​ភ្នំពេញៈ កម្ពុជា វៀតណាម ឡាវ និង​ថៃ ពិភាក្សា​ពី​ការពង្រឹង និង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​នៅក្នុង​តំបន់ ដោយ​ជំរុញឱ្យមាន​ការចែករំលែក​ព័ត៌មាន​ដើម្បី​ទប់ស្កាត់​ចោរ​សមុទ្រ ការ​ប្លន់​ប្រដាប់អាវុធ និង​បទល្មើស​លើ​នាវា​ដឹកជញ្ជូន​តាមផ្លូវ​ទឹក និង​ផ្លូវ​សមុទ្រ នៅក្នុង​ទ្វីបអាស៊ី​។​

​ការជំរុញ​បែបនេះ​ធ្វើឡើង​ក្នុង​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​ថ្នាក់​តំបន់ នៃ​មជ្ឈមណ្ឌល​គ្រប់គ្រង និង​ចែករំលែក​ព័ត៌មាន​តំបន់​អាស៊ី ដើម្បី​ទប់ស្កាត់ និង​ប្រយុទ្ធ​​ប្រឆាំង​ចោរ​សមុទ្រ ការ​ប្លន់​ប្រដាប់អាវុធ និង​បទល្មើស​នានា លើ​នាវា​ដឹកជញ្ជូន​តាមផ្លូវ​ទឹក និង​ផ្លូវ​សមុទ្រ (ReCAAP ISC) ក្នុង​តំបន់​អាស៊ី កាលពី​ថ្ងៃទី​ ២៤ ខែឧសភា​។ កិច្ចប្រជុំ​នេះ​សហការ​រៀបចំ​ដោយ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង ReCAAP ISC នៅ​រាជធានី​ភ្នំពេញ​ដោយ​បញ្ចប់​នៅ​ថ្ងៃទី​ ២៥ ខែ​​ឧសភា ហើយក៏​មានការ​ចូលរួម​ពី​តំណាង​មន្ត្រី​ឆ្មាំ​ឆ្នេរសមុទ្រ និង​កងទ័ពជើងទឹក នៃ​ប្រទេស​ថៃ ឡាវ វៀតណាម និង​ក្រុមការងារ ReCAAP ISC​។​

​របាយការណ៍​កិច្ចប្រជុំ​ដែល​ផ្សព្វផ្សាយ​ដោយ​ក្រសួង​សាធារណការ​បញ្ជាក់ថា​៖ «​កិច្ចប្រជុំ​នេះ​រៀបចំឡើង​ក្នុង​គោលបំណង​ដើម្បី​ពង្រឹង និង​ពង្រីក​កិច្ច​សហ​ប្រតិ​ប​តិ្ត​ការ​របស់​បណ្តា​ប្រទេស​ដែលជា​សមាជិក ReCAAP​ ក្នុង​មហា​អនុ​​តំបន់​មេគង្គ និង​ទ្វីបអាស៊ី ដើម្បី​ចែករំលែក​បទពិសោធន៍​ល្អៗ និង​ជំរុញ​នីតិវិធី​នៃ​ការដោះដូរ​ទិន្នន័យ និង​ព័​ត៌​​មាន ក្នុងការ​ទប់ស្កាត់ និង​ប្រយុទ្ធ​ប្រឆាំងនឹង​ចោរ​សមុទ្រ ការ​ប្លន់​ប្រដាប់អាវុធ និង​បទល្មើស​នានា លើ​នាវា​ដឹកជញ្ជូន​តាម​​ផ្លូវទឹក និង​ផ្លូវ​សមុទ្រ​នៅក្នុង​ទ្វីបអាស៊ី​»​។​

ReCAAP ISC បញ្ជា​ក់លើ Twitter នា​ថ្ងៃទី​ ២៤ ខែឧសភា ថា​៖ «​តំណាង ReCAAP ​មកពី​ប្រទេស​វៀតណាម ថៃ និង​ឡាវ ចែករំលែក​ពី​វិធីសាស្ត្រ​ដែល​ពួកគេ​ពង្រឹង​ការចែករំលែក​ព័ត៌មាន និង​កិច្ចសហប្រតិបត្តិការ​ជាមួយ​អាជ្ញាធរ​កម្ពុជា ដើម្បី​បង្ក្រាប​ឧក្រិដ្ឋកម្ម​ឆ្លងដែន​សមុទ្រ​»​។​

​លោក ម៉ក់ ស៊ី​ដេ​ត អគ្គនាយក​ដឹកជញ្ជូន​ផ្លូវទឹក ផ្លូវ​សមុទ្រ និង​កំពង់ផែ​នៃ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​ត្រូវបាន​ស្រង់​សម្ដី​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​រួម​រវាង ReCAAP ISC និង​ក្រសួង​ថា ដោយសារ​ទំនិញ​សំខាន់ៗ និង​មានតម្លៃ​ឆ្លងកាត់​កំពង់ផែ និង​ដែន​ទឹកជា​រៀងរាល់ថ្ងៃ ក្រសួង​សហការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​អាជ្ញាធរ​កំពង់ផែ និង​នគរបាល​ដែនសមុទ្រ ដើម្បី​ទប់ស្កាត់ និង​ប្រយុទ្ធប្រឆាំង​ឧក្រិដ្ឋជន​ដែលមាន​ផែនការ​ប្រព្រឹត្ត​អំពើ​ប្លន់​នៅលើ​នាវា​ដែល​បោះ​យុថ្កា​នៅ​កំពង់ផែ​។

លោក​ថ្លែងថា​៖ «​នគរបាល​ដែនសមុទ្រ​កម្ពុជា​ក៏​ធ្វើការ​ល្បាត​ជាប្រចាំ និង​តាមដាន​នាវា​ដែលមាន​ការសង្ស័យ ដែល​អាច​នឹងត្រូវ​ជន​ល្មើស​ប្រើប្រាស់​ដើម្បី​ប្រព្រឹត្ត​អំពើ​ប្លន់​តាមផ្លូវ​សមុទ្រ​»​។​

​លោក Krishnaswanmy Natarajan នាយក​ប្រតិ​ប​តិ្ត​នៃ ReCAAP ISC ត្រូវបាន​ស្រង់​សម្ដី​ក្នុង​សេចក្តី​ប្រ​កាស​ព័ត៌មាន​នេះ​ថា កិច្ចប្រជុំ​នេះ​បាន​ពង្រឹង​ការយល់ដឹង​រវាង​អង្គភាព​ដែន​សមុទ្រ​កម្ពុជា និង​សហគមន៍​ដឹកជញ្ជូន ក៏ដូចជា​ជំរុញឱ្យមាន​កិច្ច​សហការគ្នា​កាន់តែខ្លាំង​រវាង ក្នុងចំណោម​តំណាង ReCAAP​។

​លោក​ថ្លែងថា​៖ «ReCAAP ISC នឹង​បន្ត​សហការ​រៀបចំ​កិច្ចប្រជុំ​ជាមួយ​តំណាង ReCAAP ISC របស់​យើង ដើម្បី​កសាង​ចំណេះដឹង និង​សមត្ថភាព​របស់​ពួកគេ​ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹង​ចោរ​សមុទ្រ និង​ការ​ប្លន់​ប្រដាប់អាវុធ​នៅលើ​នាវា​ដឹកជញ្ជូន​តាមផ្លូវ​ទឹក និង​ផ្លូវ​សមុទ្រ​នៅ​អាស៊ី​»​។​

​របាយការណ៍ ReCAAP ISC បាន​លើកឡើងថា កាលពី​ថ្ងៃទី​ ១៧ មេសា មាន​ករណី​ប្លន់​ប្រដាប់អាវុធ​បានកើត​ឡើង​នៅក្នុង​កប៉ាល់​កុងតឺន័រ​ ១ ​គ្រឿង​ដែល​បាន​បោះ​យុថ្កា​នៅ​ស្ថានីយ​មួយកន្លែង​នៅ​ទីក្រុង Ho Chi Minh ប្រទេស​វៀត​ណា​ម​។ ជនដៃដល់​ប្រដាប់​ដោយ​កាំបិត ដោយបាន​ប្លន់​ទំនិញ​ក្នុង​ហាង​កប៉ាល់​នេះ​។

​របាយការណ៍​បន្តថា កាលពី​ថ្ងៃទី​ ២២ ខែឧសភា មាន​ករណី​ប្លន់​ប្រដាប់អាវុធ​មួយទៀត​បានកើត​ឡើង​នៅលើ​នាវា​ផ្ទុកទំនិញ ​១ ​គ្រឿង ដែល​កំពុង​ធ្វើ​ច​រា​ចរណ៍​នៅ​ច្រក​សមុទ្រ​សិង្ហ​បុរី​។ ជន​ដៃ​​ដល់​ប្រដាប់​ដោយ​កាំបិត ដោយ​ធ្វើការ​ប្លន់​គ្រឿងបន្លាស់​ម៉ាស៊ីន​។ សមាជិក​នាវិក​មាន​សុវត្ថិភាព​ក្នុង​ហេតុការណ៍​ទាំង​ ២ ​នេះ​។​

ReCAAP គឺជា​កិច្ចព្រមព្រៀង​រវាង​រដ្ឋា​ភិ​បាល និង​រដ្ឋាភិបាល​ក្នុង​តំបន់​ដំបូង​គេ ដើម្បី​លើកកម្ពស់ និង​ពង្រឹង​កិច្ច​​សហប្រតិបត្តិ​ការប្រយុទ្ធ​ប្រឆាំងនឹង​ចោរ​សមុទ្រ និង​ការ​ប្លន់​ប្រដាប់អាវុធ​ទៅលើ​នាវា​នៅ​អាស៊ី​។ កិច្ចព្រមព្រៀង​នេះ​ចូល​ជា​ធរមាន​ក្នុង​ខែកញ្ញា ឆ្នាំ​ ២០០៦​ ដោយមាន​ប្រទេស​អាស៊ី​ចំនួន ១៤ ជា​ភាគី​នៃ​កិច្ចព្រមព្រៀង​នេះ​។ បន្ទាប់មក​មជ្ឈមណ្ឌល​គ្រប់គ្រង និង​ចែករំលែក​ព័ត៌មាន ​(ISC)​ ត្រូវបាន​បង្កើតឡើង​នៅ​ខែវិច្ឆិកា ឆ្នាំ​ ២០០៦​។​

​កម្ពុជា​បាន​ចូល​ជា​សមាជិក​ ReCAAP ISC នៅក្នុង​ឆ្នាំ​ ២០០៦​។ រហូតមកដល់​ពេលនេះ ReCAAP ISC មាន​ប្រទេស​ដែល​បាន​ចូល​ជា​សមាជិក​ចំនួន ២១​។ ​ក្នុងនោះ​មាន​ ១៤ ​ប្រទេស​នៅ​អាស៊ី ៥​ ប្រទេស​នៅ​អឺរ៉ុប អូស្ត្រាលី និង​សហរដ្ឋ​អាមេរិក​។ ដើម្បី​បំពេញ​ចក្ខុវិស័យ​របស់​ខ្លួន ReCAAP ISC ធ្វើការ​បង្កើន​កិច្ចសហប្រតិបត្តិការ​ក្នុង​តំបន់​តាមរយៈ​ការ​ចែករំលែក​ព័ត៌មាន​ការកសាង​សមត្ថភាព និង​ការរៀបចំ​កិច្ចសហប្រតិបត្តិការ​៕