឆ្នាំ ២០២៣៕