កោះកុងៈ​ កូនអណ្តើក​ហ្លួង​ចំនួន ​១២២ ​ក្បាល ​បាន​ញាស់​ចេញពី​សម្បុក​នៅ​លើ​ឆ្នេរ​ខ្សាច់​សិប្បនិម្មិត​ក្នុង​មជ្ឈមណ្ឌល​អភិរក្ស​សត្វ​ល្មូ​ន​កោះកុង​កាលពី​សប្តាហ៍​កន្លងទៅ ហើយ​នេះ​ជា​លើក​ទី ​៣ ​ផងដែរ ដែល​អណ្តើក​ហ្លួង​ចិញ្ចឹម​ក្នុង​មជ្ឈមណ្ឌល​នេះ​បាន​ពង​កូន​។​

​អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ (WCS) បានចេញ​សេចក្តីប្រកាស​ព័ត៌មាន​នៅ​ថ្ងៃទី ​២២ ខែឧសភា ឆ្នាំ ​២០២៣ ឱ្យដឹងថា អង្គការ​ WCS និង​រដ្ឋបាល​ជលផល​នៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ មាន​ក្ដី​សោម​​នស្ស​រីករាយ​ក្នុងការ​ប្រកាស​ពី​ភាព​ជោគជ័យ​ដ៏​អស្ចារ្យ​ស្ដីពី​ការទទួលបាន​កូនអណ្តើក​ហ្លួង​នេះ​។​

​អង្គការ WCS បាន​បញ្ជាក់ថា ក្នុង​រដូវ​ពង​កូន​ឆ្នាំ​ ២០២៣​ នេះ ក្រុម​អណ្តើក​ហ្លួង​ចិញ្ចឹម​សម្រាប់​បង្កាត់​ពូជ​នៅក្នុង​មជ្ឈមណ្ឌល​អភិរក្ស​សត្វ​ល្មូ​ន កោះកុង ពង​បាន ​២១​ សម្បុក ស្មើ​ ២៧២​ ពង ហើយ​ញាស់​បាន​ចំនួន​ ១២២​ កូន​។​

​បើ​ប្រៀបធៀប​ទៅនឹង​រដូវ​ពង​កូន​ឆ្នាំ​ ២០២២ គឺមាន​ការកើនឡើង​គួរឱ្យ​កត់​សម្គាល់ ដោយពេល​នោះ​ញាស់​បានតែ​ ៣០​ កូន​ក្នុងចំណោម​ពង​ ៩ ​សម្បុក​ដែលមាន​ ៨១​ ពង​។ នេះ​បើតាម​ការបន្ថែម​ពី​អង្គការ WCS​។​

​ប្រធាន​មជ្ឈមណ្ឌល​អភិរក្ស​សត្វ​ល្មូ​ន​កោះកុង​នៃ​អង្គការ WCS លោក​ Christopher Poyser បាន​លើកឡើងថា ការកើនឡើង​នូវ​ចំនួន​ពង​ក៏ដូចជា​ចំនួន​កូនអណ្ដើក​ហ្លួង​ក្នុង​រដូវ​ពង​កូន​លើក​នេះ គឺ​បានបង្ហាញ​ពី​លទ្ធផល​ដែល​ទទួលបាន​ពី​ការខិតខំ​ប្រឹងប្រែង​រប​ស់​ក្រុមការងារ​អភិរក្ស​សត្វ​ដ៏​កម្រ​ជិត​ផុត​ពូជ​នេះ​កន្លងទៅ​។

​លោក​បាន​ថ្លែងថា​៖ «​យើងខ្ញុំ​សង្ឃឹម​យ៉ាង​មុតមាំ​ថា ក្នុង​រដូវ​ពង​កូន​ក្នុង​ឆ្នាំ​បន្ទាប់​ចំនួន​កូនអណ្ដើក​ហ្លួង​នឹង​កាន់តែ​កើន​ឡើងជា​បន្តបន្ទាប់​ផងដែរ​»​។​

​ជាមួយគ្នានេះដែរ លោក អ៊ុក វិបុល ប្រធាន​នាយកដ្ឋាន​អភិរក្ស​ជលផល​ក៏បាន​លើកឡើង​ដែរ​ថា លោក​ពិត​ជាមាន​មោទនភាព​ណាស់​ដែល​ទទួល​បានកូន​អណ្ដើក​ហ្លួង​យ៉ាងច្រើន​ក្នុង​រដូវ​ពង​កូន​ក្នុង​ឆ្នាំ​ ២០២៣ ​នេះ​។ លោក​បាន​បញ្ជាក់ថា​៖ «​នេះ​ជា​ក្ដីសង្ឃឹម​ដ៏​ធំធេង​របស់​យើង​ដើម្បី​ស្ដារ​ចំនួន​ប្រភេទ​សត្វ​ដ៏​កម្រ​ជិត​ផុត​ពូជ​នេះ​ក្នុងប្រទេស​កម្ពុជា​»​។

​លោក​អ៊ុក វិបុល បាន​បន្តថា​៖ «​រដ្ឋបាល​ជលផល​សូម​ធ្វើការ​លើក​ទឹក​​ចិត្ត និង​គាំទ្រ​ពេញទំហឹង ក្នុង​ការបន្ដ​នូវ​កម្មវិធី​បង្កាត់​ពូជ​ក៏ដូចជា ជំរុញឱ្យមាន​ការសហកា​រ​កាន់តែ​ជិតស្និទ្ធ​រវាង​អាជ្ញាធរ និង​សហគមន៍​មូលដ្ឋាន​ដើម្បី​អភិរក្ស​សត្វ​ប្រភេទ​នេះ​ឱ្យ​កាន់​តែមាន​ភាពប្រសើរឡើង ហើយ​យើង​សង្ឃឹមថា អណ្តើក​ហ្លួង​ដែលជា​ប្រភេទ​ជិត​ផុត​ពូជ​នេះ​នឹងមាន​វត្តមាន​រស់នៅ​យូរអង្វែង​សម្រាប់​កូនចៅ​ជំនាន់​ក្រោយៗ​ទៀត​»​។​

​ទាក់ទង​នឹង​អណ្តើក​ហ្លួង​នេះ លោក នេត្រ ភក្ត្រា អ្នកនាំពាក្យ​ក្រសួងបរិស្ថាន បាន​អំពាវនាវ​ដល់​ប្រជា​នេសាទ ឱ្យចូល​រួម​ជួយ​អភិរក្ស​អណ្តើក​ហ្លួង ឬ​អណ្តើក​សរសៃ ដែលជា​ពូជ​អណ្តើក​កម្រ និង​ប្រឈម​នឹង​ការ​ផុត​ពូជ​នៅ​កម្ពុជា​ដើម្បីឱ្យ​សត្វ​នេះ​មានលទ្ធភាព​បង្កើន​វត្តមាន​ក្នុង​ជម្រក​ធម្មជាតិ ចៀសវាង​បាត់បង់​ដែល​ពិបាក​ស្តារឡើងវិញ​។

​លោក​ នេត្រ ភក្ត្រា បាន​ថ្លែងថា​៖ «​ខ្ញុំ​សូម​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ ប្រជា​សហគមន៍ ជាពិសេស​ប្រជា​នេសាទ សូម​ចូលរួម​ជាមួយ​រដ្ឋាភិបាល និង​អាជ្ញាធរ​ដើម្បី​អភិរក្ស​សត្វ​អណ្តើក​ហ្លួង និង​សត្វ​កម្រ​ដទៃៗ​ទៀត​ដោយ​កុំ​នេសាទ បរបាញ់ ដាក់​អន្ទាក់ និង​បរិភោគ​សាច់សត្វ​ព្រៃ ដើម្បីឱ្យ​ចំនួន​សត្វ​កម្រ​កើនឡើង​តួយ៉ាង​សត្វ​អណ្តើក​ហ្លួង​ជាដើម ដែល​អាច​ផ្តល់​ជា​សក្តានុពល​ផ្នែក​ទេសចរណ៍​ផង​»​។​

​សូម​បញ្ជាក់ដែរថា អណ្ដើក​ហ្លួង ដែលមាន​ឈ្មោះ​វិទ្យាសាស្ត្រ​ថា Southern River Terrapin (Bataguraffinis)​ ស្ថិតក្នុង​ប្រភេទ​អណ្ដើក​គោក និង​ទឹកសាប​ចំនួន ២៥ ​ប្រភេទ​ដែល​ជិត​ផុត​ពូជ​បំផុត​នៅលើ​ពិភព​លោក​។ ប្រភេទ​អណ្ដើក​នេះ ត្រូវបាន​កត់ត្រា​ក្នុង​បញ្ជី​ក្រហម​របស់​អង្គការ IUCN ថា ជា​ប្រភេទ​អណ្ដើក​ជិត​ផុត​ពូជ​បំផុត និង​ត្រូវបាន​ចាត់ទុកជា​ប្រភេទ​ល្មូ​ន​តំណាងឱ្យ​ប្រទេស​កម្ពុជា​ដែល​បានកំណត់​ក្នុង​ព្រះរាជក្រឹត្យ​កាលពី​ឆ្នាំ​ ២០០៥​។

​បើតាម​អង្គការ WCS ក្រុម​អ្នក​អភិរក្ស​ជឿថា អណ្ដើក​ហ្លួង​នេះ បាន​ផុត​ពូជ​អស់ហើយ​នៅក្នុង​ប្រទេស​កម្ពុជា តែ​រហូតដល់​ឆ្នាំ ​២០០០ រដ្ឋបាល​ជល​​ផល និង​អង្គការ WCS បាន​រកឃើញ​សាជាថ្មី​នូវ​ប្រភេទ​អណ្ដើក​ហ្លួង​នេះ​មួយចំនួន​តូច​នៅ​សេសសល់​តាម​ដងព្រែក​ស្រែអំបិល​។​

​បច្ចុប្បន្ន មជ្ឈមណ្ឌល​អភិរក្ស​ស​ត្វ​ល្មូ​ន​កោះកុង មាន​អណ្តើក​ហ្លួង​ចំនួន​ ២៨១​ ក្បាល ក្នុងនោះ​អណ្តើក​ហ្លួង​មេ​​ពូជ​សម្រាប់​កម្មវិធី​បង្កាត់​ពូជ​ចំនួន​ ៥០ ​ក្បាល និង​អណ្ដើក​ហ្លួង​វ័យ​ជំទង់ និង​ទើបតែ​ញាស់​ចំនួន​ ២៣១​ ក្បាល​។

​ចាប់តាំងពី ​២០១៥ ​មក អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ​បាន​លែង​អណ្ដើក​ហ្លួង​វ័យ​ជំទង់ និង​ពេញវ័យ​ចូល​ទីជម្រក​ធម្មជាតិ​វិញ​ចំនួន ១៦៦​ ក្បាល ដើម្បី​បង្កើន​ចំនួន​សត្វ​ប្រភេទ​នេះ​នៅក្នុង​ទីជម្រក​ធម្មជាតិ​៕