
ក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្មនិងជនបទនិងអង្គការដៃគូក្នុងពិធីនៅថ្ងៃទី២៥ ឧសភា។ រូបថត Yim ChhayLy page
ភ្នំពេញៈ ក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្មនិងជនបទ និងអង្គការដៃគូប្រកាសអនុវត្តគោលការណ៍ប្រតិបត្តិថ្នាក់ជាតិស្តីពីកិច្ចអន្តរាគមន៍សេវាផ្គត់ផ្គង់ទឹកស្អាត និងអនាម័យដែលគិតគូរដល់អាហារូបត្ថម្ភ ដើម្បីធ្វើឱ្យប្រសើរនូវស្ថានភាពអាហារូបត្ថម្ភ និងកាត់បន្ថយអត្រាក្រិសក្រិន និងស្គមស្គាំងរបស់កុមារក្រោមអាយុ ៥ ឆ្នាំ។
ការប្រកាសអនុវត្តជាផ្លូវការនេះបានធ្វើឡើងនៅថ្ងៃទី ២៥ ខែឧសភា ឆ្នាំ ២០២៣ នៅសណ្ឋាគារភ្នំពេញ ដោយមានតំណាងអង្គការភ្លែនអន្តរជាតិកម្ពុជា ស្ថាប័នដៃគូអភិវឌ្ឍន៍ អង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក និងក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទចូលរួមប្រមាណ ២០០ នាក់។
លោក យឹម ឆៃលី ឧបនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ បានថ្លែងថា គោលការណ៍ប្រតិបត្តិថ្នាក់ជាតិស្តីពីកិច្ចអន្តរាគមន៍សេវាផ្គត់ផ្គង់ទឹកស្អាត និងអនាម័យដែលគិតគូរដល់អាហារូបត្ថម្ភត្រូវបានបង្កើតឡើង ដើម្បីផ្តល់ការគាំទ្រផ្នែកបច្ចេកទេស និងការណែនាំដល់អ្នកពាក់ព័ន្ធក្នុងការកែលម្អស្ថានភាពអាហារូបត្ថម្ភនៅប្រទេសកម្ពុជា។
លោកបានអះអាងថាការផ្គត់ផ្គង់ទឹកស្អាតនិងអនាម័យដែលគិតគូរដល់អាហារូបត្ថម្ភ (Nutrition-sensitive WASH)គឺជាអភិក្រមជាលក្ខណៈពហុវិស័យមានគោលបំណងដើម្បីធ្វើឱ្យប្រសើរឡើងនូវស្ថានភាពអាហារូបត្ថម្ភ និងកាត់បន្ថយអត្រាក្រិសក្រិន និងស្គមស្គាំងរបស់កុមារក្រោមអាយុ៥ឆ្នាំ។
លោកបានបញ្ជាក់ថា៖«កង្វះអាហារូបត្ថម្ភបង្កឡើងដោយកត្តាជាច្រើន រួមមាន អសន្តិសុខស្បៀងក្នុងគ្រួសារ កង្វះទឹកស្អាតប្រើប្រាស់ និងកង្វះទឹកស្អាត និងអនាម័យក្នុងគ្រួសារ។ ដូច្នេះហើយ កង្វះទឹកស្អាត និងអនាម័យត្រូវបានចាត់ទុកថាជាមូលហេតុចម្បងនៃបញ្ហារាករូសនិងកង្វះអាហារូបត្ថម្ភរបស់កុមារដែលបណ្តាលឱ្យកុមារកម្ពុជាជាច្រើននាក់ រួមទាំង កុមារនៅជុំវិញពិភពលោកបានស្លាប់»។
ជាមួយគ្នានេះលោកយឹម ឆៃលី បានចាត់ទុកថា ការបន្ស៊ីគ្នារវាងសេវាផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ ជាមួយនឹងសេវាកែលម្អស្ថានភាពអាហារូបត្ថម្ភ គឺកាន់តែមិនត្រូវបានគេមើលរំលងនិងកាន់តែកើនឡើងនូវការទទួលស្គាល់អំពីសារៈសំខាន់នៃការលើកកម្ពស់ស្ថានភាពអាហារូបត្ថម្ភតាមរយៈសមាហរណកម្មនៅក្នុងអន្តរាគមន៍ដែលឆ្លើយតបទៅនឹងដើមហេតុ និងមូលដ្ឋាននៃបញ្ហាកង្វះអាហារូបត្ថម្ភរបស់បុគ្គល គ្រួសារ និងសង្គម ជាពិសេសផ្តោតសំខាន់លើវិស័យផ្គត់ផ្គត់ទឹកស្អាត និងអនាម័យ។
តាមគោលការណ៍ប្រតិបត្តិថ្នាក់ជាតិដែលត្រូវបានដាក់ឱ្យអនុវត្តក្នុងពេលនេះបានបង្ហាញពីគន្លឹះណែនាំចំនួន៥ដោយទី១ផ្តោតលើការកំណត់តំបន់ភូមិសាស្ត្រគោលដៅសម្រាប់អន្តរាគមន៍បញ្ចូលគ្នានៃសេវាផ្គត់ផ្គង់ទឹកស្អាត អនាម័យ និងអាហារូបត្ថម្ភ ដោយផ្អែកលើតម្រូវការសហគមន៍ តាមរយៈការវាយតម្លៃអត្រាគ្រប់ដណ្តប់ ប្រភេទហេដ្ឋារចនាសម្ព័ន្ធផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ សមភាពនៃការទទួលបានសេវា និងអត្រាប្រេវ៉ាឡង់កង្វះអាហារូបត្ថម្ភកុមារ។
ចំណុចទី២ ផ្តោតលើការកំណត់សេវាដែលមានការផ្គត់ផ្គង់ទឹកស្អាត អនាម័យ និងអាហារូបត្ថម្ភ និងបង្កើតតម្រូវការដើម្បីទទួលបានលទ្ធភាពស្មើគ្នា។នៅក្នុងដំណាក់កាលរៀបចំផែនការ អ្នកអនុវត្តត្រូវវាយតម្លៃអត្រាគ្របដណ្តប់និងកំណត់អ្នកផ្តល់សេវាដែលមានស្រាប់សម្រាប់សេវាផ្គត់ផ្គង់ទឹកស្អាត អនាម័យ និងអាហារូបត្ថម្ភ។
ចំណុចទី៣ ផ្តោតលើការផ្លាស់ប្តូរឥរិយាបថ និងជំនឿប្រកបដោយនិរន្តរភាព និងជះឥទ្ធិពលលើវិស័យផ្គត់ផ្គង់ទឹកស្អាត អនាម័យ និងអាហារូបត្ថម្ភ ដែលផ្តោតលើយេនឌ័រ និងយុវជន។ ចំណែកទី៤ ផ្តោតលើការពង្រឹងគណនេយ្យភាព និងជំរុញការចូលរួមពីវិស័យឯកជននៅថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិរួមទាំងការអភិវឌ្ឍសមត្ថភាពរបស់ក្រសួងពាក់ព័ន្ធថ្នាក់ក្រោមជាតិនិងសមាជិកក្រុមប្រឹក្សាឃុំ។
និងចំណុចទី៥ គឺផ្តោតចម្បងលើកុមារ ជាពិសេសផ្តោតលើកិច្ចអន្តរាគមន៍១ ០០០ថ្ងៃដំបូងនៃជីវិត។ កិច្ចអន្តរាគមន៍ត្រូវផ្តោតការយកចិត្តទុកដាក់និងបញ្ជ្រាបរាល់សកម្មភាពដែលគិតគូរកុមារជាចម្បងក្នុងគោលបំណងពន្លឿនកិច្ចខិតខំប្រឹងប្រែងក្នុងការលើកកម្ពស់អាហារូបត្ថម្ភកុមារ ចាប់ពីដំណាក់កាលដំបូងនៃជីវិតរហូតដល់កុមារអាយុ៥ឆ្នាំ។
លោកស្រីGwynneth Wong នាយិកាប្រចាំប្រទេសនៃអង្គការភ្លែនអន្តរជាតិកម្ពុជាបានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជាបានខិតខំប្រឹងប្រែងធ្វើឱ្យប្រសើរឡើងនូវស្ថានភាពអាហារូបត្ថម្ភ និងការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ សម្រាប់ប្រជាពលរដ្ឋកម្ពុជា។
លោកស្រី បានបន្តថា ជាលទ្ធផលអត្រាក្រិសក្រិនរបស់កុមារក្រោមអាយុ៥ឆ្នាំ បានធ្លាក់ចុះពី៣២ភាគរយ ក្នុងឆ្នាំ២០១៤ មកត្រឹម២២ភាគរយ នៅឆ្នាំ២០២២ ស្របពេលដែលកម្ពុជា ក៏បានធ្វើឱ្យប្រសើរឡើងនូវការលុបបំបាត់ការបន្ទោបង់ពាសវាលពាសកាលនៅទីជនបទ ដោយកាត់បន្ថយពី៩៨ភាគរយ ក្នុងឆ្នាំ២០០០ មកត្រឹម១៤ភាគរយនៅឆ្នាំ២០២២។
លោកស្រី បានបន្ថែមថា យោងតាមរបាយការណ៍នៃការអង្កេតសុខភាពនិងប្រជាសាស្ត្រកម្ពុជា (២០២១-២០២២)អត្រាគ្រួសារនៅជនបទមិនទទួលបានទឹកស្អាតប្រើប្រាស់អំឡុងរដូវប្រាំងនៅសល់ត្រឹមតែ១៥ភាគរយប៉ុណ្ណោះក្នុងឆ្នាំ២០២២។
លោកស្រីបានបញ្ជាក់ថា៖«ឆ្លៀតឱកាសនេះខ្ញុំអំពាវនាវដល់ភាគីពាក់ព័ន្ធទាំងអស់ចូលរួមជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា ក្នុងការអនុវត្តគោលការណ៍ប្រតិបត្តិថ្នាក់ជាតិស្តីពីកិច្ចអន្តរាគមន៍សេវាផ្គត់ផ្គង់ទឹកស្អាត និងអនាម័យដែលគិតដល់អាហារូបត្ថម្ភ ដែលត្រូវបានដាក់ឱ្យដំណើរការជាផ្លូវការ ដើម្បីធានាថា គ្មានកុមារកម្ពុជាណាម្នាក់ ត្រូវស្លាប់មុនពួកគេអាយុ៥ឆ្នាំនោះទេ»។
តាមការផ្សាយគោលការណ៍ប្រតិបត្តិថ្នាក់ជាតិនេះគឺត្រូវបានសិក្សាចងក្រងឡើងដើម្បីចែករំលែកបទពិសោធន៍នៃអន្តរាគមន៍នានានៅសហគមន៍អំពីការផ្គត់ផ្គង់កស្អាត និងអនាម័យ និងប្រើប្រាស់មេរៀនទទួលបានពីការអនុវត្តកម្មវិធីការចាប់ផ្តើមជាមួយសុខភាពល្អដែលជាកម្មវិធីស្នូលមួយក្នុងចំណោមកម្មវិធីស្នូលទាំង៤ របស់អង្គការភ្លែនអន្តរជាតិកម្ពុជា និងគម្រោងពហុវិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភនៅខេត្តកំពង់ធំរបស់អង្គការហេទ្បែន ខេលល័រអន្តរជាតិ ក្រោមជំនួយថវិការបស់ទីភ្នាក់ងារសហប្រតិបត្តិការអាល្លឺម៉ង់៕