ព្រះសីហនុៈ លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន បញ្ជាក់ប្រាប់​បរទេស​ជាថ្មី​ម្តង​ទៀតថា កម្ពុជា​មិនមាន​វត្តមាន​កងទ័ព​ចិន​នៅ​មូលដ្ឋាន​កងទ័ពជើងទឹក​នៅ​ឆ្នេរ​​សមុទ្រ​រាម​នោះទេ​។ ជាមួយគ្នានេះ​លោក​បាន​លើកឡើងថា ចិន​ក៏​មិន​បានមក​បង្គាប់បញ្ជា​ឱ្យ​កម្ពុជា​ធ្វើ​អ្វី​ស្រេច​តែ​ចិត្ត​នោះដែរ​។​

​លោក​ថ្លែងថា​៖ «​បើ​អ្នក​មិន​ជឿ​ខ្ញុំ ខ្ញុំ​ក៏​អត់​ជឿ​អ្នក​ដែរ​។ វា​មិន​មែនមាន​សិទ្ធិ​តែ​របស់​អ្នកឯង​ទេ​។ វា​ជា​សិទ្ធិ​របស់ខ្ញុំ​ដែរ​។ ត្រូវ​យល់​អំពី​បញ្ហា​ហ្នឹង​។ ពេល​ប្រជុំ​អាស៊ាន​ខ្ញុំ​និយាយ​ច្បាស់​ទៅលើ​បញ្ហា​ហ្នឹង ហើ​យៃ​ម្ង៉ៗ​និយាយ​ណាស់ អា​រឿង​បញ្ហា​រាម​។ ខ្ញុំ​បាន​ប្រាប់ថា រាម​នៅលើ​គោក តែ​អ្វីដែល​យើង​ពិបាក​នោះ គឺ​អា​នៅក្រោម​ទឹក​នោះ វា​នុយក្លេអ៊ែរ​អត់​?»​។​

​លោក​ ហ៊ុន សែន ថ្លែង​ដូច្នេះ​នៅក្នុង​កម្មវិធី​សំណេះសំណាល​ជាមួយ​កម្មករនិយោជិត កម្មវិធី​ទស្សនា​ពិព័រណ៍​សមិទ្ធផល និង​ពិធី​សម្ពោធ​ដាក់ឱ្យ​ដំណើរការ​រោងចក្រ​ផលិត​សម្បក​កង់​រថយន្ត ដើម្បី​អបអរសាទរ​ខួប​លើក​ទី​ ១០ នៃ​គំនិត​ផ្តួចផ្តើម​ខ្សែក្រវាត់​ ១ ផ្លូវ​ ១ ​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ​នៅ​ថ្ងៃទី ២២ ខែឧសភា ក្រោម​វត្តមាន​លោក វ៉ាង វិ​ន​ធៀន​ (Wang Wentian) ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​កម្ពុជា ផងដែរ​។​

​លោក​បញ្ជាក់ថា លោក​បានលើកឡើង​ ៣​ ដង​រួចមកហើយ នៅក្នុង​អាស៊ាន​ពី​រឿង​នាវាមុជទឹក​ដើរ​ដោយ​នុយក្លេអ៊ែរ ដោយ​លោក​បន្ថែមថា នេះ​ជា​ចំណុច​ចាប់ផ្តើម ហើយ​បើ​មិន​គ្រោះថ្នាក់​ដល់​អាស៊ាន​ទេ ក៏​វា​ជា​ចំ​ណុ​ច​ចាប់ផ្ដើម​នៃ​ការរត់​ប្រណាំង​សព្វាវុធ​នៅក្នុង​តំបន់​ដែរ​។​

​លោក​ ហ៊ុន សែន ថ្លែងថា​៖ «​អ្នកណា​ចង់​ថា​អី​ថា​ទៅ អាហ្នឹង​ជា​គំនិត​របស់​កម្ពុជា​។ កម្ពុជា​នៅលើ​គោក​សោះ​! ពន្យល់​មិន​ព្រម​យល់​។ បើ​អ៊ីចឹង កម្ពុជា​ក៏មាន​សិទ្ធិ​មិន​យល់​នូវ​ការ​ពន្យល់​របស់​អ្នក​ទាំងឡាយ​ផងដែរ​។ បើ​ខ្ញុំ​ពន្យល់​អ្នកឯង​នៅលើ​គោក​សោះ អ្នកឯង​អត់​ព្រម​យល់ រឿង​អី​ទៅ​ខ្ញុំ​យល់​អ្នកឯង​នៅក្នុង​ទឹក​។ មិនដឹង​អ្នកឯង​ដាក់អាវុធ​នុយក្លេអ៊ែរ ឬ​មិន​នុយ​​ក្លេ​អ៊ែរ​។ ខ្ញុំ​ក៏​អត់​យល់​ដែរ​។ អាហ្នឹង​គឺ​ត្រូវតែ​និយាយ​គ្នា​»​។​

​លោក​បាន​បន្តថា​៖ «​មិនមែន​មកដល់​ចំពោះមុខ​ចិន​ហើយ មិនមែន​ចិន​មក​បង្គាប់បញ្ជា​ឱ្យ​កម្ពុជា​ធ្វើ​អី​ស្រេច​តែ​ចិត្ត​ទេ​» ហើយ​ថា លោក វ៉ាង វិ​ន​ធៀន ក៏​មិនដែល​ប្រាប់​កម្ពុជា​ថា «​កុំ​ធ្វើ​នេះ​! កុំទៅ​ធ្វើ​នោះ​»​។ កម្ពុជា​មិនអាច​ទទួលបាន​នោះទេ ហើយ​សូម្បីតែ​ប្រធានាធិបតី​ចិន លោក ​ស៊ី ជីន​ភីង ក៏​មិនដែល​បាន​ប្រាប់​កម្ពុជា​ថា «​កុំ​ទំនាក់ទំនង​ប្រទេស​នេះ ប្រទេស​នោះ​» ដោយ​លោក​បន្ថែមថា​៖ «​អាហ្នឹង​គឺថា​នយោបាយ​ឯករាជ្យ​របស់​កម្ពុជា​ដែលមាន​អ្នកខ្លះ​គឺ​លើក​អ៊ីចេះ លើក​អ៊ីចុះ កម្ពុជា​អាយ៉ង​ចិន អាយ៉ង​វៀត​ណា​ម​។ អ្នកឯង​ថា​អី​ថា​ទៅ​! លើ​ការជាក់ស្ដែង កម្ពុជា​អនុវត្ត​នយោបាយ​ឯករាជ្យ​ដោយ​ផ្អែកលើ​ច្បាប់​»​។​

​កាលពី​ខែមីនា លោក​ ហ៊ុន សែន ធ្លាប់បាន​ថ្លែង​ដោយ​រំឭកថា បរទេស​មួយចំនួន​បាន​ខិតខំ ដើរ​ពន្យល់​បណ្តា​ប្រទេស​អាស៊ាន​ឱ្យ​យល់​អំពី​នាវាមុជទឹក​ដើរ​ដោយ​នុយក្លេអ៊ែរ តែ មិនមែនជា​អាវុធ​នុយក្លេអ៊ែរ​ក្នុងពេលដែល​តំបន់​អាស៊ីអាគ្នេយ៍​គឺជា​តំបន់​គ្មាន​នុយក្លេអ៊ែរ ហើយ​លោក​ចោទ​ជា​សំណួរ​ថា ហេតុ​អី​បានជា​ពួកគេ​មក ពន្យល់​លោក​ហើយ​លោក​ក៏​ទទួល​ការយល់ ឯ​លោក​ពន្យល់​ពួកគេ​វិញ តែ​ពួកគេ​មិន​ព្រម​យល់​។​

​លោក​ថ្លែងថា​៖ «​ថ្ងៃមុន​ខ្ញុំ​និយាយ​ជាមួយ​ទូត​អូស្ត្រាលី​យ៉ាងច្បាស់​។ ខ្ញុំ​ថា​ខ្ញុំ​យល់​ខ្ញុំ​ថា​អាហ្នឹង​មិនមែន​អាវុធ​នុយ​ក្លេ​អ៊ែរ​ទេ គឺ​នាវាមុជទឹក​ដើរ​ដោយ​នុយក្លេអ៊ែរ​ទេ​។ ខ្ញុំ​យល់​តើ​អាហ្នឹង​!​ប៉ុន្តែ​ហេតុ​អី​បាន​ពួក​អ្នក​​ឯង​អត់​ព្រម​យល់​ពី​ខ្ញុំ​វិញ​នូវ​ការដែល​ខ្ញុំ​ពន្យល់ថា ខ្ញុំ​មានការ​ចាំបាច់​ដើម្បី​កសាង​សមត្ថភាព​កងទ័ពជើងទឹក​ដើម្បី​ការពារ​អធិបតេយ្យ ប្រយុទ្ធ​ប្រឆាំងនឹង​ការរត់ពន្ធ​មនុស្ស រត់ពន្ធ​គ្រឿង​ញៀន ការនេសាទ​ខុសច្បាប់​ឬ​ឧក្រិដ្ឋកម្ម​ឆ្លងដែន​នៅក្នុង​សមុទ្រ​របស់​កម្ពុជា​»​។​

​លោក​ យង់ ពៅ អគ្គ​លេ​ខា​ធិ​ការ​នៃ​រាជបណ្ឌិត្យសភា​​កម្ពុជា​បាន​ថ្លែងប្រាប់ ​ភ្នំពេញ​​ ប៉ុស្តិ៍​ នៅ​ថ្ងៃទី​ ២២ ខែឧសភាថា បញ្ហា​សមុទ្រ​រាម​នេះ​គឺជា​របៀប​វារៈ​នយោបាយ ដែលជា​រឿង​ដដែលៗ ដែល​តែងតែ​កើតមានឡើង ហើយ​មែនទែនទៅ រដ្ឋាភិបាល​នៃ​ប្រទេសមួយ​ត្រូវតែមាន​លទ្ធភាព​អភិវឌ្ឍ​វិស័យ​ការពារជាតិ​របស់ខ្លួន​កុំថាឡើយ​ត្រូវ​អភិវឌ្ឍ​កំពង់ផែ​រាម​នោះ ប៉ុន្តែ​ក៏ត្រូវ​អភិវឌ្ឍ​វិស័យ​ការពារ​ជាតិ​ខ្លួន​ទាំងមូល​តែម្ដង ពីព្រោះ​គ្មាន​ប្រទេស​ណាមួយ​ដែល​មិនមាន​វិស័យ​ការពារជាតិ​ខ្លួន​រឹងមាំ​នោះទេ​។​

​លោក​ថ្លែងថា​៖ «​អ៊ីចឹង មិនគួរ​អី​ប្រទេស​ជឿនលឿន​មហា​អំណាច​មក​ឈឺឆ្អាល​រឿង​យើង​ការពារ​ខ្លួន​យក​សមត្ថភាព​ទៅ​ការពារ​ខ្លួន​ទេ​។ អ៊ីចឹង វា​ជា​របៀបវារៈ​នៃ​ភូមិសាស្ត្រ​ន​យោ​បាយ​របស់​បណ្ដា​ប្រទេស​ទាំងអស់​ហ្នឹង​។ ខ្ញុំ​មិន​ថា ប្រទេស​ណា​ទេ​។ អ្នកណា​អ្នក​និយាយ​គឺ​អ្នក​ហ្នឹង ហើយ​ខ្ញុំ​សំដៅ​អ្នក​ហ្នឹងហើយ​»៕