ភ្នំពេញៈ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាស​ជាថ្មីទៀត ពី​ការដាក់ឱ្យ​អនុវត្ត​ក្របខ័ណ្ឌ​គោលនយោបាយ​ស្ត្រី​ជាមួយ​កម្មការិនី​មាន​ផ្ទៃពោះ​ដោយ​រាជរដ្ឋាភិបាល នឹង​ផ្តល់​ការឧបត្ថម្ភ​បន្ថែមទៀត ដល់​កម្មការិនី​ទាំង​​អស់​ចាប់ពី​ពេល​ចាប់ផ្តើម​មាន​ផ្ទៃពោះ​ដំបូង រហូតដល់​កូន​មាន​អាយុ​ ២ ​ឆ្នាំ​។​

​ការប្រកាស​ដូច្នេះ ត្រូវបាន​ធ្វើឡើង​នៅក្នុង​ពិធី​សំណេះសំណាល​ជាមួយ​កម្មករនិយោជិត​, ទស្សនា​ពិព័រណ៍​សមិទ្ធផល​ក្នុង​តំបន់​សេដ្ឋ​កិច្ច​ពិសេស​ក្រុងព្រះសីហនុ និង​សម្ពោធ​ដាក់ឱ្យ​ដំណើរការ​រោង​ចក្រ​ផលិត​សម្បក​កង់​ដើម្បី​អប​​អរសាទរ​ខួប​លើក​ទី​១០ នៃ​គំនិត​ផ្ដួចផ្ដើម​ខ្សែក្រវាត់ និង​ផ្លូវ​ដែលជា​សមិទ្ធផល​កើតចេញពី​ន​យោ​បាយ ឬ​គំនិត​ផ្តួចផ្តើម «​ខ្សែក្រវាត់ និង​ផ្លូវ​» នា​ថ្ងៃទី​ ២២ ខែឧសភា ឆ្នាំ​ ២០២៣​។ លោកនាយក​រដ្ឋ​មន្ត្រី​លើកឡើងថា ការឧបត្ថម្ភ​​ថវិកា​ដល់​កម្មការិនី​ចាប់ពី​មាន​ផ្ទៃពោះ រហូតដល់​កូន​អាយុ​ ២ ​ឆ្នាំ ជា​គោលនយោបាយ​ជាក់លាក់ មិនមែន​ឆក់កណ្តៀត ឬ​ជាការ​សន្យា​ខ្យល់​នោះទេ​។

​លោក​មានប្រសាសន៍ថា​៖ «​ចាប់ផ្តើម​ពី​ការ​​ដាក់ចេញ​គោលនយោបាយ​គាំ​ពារ​សង្គម ខ្ញុំ​សម្រេច​ដាក់ឱ្យ​មុនគេ​គឺ​ការគិតគូរ​ដល់​ស្ត្រី​មាន​ផ្ទៃ​ពោះ ហើយ​មិនតែប៉ុណ្ណោះ កម្ម​ការិនី​មាន​ផ្ទៃពោះ ក្រោយពេល​សម្រាលកូន​ហើយក៏​អាច​ឈប់សម្រាក​បាន ៣​ ខែ​ផងដែរ និង​ថែមទាំង​បាន​ប្រាក់ខែ​ ១២០% ​ទៀត​។ អ៊ីចឹង​ខ្ញុំ​សង្ឃឹមថា ស្ត្រី​កម្មការិនី​ដទៃទៀត​នឹងមិន​ច្រ​​ណែន​ជាមួយនឹង​ស្ត្រី​មាន​ផ្ទៃ​ពោះ​ទេ​»​។​

​ជាមួយគ្នានេះ លោក ហ៊ុន​ សែន ក៏បាន​បញ្ជាក់ដែរថា ការ​ប្រកាស​នេះ គឺ​ផ្តល់ជូន​ចំពោះ​កម្មការិនី​ទាំងអស់​នៅក្នុង​វិស័យសេដ្ឋកិច្ច​ក្នុង​ប្រព័ន្ធ ដែល​គ្រប់គ្រង​ដោយ​ក្រសួង​ការងារ និង​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ​ប៉ុណ្ណោះ ខណៈ​លោក​ក៏បាន​ណែនាំ​ឱ្យ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ពិនិត្យមើល​លើ​គោលនយោបាយ​ផ្តល់ ​៤ ​ម៉ឺន​រៀល​បន្ថែមទៀត សម្រាប់​កម្ម​កា​រិ​នី​ពេល​ទៅពិនិត្យ​ផ្ទៃពោះ​ផងដែរ​។​

​ពាក់ព័ន្ធ​នឹង​រឿងនេះ លោក​អាត់​ធន់​ប្រធាន​សហភាព​ការងារ​កម្ពុជា បាន​ថ្លែងថា កន្លងមក​លោក​ឃើញថា ការអនុវត្ត​កម្មវិធី​ឧបត្ថម្ភ​សាច់​ប្រាក់​ជូន​កម្មករ​ជានា​រី ក្នុងពេល​មាន​បុត្រ របស់​រដ្ឋាភិបាល មាន​សកម្ម​ភាពជា​ហូរហែ ខណៈ​លោក​ថា នា​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ រាជរដ្ឋាភិបាល​កម្ពុជា​បាន​យកចិត្ត​​ទុកដាក់​ទៅលើ​ប្រព័ន្ធ​សន្តិសុខ​សង្គម​បាន​ច្រើន​ផងដែរ​។

​លោក អាត់ ធន់ ​ក៏បាន​ជំ​រុញឱ្យ​រដ្ឋាភិបាល​ត្រូវផ្តោត​ការយក​ចិត្ត​ទុកដាក់​លើ​ការងារ​ផ្សេងៗ​ទៀត ដូចជា សិទ្ធិ​កម្មករ និង​ដំឡើង​ប្រាក់ខែ​កម្មករ​បន្ថែមទៀត ពិសេស​ត្រូវអនុវត្ត​លើ​របប​សន្តិ​សុខ​សង្គម​ឱ្យបាន​ទូទាំងប្រទេស និង​កាន់​តែមាន​ប្រសិទ្ធភាព​ថែមទៀត ព្រោះ​កន្លងមក​ការអនុវត្ត​ប្រព័ន្ធ​នេះ​នៅមានកម្រិត​តិចតួច​នៅឡើយ​។​

​លោក ឈួ​រ សុ​បញ្ញា រដ្ឋលេខា​ធិ​ការ​ក្រសួង​សង្គមកិច្ច និង​ជា​ប្រតិភូ​រាជរដ្ឋាភិបាល ទទួលបន្ទុក​ជា​អគ្គនាយក​នៃ​មូលនិធិ​ជាតិ​ជំនួយ​សង្គម បាន​ថ្លែង​នៅ​ថ្ងៃទី ​២២ ខែឧសភា ឆ្នាំ​ ២០២៣​ ថា ក្រោយ​ទទួលបាន​អនុសាសន៍​ពី​លោកនាយក​រដ្ឋមន្ត្រី​ភ្លាម ក្រុម​​ការងារ​បច្ចេកទេស នៃ​ក្រសួង​សង្គមកិច្ច ក្រុមការងារ​ក្រសួង​ការងារ និង​អគ្គលេខាធិការដ្ឋាន​​ក្រុមប្រឹក្សា​ជាតិ​គាំពារ​សង្គម កំពុង​រៀបចំ​ការប្រជុំ ដើម្បី​សិក្សា​ពី​ទិដ្ឋភាព​បច្ចេកទេស សិក្សា​ទិ​ដ្ឋ​ភាព​ឯកសារ​គតិយុត្ត និង​យន្ត​ការ​បច្ចេកទេស​នានា សំដៅ​ឈានទៅ​អនុវត្តតាម​អនុសាសន៍​នេះ ឱ្យបាន​ឆាប់រហ័ស និង​កាន់​តែមាន​ប្រសិទ្ធភាព​។

​លោក​បញ្ជាក់ថា​៖ «​អ្វីដែល​សម្តេច​តេ​ជោ ហ៊ុន​ សែន មានប្រសាសន៍ គឺ​សំដៅលើ​ការឧបត្ថម្ភ​ថវិកា​ចំនួន ៤​ ដង មុន​សម្រាល និង​ ១០ ​ដង​ក្រោយ​សម្រាល មានន័យថា យើង​ធ្វើ​ទៅតាម​យន្តការ និង​អនុក្រឹត្យ​ចាស់​»​។​

​លោក ឈួ​រ សុ​បញ្ញា ពន្យល់ថា យន្តការ និង​អនុក្រឹត្យ​ចាស់​នេះ គឺ​បាន​កំណត់ថា ការផ្តល់ប្រាក់​ឧបត្ថម្ភ​មុន​សម្រាល ​៤ ​ដង ដែល​ម្តង​បាន​ប្រាក់​ ៤ ​ម៉ឺន​រៀល​, ពេល​សម្រាល គឺ​សម្រាប់​កម្មការិនី​ទទួលបាន ​៤០ ​ម៉ឺន​រៀល ដោយ​អាស្រ័យ​លើ​ចំនួន​កូន ​១ ឬ​ ២​ នាក់​ជាដើម ហើយ​ក្រោយ​សម្រាល​ ១០​ ដង​ទៀត គឺ​ទទួលបាន​ម្តងៗ ​៤​ ម៉ឺន​រៀល​។ អ៊ីចឹង​សរុប​ ១០​ ដង​នេះ​អាច​បាន​ ៤០ ម៉ឺន​រៀល​រហូតដល់​កូន​អាយុ​ ២ ​ឆ្នាំ​។​

​បើតាម​លោកនាយក​រដ្ឋមន្ត្រី ការអនុវត្ត​ការឧបត្ថម្ភ​បន្ថែមទៀត​ដល់​កម្មការិនី​មាន​ផ្ទៃពោះ​នាពេលនេះ ក៏​មិនអាច​ដួលរលំ​សេដ្ឋកិច្ច​កម្ពុជា​ដែរ​ប៉ុន្តែ​ផ្ទុយទៅវិញ​វា​ក៏បាន​ជួយ​កម្មការិនី​ឱ្យមាន​សុខ​ភាពល្អ​ថែមទៀត ខណៈ​បច្ចុប្បន្ន រាជរដ្ឋាភិបាល​មានកម្ម​វិធី​មួយ​ដែល​កំពុង​អនុវត្ត​ដោយ​ក្រសួង​សង្គមកិច្ច ដែល​មកដល់ពេលនេះ មាន​ស្ដ្រី​ជិត​ ៥​ សែន​គ្រួសារ បាន​ប្រើ​ថវិកា​អស់​ចំនួន​ ១៥ ០០០ លាន​ដុល្លារ​រួចហើយ​។​

​យោងតាម​របាយការណ៍​របស់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈបានឱ្យដឹងថា គិត​ត្រឹម​ត្រីមាស​ទី​ ១ ឆ្នាំ​ ២០២៣ ​នេះ មានកម្ម​ការិនី​ឆ្លងទន្លេ​ចំនួន​សរុប​ជាង ៣៥​ ម៉ឺន ៦​ ពាន់​នាក់ ដែលមាន​ចំនួន​កូនជាង​ ៣៥ ​ម៉ឺន ៨​ ពាន់​នាក់ បានផ្តល់​ប្រាក់ឧបត្ថម្ភ​សរុប​ជាង​ ១៤៣ ​ប៊ី​លាន​រៀល ឬ​ស្មើនឹង​ប្រមាណ​ជាង ៣៥​ លាន​ដុល្លារ​អាមេរិក​៕