ភ្នំពេញៈ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ព្រមាន​ធ្ងន់ៗ​ទៅដល់​បណ្តា​អង្គទូត​នានា​ប្រចាំ​នៅ​កម្ពុជា ឱ្យ​បញ្ឈប់​កិច្ច​អន្តរាគមន៍​ជួយ​ដល់​អ្នក​ជាប់ទោស និង​រក្សា​ភាព​ស្ងៀមស្ងាត់ ចាប់ពីពេលនេះ​រហូត​ទៅ​ដល់ពេល​ការ​​បោះឆ្នោត ដោយ​ទុកឱ្យ​កម្ពុជា​ប្រើប្រាស់​នូវ​វិធាន​ក្នុងស្រុក​ដើម្បី​ដោះស្រាយ​បញ្ហា​ប្រជាធិបតេយ្យ​របស់ខ្លួន​។​

​ក្នុង​ពិធី​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​អគារ​មជ្ឈមណ្ឌល​ពហុ​ឯកទេស ​«​អគារ​តេ​ជោ​អភិ​វឌ្ឍន៍​» នៅ​មន្ទីរពេទ្យ​កាល់ម៉ែត នា​ព្រឹក​ថ្ងៃទី​ ២៣ ខែឧសភា លោក ហ៊ុន សែន បានបញ្ជាក់​ជាថ្មី​ម្តងទៀត​នៅ​ចំពោះមុខ​បណ្តា​អង្គទូត​នានា​ដែលមាន​ទី​ស្នាក់​ការ​នៅ​កម្ពុជា និង​ដែល​បាន​ចូលរួម​ក្នុង​ពិធី​នោះ​ថា លោក​មិនអាច​ទុកចិត្ត​បណ្តា​អង្គទូត​បរទេស​នោះទេ​ព្រោះ​ធ្វើការ​ជា​មួយ​លោក​ហើយ តែ​បែរជា​ទៅធ្វើ​ការ​ជាមួយ​អ្នក​មានទោស​ទៅវិញ​។

​ត្រង់ចំណុច​នេះ លោក​ ហ៊ុន សែន បានស្នើ​ដល់​បណ្តា​អង្គទូត​ទាំងនោះ​សូមកុំ​បន្ត​ជ្រៀត​​ជ្រែក​កិច្ចការ​ផ្ទៃក្នុង​របស់​កម្ពុជា ព្រមទាំង​ត្រូវ​រក្សា​ភាព​ស្ងៀម​ស្ងាត់​ព្រោះ​ជិត​ដល់​ថ្ងៃ​ដែល​កម្ពុជា​រៀបចំ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី ​៧ ឆ្នាំ​ ២០២៣​។​

​លោក​ថ្លែងថា​៖ «​យើង​និយាយ​គ្នា​ដោយ​ត្រង់ៗ ព្រោះ​ជិត​បោះ​​ឆ្នោត​ហើយ អស់លោក​អាច​ស្រែក​ពី​លិច​ស្រែក​ពី​កើត​។ អ៊ីចឹង​! វា​រំខាន​ដល់​ពួក​ខ្ញុំ​ដែរ អាហ្នឹង​ខ្ញុំ​ត្រូវតែ​ហ៊ាន​និយាយ ព្រោះ​ជួប​មុខ​គ្នា​ហើយ​! កុំឱ្យ​ថា លោក ហ៊ុន សែន​និយាយ​បានតែ​ពីក្រោយ​ខ្នង តែ​និយាយ​ពីក្រោយ​ខ្នង​និយាយ​ដាក់​មេក្រូ​»​។ បន្ថែម​ពីនេះ​លោកនាយក​​រដ្ឋមន្ត្រី ក៏បាន​បង្ហាញ​ភាព​ធុញទ្រាន់ នឹង​ការជ្រៀតជ្រែក​ពី​ប្រទេស​ខាងក្រៅ​ដោយ​លោក​ចាត់ទុកថា ដោយសារតែ​មានការ​ជ្រៀតជ្រែក​ពី​បរទេស កាលពី​អតីតកាល​នេះហើយ​ទើប​ធ្វើឱ្យ​ប្រជា​ជន​ខ្មែរ​ស្លាប់​អស់​រាប់លាន​នាក់​។​

​លោក​បាន​ចោទ​សួរថា​៖ «​ហេតុអ្វី​បានជា​ចូលចិត្ត​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​របស់​ប្រទេស​រដ្ឋ​អធិបតេយ្យ​មួយ​នេះ​ម្លេ​៉ះ​? សុំ​មើល​កម្ពុជា​ឱ្យ​ឆ្ងាយ​ជាង​កម្ពុជា ព្រោះ​កម្ពុ​ជាមាន​សិទ្ធិ​តួនាទី​នៅក្នុង​អាស៊ាន​។ អ្នកឯង​មាន​សិទ្ធិ​មិន​ជឿ​ខ្ញុំ ហើយ​ខ្ញុំ​ក៏មាន​សិទ្ធិ​មិន​ជឿ​អ្នកឯង​ដែរ​។ អ៊ីចឹង​ដូច​ករណី​តុលាការ​កាត់ទោស ​(​កឹម សុខា​) រឿង​អី​ខ្ញុំ​ត្រូវ​លើកលែងទោស ដោយសារ​ខ្ញុំ​មិន​ជឿទុកចិត្ត​ពួក​បរទេស​ដែល​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​របស់​ប្រទេស​ខ្ញុំ​»​។

លោក យង់ ពៅ អគ្គលេខាធិការ​នៃ​រាជបណ្ឌិត្យសភាកម្ពុជា ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នា​ថ្ងៃទី​ ២៣ ខែឧសភា ថា ប្រសិនបើ​អ្នកនយោបាយ​កម្ពុជា​នៅតែ​ទាញ​បរទេស​ចូល​នៅក្នុង​កិច្ចការ​នយោបាយ​ផ្ទៃក្នុង​របស់ខ្លួន មិន​ត្រឹមតែ​រំលោភ​រដ្ឋ​​ធម្មនុញ្ញ​ទេ វា​ធ្វើឱ្យ​ប្រទេស​កម្ពុជា​បាត់​លំនឹង ដូច​កាល​នៅ​ក្នុងសម័យ​សង្គ្រាមត្រជាក់​។ កម្ពុជា​ត្រូវតែ​រក្សា​លំនឹង​ខ្លួនឯង កុំ​ទាញ​បរទេស​ចូល​ពាក់ព័ន្ធ​គឺ​មិនមែនជា​ការល្អ​ទេ​។

លោក​បន្ថែមថា​៖ «​ប្រសិនបើ​យើង​ពិនិត្យមើល​នៅក្នុង​នយោបាយ​ប្រទេសជិតខាង គេ​បាន​ប្រកាន់​នូវ​ឥរិយាបថ​នេះ​បានល្អ​។ គេ​មិន​អូសទាញ​អ្នក​បរទេស​ចូល​ពាក់ព័ន្ធ​ទេ ថៃ​ជាដើម​បោះឆ្នោត​ហើយ​ថ្មីៗ​នេះ​»​។

​លោក យង់ ពៅ បន្តថា​៖ «​អ៊ីចឹង​ដូចគ្នា​ដែរ ការអំពាវនាវ​ទៅដល់​បរទេស​ដើម្បី​ចៀសវាង​ការពាក់ព័ន្ធ​ទៅ​អ្នកនយោបាយ​នេះ​គឺ​ដើម្បី​បង្ការ​ទប់ស្កាត់​ក្រែងលោ​អ្នកនយោបាយ​កម្ពុជា​ទៅ​ផ្សារភ្ជាប់​ខ្លួន​ទៅនឹង​បរទេស ពីព្រោះ​យើង​ដឹង​ហើយ​ថា ប្រជាពលរដ្ឋ​យើង​ជា​ម្ចាស់ឆ្នោត​ហ្នឹង​មាន​គេ​ហៅថា ជំងឺ​បរទេស​និយម​។ បាន​អ្នកនយោបាយ​ផ្សារភ្ជាប់​ខ្លួន​ទៅ​បរទេស​នេះ បរទេស​នោះ​ទៅ ធ្វើឱ្យ​គាត់​មានការ​លំអៀង​ទៅលើ​ការសម្រេចចិត្ត​អី​ជាដើម អាហ្នឹង​រឿង​មួយ​។ រឿង​មួយទៀត គឺ​វា​បាត់​លំនឹង​នយោបាយ​ការបរទេស​ខ្លួនឯង និង​រំលោភ​ធម្មនុញ្ញ​ទៅទៀត​»​។​

​ជាមួយគ្នានេះ លោក គិ​ន ភា ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​រាជ​​ប​ណិ្ឌ​ត្យ​សភា​កម្ពុជា ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍ ថា ការ​ថ្លែង​របស់លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន គឺ​ថ្លែង​ក្នុងនាម​ជា​នាយករដ្ឋមន្ត្រី​នៃ​រដ្ឋ​អធិបតេយ្យ​មួយ​ដែល​មិន​ចង់​មើលឃើញ​ការជ្រៀតជ្រែក​ពី​សំណាក់​រដ្ឋ​ខាងក្រៅ​មកលើ​កិច្ចការ​ផ្ទៃ​ក្នុង​របស់​ប្រទេស​កម្ពុជា​ដែលជា​រដ្ឋ​អធិបតេយ្យ ហើយ​ថា «​ពីព្រោះ​កន្លងមក យើង​ឃើញជាក់ស្ដែង មាន​ទូត​បរទេស​មួយចំនួន​ពិតប្រាកដ​បាន​ដើរ​ហួស​ពី​តួ​នាទី​របស់​អ្នកការទូត​ត្រូវធ្វើ និង​គួរ​ធ្វើ ជាពិសេស​គឺ​ការពាក់ព័ន្ធ​ជាមួយនឹង​អ្នក​ដែល​ត្រូវបាន​ចោទប្រកាន់ ឬក៏​ត្រូវបាន​ផ្តន្ទាទោស​នៅ​តុលាការ ក៏ប៉ុន្តែ​ការមើលឃើញ​ខុសគ្នា​រវាង​រដ្ឋាភិបាល​ក​ម្ពុ​ជា​និង​តំណាង​ទូត​បរទេស​ជុំវិញ​បទល្មើស​នីមួយៗ​ដែលនាំឱ្យ​មានការ​បកស្រាយ​ខុសគ្នា​»​។​

​លោក​បន្ថែមថា កន្លងមក​ទូត​បរទេស​មួយចំនួន​ហាក់ដូចជា​ដាក់​លក្ខខណ្ឌ​នៃ​ទំនាក់ទំនង​ការទូត​រវាង​កម្ពុជា​ជាមួយ​ប្រទេស​របស់ខ្លួន​ត្រឹមតែ​ជាការ​ដោះដូរ​ជាមួយនឹង​អ្នកទោស​ម្នាក់ ឬក៏​ទណ្ឌិត​ម្នាក់​ឬក៏​បញ្ហានយោបាយ​ណាមួយ​ដែលជា​ទិដ្ឋភាព​កិច្ចការ​ផ្ទៃក្នុង​របស់​កម្ពុជា ដែល​ចំណុច​នេះ​ក៏​មិនគួរ​មាន​តទៅទៀត​ដែរ​។ មួយវិញទៀត​កម្ពុជា​បាន​ដំណើរ​​ការ​ប្រជាធិបតេយ្យ​របស់ខ្លួន​មក​យូរ​ក្រែល​ហើយ​ដែរ បើ​គិត​ចាប់តាំងពី​ឆ្នាំ​ ១៩៩៣​។ ដូច្នេះ កម្ពុជា​ល្មម​នឹង​អាច​ដើរ​ដោយ​ខ្លួនឯងបាន​លើ​ជំហាន​ប្រជា​ធិបតេយ្យ ហើយ​បរទេស​ខាងក្រៅ​គួរតែ​បញ្ចប់​ការផ្ដល់​នូវ​បាឋកថា ឬក៏​ផ្ដល់​មេរៀន​អំពី​ប្រជាធិបតេយ្យ​ដល់​ប្រទេស​កម្ពុជា​តទៅទៀត​។​

​លោក គិ​ន ភា បាន​បន្តថា​៖ «​បើ​យើង​និយាយ​អំពី​ប្រជាធិបតេយ្យ សិទ្ធិមនុស្ស នីតិរដ្ឋ​ហ្នឹង យើង​ពិបាក​ដែរ​ដោយសារតែ​វា​មាន​ស្តង់ដា​ពីរ​បី (Double stan-dard) ដែល​ត្រូវបាន​អនុវត្ត​នៅក្នុង​បណ្ដា​ប្រទេស​នានា​ហ្នឹង​។ គេ​និយាយ​ប្រជាធិបតេយ្យ​តែ​ក្នុង​លក្ខខណ្ឌ​ផល​ប្រយោជន៍​ជា​យុទ្ធសាស្ត្រ ផលប្រយោជន៍​ជាតិ​គេ​»​។

​លោក​បាន​បន្ថែមថា​៖ «​នៅក្នុង​លោក​នេះ​គ្មានទេ​គំរូ​ប្រជាធិបតេយ្យ​ដែល​ល្អឥតខ្ចោះ គឺ​មានតែ​ប្រជាធិបតេយ្យ​ដែល​អាច​រស់​ជាមួយនឹង​ស្ថានភាព​ជាក់ស្ដែង ហើយ​វា​ស៊ីគ្នា​ទៅនឹង​ទិដ្ឋភាព ឬក៏​បរិបទ​ប្រវត្តិសាស្ត្រ វប្បធម៌​ប្រពៃណី​ទំ​នៀម​ទម្លាប់ ស្ថានភាព​សង្គម​នយោបាយ​នៃ​ប្រទេសមួយៗ​»៕