
ប្រជាពលរដ្ឋនេសាទត្រីក្នុងទន្លេសាប នាពេលកន្លងទៅ។ រូបថត ហុង មិនា
ភ្នំពេញៈ រដូវបិទនេសាទឆ្នាំនេះចាប់ផ្តើមអនុវត្តពីថ្ងៃទី ១ ខែមិថុនា ដល់ថ្ងៃទី ៣០ ខែកញ្ញា សម្រាប់តំបន់ដែននេសាទខាងជើងខ្សែស្របទន្លេចតុមុខ និងចាប់ពីថ្ងៃទី ១ ខែកក្កដា ដល់ថ្ងៃទី ៣១ ខែតុលា សម្រាប់តំបន់ខាងត្បូងខ្សែស្របទន្លេចតុមុខ។
នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ សេចក្តីជូនដំណឹងរបស់ក្រសួងកសិកម្ម ចុះថ្ងៃទី ១៩ ខែឧសភា ដែលភ្នំពេញ ប៉ុស្តិ៍ ទទួលបាននៅថ្ងៃទី ២៣ ខែឧសភា បានបញ្ជាក់ថា រដូវបិទនេសាទក្នុងដែននេសាទទឹកសាបចាប់ផ្តើមពីថ្ងៃទី ១ ខែមិថុនា ដល់ថ្ងៃទី ៣០ ខែកញ្ញា ចំពោះដែននេសាទទឹកសាប រួមមាន ខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ សៀមរាប ឧត្តរមានជ័យ ព្រះវិហារ រតនគិរី មណ្ឌលគិរី ក្រចេះ ត្បូងឃ្មុំ កំពង់ចាម កំពង់ធំ និងមួយផ្នែកនៃរាជធានីភ្នំពេញ និងខេត្តកណ្តាល ដែលនៅខាងជើងខ្សែស្របទន្លេចតុមុខ។
ប្រភពដដែលបន្ថែមថា ចំណែក ខេត្តព្រៃវែង ស្វាយរៀង តាកែវ ខេត្តកំពង់ស្ពឺ និងមួយផ្នែកនៃរាជធានីភ្នំពេញ និងខេត្តកណ្ដាល ដែលនៅខាងត្បូងខ្សែស្របទន្លេចតុមុខចាប់ផ្តើមពីថ្ងៃទី ១ ខែកក្កដា ដល់ថ្ងៃទី ៣១ ខែតុលា។
ក្នុងសេចក្តីប្រកាសព័ត៌មាននោះបញ្ជាក់ថា៖ «នៅក្នុងរយៈពេលបិទនេសាទនេះ អ្នកនេសាទទាំងអស់ត្រូវប្រើតែឧបករណ៍នេសាទគ្រួសារដែលមានចែងក្នុងប្រកាសលេខ៤៥៨ ប្រក.កសក ចុះថ្ងៃទី ២២ ខែតុលា ឆ្នាំ ២០១២»។
តាមរយៈសេចក្តីជូនដំណឹងនោះក្រសួងកសិកម្មបានអំពាវនាវដល់សាធារណជន និងអ្នកនេសាទឱ្យចូលរួមអនុវត្ត ជាពិសេសអនុវត្តតាមអនុសាសន៍ទាំង៧ចំណុចរបស់ប្រមុខរាជរដ្ឋាភិបាលឱ្យបានខ្ជាប់ខ្ជួនដើម្បីថែរក្សាការពារធនធាន ជលផលឱ្យបានគង់វង្សសម្រាប់កូនចៅជំនាន់ក្រោយៗទៀត។
លោក ហេង សុភារិទ្ធ នាយខណ្ឌរដ្ឋបាលជលផលខេត្តកណ្ដាលថ្លែងនៅថ្ងៃទី ២៣ ឧសភាថា ដែននេសាទទឹកសាបខាងជើងខ្សែស្របទន្លេចតុមុខក្នុងខេត្តកណ្តាលមាន ២ ស្រុកគឺស្រុកមុខកំពូលនិងស្រុកពញាឮ។ចំណែកខាងត្បូងខ្សែស្របទន្លេចតុមុខមានស្រុកខ្សាច់កណ្តាល លើកដែក និងស្រុកកោះធំ។
លោកថា ក្នុងរដូវបិទនេសាទមិនមែនហាមឃាត់មិនឱ្យពលរដ្ឋនេសាទទេ ប៉ុន្តែការនេសាទត្រូវអនុវត្តតាមច្បាប់ជលផលដែលអនុញ្ញាត។ ក្នុងរដូវបិទនេសាទពលរដ្ឋអាចប្រើឧបករណ៍នេសាទបានតាមលក្ខណៈគ្រួសារ ដូចជា សន្ទូច និងសំណាញ់ជាដើម ប៉ុន្តែឧបករណ៍នេសាទដូចជា ម៉ាញ់ អួន ជន ឈ្នក់ ដាយត្រី ជាដើម មិនអនុញ្ញាតឡើយ។
លោក ហេង សុភារិទ្ធ ប្រាប់ថា ដើម្បីឱ្យប្រាកដថា ពលរដ្ឋចុះនេសាទបានត្រឹមត្រូវឬមិនត្រឹមត្រូវនោះ មន្ត្រីរដ្ឋបាលជលផលក្នុងភូមិសាស្ត្រខេត្តកណ្តាលនឹងចុះឃ្លាំមើល ដោយសហការជាមួយគណៈបញ្ជាការឯកភាពប៉ុស្តិ៍ នៅគ្រប់គោលដៅសំខាន់ៗនៅកន្លែងអភិរក្សចំនួន ៥ និងអន្លង់អភិរក្សចំនួន ១២ កន្លែង កុំឱ្យមានការចាប់យកត្រីមេពូជ។
លោកថា៖ «ឥឡូវនេះបទល្មើសជលផលគឺហាក់បីដូចជាថយចុះជាងមុន។ បងប្អូនពលរដ្ឋមួយចំនួនធំគាត់យល់ ដោយសារការងារពួកខ្ញុំបានផ្សព្វផ្សាយ»។ លោក ម៉ុក ពន្លក នាយខណ្ឌរដ្ឋបាលជលផលខេត្តក្រចេះថ្លែងនៅថ្ងៃទី ២៣ ខែឧសភាថា បន្ទាប់ពីទទួលបានសេចក្តីជូនដំណឹងលោកនឹងផ្សព្វផ្សាយឱ្យពលរដ្ឋជ្រួតជ្រាបតាមរយៈអាជ្ញាធរភូមិ-ឃុំ។
ចំណែកមន្ត្រីរដ្ឋបាលជលផលក៏នឹងយកសេចក្តីចម្លងសេចក្តីជូនដំណឹងទៅបិទនៅតាមទីតាំងសំខាន់ៗដើម្បីឱ្យពលរដ្ឋបានដឹងថា ចាប់ពីថ្ងៃទី ១ ខែមិថុនា ទៅជារដូវបិទនេសាទ មិនអនុញ្ញាតការនេសាទដោយប្រើឧបករណ៍នេសាទក្រៅពីនេសាទជាលក្ខណៈគ្រួសារឡើយ៕