
អ្នកជំងឺមកពីខេត្តកំពតនៅមុខមន្ទីរសម្រាកព្យាបាលមិត្តភាពមណ្ឌលនៃក្ដីសង្ឃឹមដែលត្រូវបានបិទទ្វារ។ រូប រីតា
ភ្នំពេញៈ ក្រុមហ៊ុនសេនធ័រ អហ្វ ហូប ហ្វនស៊ីប គ្លីនិក ឯ.ក ស្នើទៅកាន់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីសូមឱ្យជួយអន្តរាគមន៍ទៅក្រសួងសុខាភិបាល អនុញ្ញាតឱ្យបើកដំណើរការឡើងវិញនូវមន្ទីរសម្រាក និងព្យាបាលទាំង ៣ ទីតាំងរបស់ខ្លួនដោយលើកឡើងថា អ្នកជំងឺលើសសម្ពាធឈាម ទឹកនោមផ្អែម ជំងឺបេះដូង ត្រូវការថ្នាំលេបជាប្រចាំជាចាំបាច់។
ការស្នើសុំនេះ បានធ្វើឡើងនៅតាមរយៈសេចក្តីថ្លែងការណ៍ចុះថ្ងៃទី ២២ ខែឧសភា ស្តីពីការបិទមន្ទីរសម្រាកព្យាបាលទាំង ៣ ទីតាំង គឺមន្ទីរសម្រាកព្យាបាលមិត្តភាពមណ្ឌលនៃក្តីសង្ឃឹម មន្ទីរសម្រាកព្យាបាល មិត្តភាពចតុមុខ និងមន្ទីរសម្រាកព្យាបាល មិត្តភាពពោធិ៍ចិនតុង។
ក្រុមហ៊ុនសេនធ័រ អហ្វ ហូប ហ្វនស៊ីប គ្លីនិក ឯ.ក បានលើកឡើងថា មន្ទីរសម្រាកព្យាបាលទាំង ៣ គឺបានដំណើរការស្របច្បាប់តាំងពីឆ្នាំ ២០២១ និងបានជួយអ្នកជំងឺចំនួនជាង ៨៩ ៦២៨ នាក់ ក្នុង ១ ឆ្នាំ ដើម្បីទទួលបានការថែទាំសុខភាពដែលមានគុណភាពល្អ និងតម្លៃសមរម្យ។
ក្រុមហ៊ុននេះបានបន្តថា អ្នកជំងឺក្រីក្រដែលតែងតែមកទទួលសេវានៅទីនេះ គឺទទួលបានការបញ្ចុះតម្លៃ ហើយពួកគាត់ នឹងមិនអាចមានថវិកាទៅកន្លែងផ្សេងបានទេ បើមិនបើកដំណើរការមន្ទីរសម្រាកព្យាបាលទាំងនេះឡើងវិញ ខណៈបុគ្គលិក គ្រូពេទ្យចំនួន ២៥០ នាក់ កំពុងរង់ចាំចូលធ្វើការវិញយ៉ាងអន្ទះសា ដោយសារពួកគេត្រូវការប្រាក់ផ្គត់ផ្គង់ជីវភាពគ្រួសារ។
សេចក្តីថ្លែងការណ៍បញ្ជាក់ថា៖ «យើងខ្ញុំសូមសំណូមពរដល់ក្រសួងសុខាភិបាល មេត្តាអនុញ្ញាតឱ្យយើងខ្ញុំបានបើកដំណើរការមន្ទីរសម្រាក និងព្យាបាលទាំង ៣ ទីតាំងវិញ ក្នុងពេលឆាប់ៗនេះផង មូលហេតុ អ្នកជំងឺលើសសម្ពាធឈាម ទឹកនោមផ្អែម ជំងឺបេះដូង ត្រូវការថ្នាំលេបជាប្រចាំ។ យើងខ្ញុំទាំងអស់គ្នា សូមលើកដៃសំពះសុំសម្តេចពុក សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ម្ចាស់ស្ថាបនិកសន្តិភាព សូមជួយកូនចៅ និងជួយអន្តរាគមន៍ទៅក្រសួងមានសមត្ថកិច្ច ដើម្បីកូនចៅមានកន្លែងធ្វើការឡើងវិញ»។
ក្រៅពីស្នើសុំបែបនេះ ក្រុមហ៊ុនសេនធ័រ អហ្វ ហូប ហ្វនស៊ីប គ្លីនិក ឯ.ក ក៏បានទទួលស្គាល់ថា មន្ទីរសម្រាកព្យាបាលទាំង ៣ បាននិងកំពុងរៀបចំធ្វើលើរបាយការណ៍អំពីសកម្មភាពព្យាបាលអ្នកជំងឺ និងការផ្ទេរ ឬផ្លាស់ប្ដូរអាជ្ញាប័ណ្ណដែលមានស្រាប់របស់វេជ្ជបណ្ឌិត ដែលជាអ្នកឈរឈ្មោះទទួលខុសត្រូវចំពោះមុខអាជ្ញាធរសុខាភិបាល ដើម្បីឱ្យស្របតាមវិធានរបស់ក្រសួងសុខាភិបាល។
ប៉ុន្តែជាអកុសល មន្ទីរសម្រាកព្យាបាល ត្រូវបានបញ្ជាឱ្យបិទទ្វារមុនពេលដែលក្រុមការងារបញ្ចប់កិច្ចការរដ្ឋបាលនេះទៅវិញ។ នេះបើតាមការលើកឡើងរបស់ក្រុមហ៊ុននេះក្នុងសេចក្តីថ្លែងការណ៍ ហើយបានបញ្ជាក់ថា ក្រុមហ៊ុន តែងតែមានគោលជំហរអនុវត្តតាមច្បាប់ បទបញ្ជា និងការណែនាំពីអាជ្ញាធរមានសមត្ថកិច្ចជានិច្ច។
សេចក្តីថ្លែងការណ៍ដដែលបានបញ្ជាក់ថា៖ «យើងខ្ញុំសូមអភ័យទោស និងមានសេចក្តីសោកស្តាយជាខ្លាំងចំពោះកំហុសដោយអចេតនាលើបែបបទរដ្ឋបាលនេះ។ ប៉ុន្តែយើងខ្ញុំសូមបញ្ជាក់ថា មិនមានអ្នកជំងឺ ឬអតិថិជនរបស់យើងណាម្នាក់មានគ្រោះថ្នាក់ ឬហានិភ័យណាមួយដោយសារការបំពេញវិជ្ជាជីវៈ កំហុសរដ្ឋបាល និងបច្ចេកទេសសុខាភិបាលរបស់មន្ទីរសម្រាកព្យាបាល យើងខ្ញុំឡើយ»។
យ៉ាងណាក្តីនៅថ្ងៃទី ២៤ ឧសភា ភ្នំពេញ ប៉ុស្តិ៍ មិនអាចសុំការអត្ថាធិប្បាយបន្ថែមពីលោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល ដើម្បីឆ្លើយតបទៅនឹងសំណើទាំងនេះបានទេ ដោយសារតែលោកស្រីមិនលើកទូរស័ព្ទ។
កាលពីថ្ងៃទី ១២ ខែឧសភា មន្ទីរសម្រាកព្យាបាលទាំង ៣ ត្រូវបានក្រសួងសុខាភិបាលប្រកាសបិទក្នុងថ្ងៃតែ ១ ដោយមូលហេតុថា ពុំមានវេជ្ជបណ្ឌិតឈរឈ្មោះទទួលខុសត្រូវ និងមិនបានផ្ញើរបាយការណ៍ជូនក្រសួងតាមច្បាប់កំណត់។ បន្ទាប់ពីប្រកាសបិទ នៅថ្ងៃទី ១៣ ឧសភា ក្រសួងសុខាភិបាល ក៏បានចេញលិខិតបំភ្លឺជាថ្មី ដោយអះអាងថា ការបិទមន្ទីរសម្រាកព្យាបាលនៅរាជធានីភ្នំពេញទាំងនេះ ក៏ព្រោះតែមន្ទីរសម្រាកព្យាបាលទាំងនេះមិនគោរពតាមច្បាប់ទម្លាប់។
លិខិតបំភ្លឺដែលចុះហត្ថលេខាដោយលោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលបញ្ជាក់ថា៖ «កន្លងទៅក្រសួង ធ្លាប់បានបិទគ្លីនិកឯកជនមួយចំនួន ដែលមិនគោរពតាមច្បាប់ទម្លាប់ ឬក៏បានប្រព្រឹត្តទង្វើមិនសមស្រប តាមគោលការណ៍បច្ចេកទេស ហើយក្រសួងនឹងបន្តធ្វើការត្រួតពិនិត្យបច្ចេកទេសនេះតាមរយៈក្រុមការងារដែលបានបង្កើតឡើងរួចហើយ នៅតាមសេវាឯកជនផ្សេងៗទៀតនៅទូទាំងព្រះរាជាណាចក្រកម្ពុជា»៕