
អ្នកចូលរួមក្នុងពិធីបើកវេទិកាសាធារណៈថ្នាក់ជាតិ ស្តីពី «ការចូលរួមរបស់ភាគីពាក់ព័ន្ធ ក្នុងដំណើរការនៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ» កាលពីថ្ងៃទី២៥ ខែឧសភា។ រូបថត NGO forum
ភ្នំពេញៈ លោក មាស សុខសេនសាន អគ្គលេខាធិការ នៃអគ្គលខាធិការដ្ឋានក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុថ្លែងថា ច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ ជាច្បាប់កំពូលរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុដែលអនុញ្ញាតឱ្យប្រជាពលរដ្ឋចូលរួមក្នុងដំណើរការនៃការគ្រប់គ្រងហិរញ្ញវត្ថុសាធាណៈបានក្នុងកម្រិតណាមួយ។
លោកបានថ្លែងបែបនេះក្នុងពិធីបើកវេទិកាសាធារណៈថ្នាក់ជាតិ ស្តីពី «ការចូលរួមរបស់ភាគីពាក់ព័ន្ធ ក្នុងដំណើរការនៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ» ដែលធ្វើឡើងនៅសណ្ឋាគារកាំបូឌីយ៉ាណា រាជធានីភ្នំពេញ ថ្ងៃទី ២៥ ខែឧសភា។
លោកអគ្គលេខាធិការបានលើកឡើងថា ច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈនេះជាច្បាប់ ១ ដែលតម្រង់ទិសក្នុងកម្រិតកំពូលបំផុតដោយគ្រប់បញ្ហាពាក់ព័ន្ធនឹងថវិកាត្រូវតែគោរពតាមច្បាប់នេះ។ ច្បាប់ថ្មីនេះទើបត្រូវបានអនុម័តកាលពីឆ្នាំ ២០២២ ដែលមានការកែលម្អនិងផ្តោតលើតម្លាភាពភាគច្រើន មានន័យថា ពាក្យពេចន៍មួយចំនួន បានសង្កត់ធ្ងន់ទៅលើតម្លាភាព និងគណនេយ្យភាព ។
លោកបន្តថា នៅក្នុងការតាក់តែងច្បាប់នេះក្រុមការងារក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានធ្វើការប្រជុំចំនួន ៧ ដង ដែលក្នុងនោះបានបញ្ចូលខ្លឹមសារមតិយោបល់សំខាន់ៗមួយចំនួនពីភាគីដៃគូ ដែលនេះបង្ហាញថា ជាការអនុញ្ញាតឱ្យប្រជាពលរដ្ឋអាចចូលរួមក្នុងដំណើរការនៃការគ្រប់គ្រងហិរញ្ញវត្ថុសាធាណៈ។
លោកថ្លែងថា៖«មាត្រាសំខាន់ៗមួយចំនួនយើងបានបូកបញ្ចូលនូវមតិយោបល់របស់ដៃគូ ជាពិសេសការចូលរួមមតិយោបល់របស់ NGO Forum ដែលតែងតែផ្ញើមកយើងខ្ញុំ ដែល NGO Forum មិនមែនមានតែសំឡេងម្នាក់ឯងទេ គឺមានចំណែកតំណាងឱ្យអង្គការសង្គមស៊ីវិលនានាដែលច្បិចយកមក ហើយយើងបានធ្វើជាធាតុចូលក្នុងការតាក់តែងច្បាប់នេះ»។
លោកស្រី ភាណ សោភ័ណ នាយិកាអង្គការអុកស្វាមកម្ពុជា ថ្លែងថា តាមរយៈវេទិកាសាធារណៈថ្នាក់ជាតិនេះអ្នកចូលរួមបានស្តាប់អំពីបទពិសោធន៍ដែលពាក់ព័ន្ធនឹងការចូលរួមរបស់សធារណជនដើម្បីមានតម្លាភាព គណនេយ្យភាពហិរញ្ញវត្ថុ និងបង្កើនប្រសិទ្ធភាពចំណូល និងចំណាយដែលឆ្លើយតបនឹងតម្រូវការរស់ពលរដ្ឋងាយរងគ្រោះ។
លោកស្រីថ្លែងថា៖«អ្វីដែលចង់មើលឃើញគឺថា លទ្ធផលចុងក្រោយនេះនឹងក្លាយទៅជាប្រយោជន៍សម្រាប់ជនងាយរងគ្រោះដែលយើងពិនិត្យឃើញថា បច្ចុប្បន្ននេះត្រូវការជំនួយបន្ថែមបន្ទាន់ យើងឃើញមានស្ត្រី កុមារ ជនមានពិការភាព ក៏ដូចជាមនុស្សចាស់»។
លោក សឿង សារឿន នាយកប្រតិបត្តិអង្គការវេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា និងជាតំណាងក្រុមការងារថវិកា នៃអង្គការសង្គមស៊ីវិល ជាតិ និងអន្តរជាតិ ថ្លែងថា តាមរយៈវេទិកាសាធារណៈថ្នាក់ជាតិនេះរំពឹងថា អ្នកចូលរួមបានយល់ដឹងពីដំណើរការនៃការចូលរួមរបស់សាធារណជនក្នុងដំណើរការនៃការរៀបចំផែនការ និងការអនុវត្តផែនការថវិកានៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ព្រមទាំងការសាកល្បងគំនិតច្នៃប្រឌិតដើម្បីបង្កភាពងាយស្រួលដល់ការចូលរួមរបស់ប្រជាពលរដ្ឋលើកផែនការថវិកាអភិវឌ្ឍន៍មូលដ្ឋាន។
ជាមួយគ្នានោះ លោក សឿង សារឿន ក៏រំពឹងផងដែរថា សំណូមពរនិងអនុសាសន៍របស់អ្នកបង់ពន្ធរួមទាំងយុវជន សង្គមស៊ីវិលអង្គការមិនមែនរដ្ឋាភិបាលស្តីពីការលើកកម្ពស់ ការចូលរួមរបស់សាធារណជនទៅលើតម្លាភាព និងគណនេយ្យភាពថវិកា រួមទាំងដំណើរការនៃការរៀបចំផែនការថវិកា និងការអនុវត្តផែនការថវិកានៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ នឹងត្រូវបានប្រគល់ជូនក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងប្រធានគណៈកម្មការទី២នៃរដ្ឋសភាផងដែរ៕