
លោករដ្ឋមន្ត្រីកសិកម្ម ឌិត ទីណា នៅខេត្តក្រចេះពីថ្ងៃទី ២៣ ឧសភា។ រូប ក្រសួង
ក្រចេះៈ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ឌិត ទីណា បានណែនាំកសិករឱ្យធ្វើការសិក្សាពីបច្ចេកទេស នៃការចិញ្ចឹមមាន់ជាលក្ខណៈគ្រួសារ និងស្វែងយល់ពីខ្សែចង្វាក់នៃការផ្គត់ផ្គង់ និងតម្លៃទីផ្សារ ព្រមទាំងប្រសិទ្ធភាពសេដ្ឋកិច្ចឱ្យបានច្បាស់លាស់។
លោករដ្ឋមន្ត្រីបានធ្វើការណែនាំបែបនេះ ក្នុងពេលដឹកនាំក្រុមការងារបច្ចេកទេសរបស់ក្រសួង ចុះត្រួតពិនិត្យបណ្ដុំអាជីវកម្មបន្លែផ្ទះសំណាញ់របស់ប្រជាពលរដ្ឋ និងបណ្ដុំអាជីវកម្មចិញ្ចឹមមាន់លក្ខណៈគ្រួសារ នៅឃុំចង្គ្រង់ និងឃុំថ្មគ្រែ ស្រុកចិត្របុរី ខេត្តក្រចេះនៅព្រឹកថ្ងៃទី ២៣ ឧសភា។
លោក ឌិត ទីណា បានចុះទៅពិនិត្យបន្លែក្នុងផ្ទះសំណាញ់ និងពិនិត្យបណ្តុំអាជីវកម្មចិញ្ចឹមមាន់ជាលក្ខណៈគ្រួសារ ព្រមទាំងបានជជែកសួរសុខទុក្ខដល់ប្រជាកសិករនៅទីនោះ។ លោកគូសបញ្ជាក់ថា ការសិក្សាពីបច្ចេកទេសច្បាស់លាស់នៃការចិញ្ចឹម ការស្វែងយល់ពីខ្សែចង្វាក់នៃការផ្គត់ផ្គង់ និងតម្លៃទីផ្សារ និងប្រសិទ្ធភាពសេដ្ឋកិច្ចជាកត្តាសំខាន់។
លោករដ្ឋមន្ត្រីក៏បានណែនាំដល់ពលរដ្ឋ ត្រូវចេះកែច្នៃធ្វើយ៉ាងណាកាត់បន្ថយចំណាយក្នុងការផលិត និងអាចបង្កើនប្រាក់ចំណេញបាន។ លោកបញ្ជាក់ថា៖ «ត្រូវមានផែនការផលិតកម្មច្បាស់លាស់ ហើយត្រូវបន្តប្រើប្រាស់អគ្គិសនីសម្រាប់វិស័យកសិកម្ម ដើម្បីបូមទឹកនៅពេលយប់ និងប្រើប្រាស់សូឡាបូមទឹកខ្នាតតូចនៅពេលថ្ងៃ ព្រមទាំងកែច្នៃឱ្យអស់លទ្ធភាព ទាំងលាមកមាន់ជាដើម ដើម្បីកាត់បន្ថយចំណាយក្នុងផលិតកម្ម បង្កើនប្រាក់ចំណូល និងប្រាក់ចំណេញ ព្រមទាំងនិរន្តរភាពសេដ្ឋកិច្ច»។
លោក ទ្រី សុភក្តិ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តក្រចេះបានឱ្យដឹងថា បណ្ដុំអាជីវកម្មបន្លែនៅភូមិថ្មគ្រែលើ ឃុំថ្មគ្រែ ស្រុកចិត្របុរី បានបង្កើតឡើងនៅឆ្នាំ ២០១៩ មានសមាជិក ១៦ នាក់។ បច្ចុប្បន្នកសិករនៃបណ្តុំអាជីវកម្មនេះ កំពុងដាំដុះបន្លែជាច្រើនប្រភេទ ដើម្បីផ្គត់ផ្គង់ទីផ្សារដែលក្នុងនោះរួមមានបន្លែស្ពៃក្រញាញ់ ត្រសក់ទ្រើង ត្រឡាច និងពោតដែលអាចផ្គត់ផ្គង់បានចំនួន ៦ ០០០ គីឡូក្រាម ក្នុង ១ ខែ។
បណ្ដុំអាជីវកម្មបន្លែនេះ បានសាងសង់ផ្ទះសំណាញ់ចំនួន ៤ ខ្នង និងបានពង្រីកផ្ទៃដីដាំដុះបន្លែ ១ ០០០ ម៉ែត្រការ៉េ។ លោកប្រធានមន្ទីរលើកឡើងថា ដោយឡែកចំពោះកសិដ្ឋានចិញ្ចឹមមាន់តាមលក្ខណៈពាណិជ្ជកម្ម បាន បង្កើតក្នុងខែវិច្ឆិកា ឆ្នាំ ២០២១ សាងសង់លើផ្ទៃដីប្រមាណ ១០ ហិកតា។ កសិដ្ឋាននេះបានសហការជាមួយក្រុមហ៊ុន ស៊ីភី នៅភូមិចង្គ្រង់ ឃុំចង្គ្រង់ ស្រុកចិត្របុរី ដែលបច្ចុប្បន្នកសិដ្ឋានបានសាងសង់រោងចិញ្ចឹមសត្វមាន់ចំនួន ៤ រោងដែលមានសត្វមាន់សរុប ២៦ ០០០ ក្បាល។
លោកបញ្ជាក់ថា៖ «កសិដ្ឋាននេះផ្ដល់បច្ចេកទេសរៀបចំផ្គត់ផ្គង់កូនមាន់ ចំណី ថ្នាំ និងវ៉ាក់សាំងផ្សេងៗដោយក្រុមហ៊ុនបានកុងត្រាជាមួយក្រុមហ៊ុនស៊ីភី ពេលចិញ្ចឹមបាន គឺ ក្រុមហ៊ុន ស៊ីភីប្រមូលទិញទាំងអស់ដើម្បីផ្គត់ផ្គង់ខេត្តផ្សេងៗទៀត។ រយៈពេលចិញ្ចឹមមាន់ប្រហែលជា ៦០ ទៅ ៦៥ ថ្ងៃ មាន់មានទម្ងន់ ១,២ គីឡូក្រាម ជាទម្ងន់ស្ដង់ដារបស់ក្រុមហ៊ុន»។
បើតាមលោកប្រធានមន្ទីរកសិកម្មខេត្តក្រចេះ កាលពីថ្ងៃទី ២២ ខែឧសភា ខេត្តបានសម្ពោធដាក់ឱ្យប្រើប្រាស់ «មជ្ឈមណ្ឌលបណ្តុះបណ្តាល និងផ្សព្វផ្សាយកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំបន់ខ្ពង់រាប ខេត្តក្រចេះ» ស្ថិតក្នុងភូមិសម្បទានតាកុត ឃុំសំបុក ស្រុកចិត្របុរី។ តាមរយៈមជ្ឈមណ្ឌលបណ្តុះបណ្តាល និងផ្សព្វផ្សាយកសិកម្ម ថ្មីនេះពិតជាមានសារៈសំខាន់ និងចាំបាច់បំផុត សម្រាប់ការបណ្តុះបណ្តាល និងផ្ទេរចំណេះដឹង ដល់មន្ត្រី សិស្សនិស្សិត និងកសិករ ដើម្បីរួមចំណែកដោះស្រាយបញ្ហាប្រឈមជាក់ស្តែង៕