
លោក សុខ លូ ចុះផ្សព្វផ្សាយអនុក្រឹត្យលេខ ៩០ អនក្រ.បក ស្ដីពីការកាត់ឆ្វៀលផ្ទៃដីតំបន់ ៣ កាលពីថ្ងៃទី ២៤ ខែឧសភា។ រូបថត រដ្ឋបាលខេត្ត
បាត់ដំបងៈ ក្នុងពិធីផ្សព្វផ្សាយអនុក្រឹត្យលេខ ៩០ អនក្រ.បក ស្ដីពីការកាត់ឆ្វៀលផ្ទៃដីតំបន់ ៣ និងការកែសម្រួលផ្ទៃដីតំបន់ ៣ ស្ថិតក្នុងភូមិសាស្ដ្រ ស្រុកសង្កែ ស្រុកថ្មគោល ស្រុកឯកភ្នំ និងស្រុកមោងឫស្សី ធ្វើឡើងនៅឃុំតាពូង ស្រុកថ្មគោល នៅថ្ងៃទី ២៤ ខែឧសភា អភិបាលខេត្តបាត់ដំបងលោក សុខ លូ បានព្រមានចាត់វិធានការផ្លូវច្បាប់ដោយមិនលើកលែងចំពោះបុគ្គលណាដែលរំលោភបំពានដីតំបន់ ៣ ដែលបានកាត់ឆ្វៀលកែសម្រួលរួចហើយ។
លោកព្រមានថា៖ «ចាប់ពីពេលនេះតទៅ សម្រាប់ប្រជាពលរដ្ឋ ឬក៏មានឈ្មួញណាដែលហ៊ានបំពានដីតំបន់ ៣ ម្ដងទៀត នឹងត្រូវធ្វើការចាត់វិធានការទៅតាមផ្លូវច្បាប់ដោយគ្មានការលើកលែងឡើយ»។ ជាមួយគ្នានោះលោកក៏បានធ្វើការណែនាំដល់មន្ដ្រីអនុវត្តច្បាប់ មិនត្រូវលែងដៃឡើយ គឺត្រូវតែអនុវត្តច្បាប់ឱ្យបានតឹងរុឹងជាទីបំផុត ព្រោះថា បើមិនធ្វើការរឹតបន្តឹងច្បាប់ និងតាមរកអ្នកដែលបំផ្លិចបំផ្លាញដីតំបន់៣នេះទេ នោះមច្ឆជាតិនៅបឹងទន្លេសាបនឹងត្រូវបាត់បង់បន្ដិចម្ដងៗ ចំណែកបឹងទន្លេសាបនឹងកាន់តែរួមតូចទៅៗ។
លោក ជា សម្បត្តិ អភិបាលស្រុកថ្មគោល បានលើកឡើងថា ប្រជាពលរដ្ឋដែលអាស្រ័យផលធ្វើស្រែក្នុងតំបន់ ៣ មានចំនួន ៤ ឃុំ គឺឃុំតាពូង ឃុំតាម៉ឺន ឃុំជ្រោយស្តៅ និងឃុំបឹងព្រីង។ រដ្ឋបាលឃុំ រដ្ឋបាលស្រុកបានស្នើសុំរាជរដ្ឋាភិបាលកាត់ឆ្វៀលកែសម្រួលព្រំប្រទល់នៃតំបន់បឹងទន្លេសាប ព្រំប្រទល់តំបន់ ៣ មកជាតំបន់ ២ មានទំហំ ១ ១៧៥,៧៦ ហិកតា ស្មើនឹងពលរដ្ឋចំនួន ១៤០ គ្រួសារកែសម្រួលព្រំតំបន់ ២ មកព្រំតំបន់ ១ ទំហំ ៣ ០៤៩,៧៥ ហិកតា។
លោក សុខ លូ ថ្លែងថា សម្រាប់ដីដែលប្រជាពលរដ្ឋបានទទួលការកាត់ឆ្វៀលនេះ នឹងទទួលបានបណ្ណសម្គាល់សិទ្ធិប្រើប្រាស់និងអាស្រ័យផល សម្រាប់ពលរដ្ឋអាស្រ័យផលនៅដីតំបន់ ២ ហើយក្នុងនោះពលរដ្ឋមិនអាចធ្វើការលក់ដូរទៅឱ្យអ្នកណាម្នាក់ឬជួល បានឡើយ ប៉ុន្តែអាចបន្តមរតកបាននៅពេលដែលម្ចាស់បណ្ណទទួលមរណភាព៕