ភ្នំពេញៈ លោកឧបនាយករដ្ឋមន្ដ្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានស្នើឱ្យអង្គការយូនីសេហ្វ និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ជួយបន្តគាំទ្រគោលនយោបាយក៏ដូចជាផែនការយុទ្ធសាស្ត្រនៃកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៅកម្ពុជាដើម្បីជំរុញការអភិវឌ្ឍនៅតាមមូលដ្ឋានឱ្យកាន់តែប្រសើរ។
ការស្នើនេះបានធ្វើឡើងក្នុងឱកាសដែលលោក ស ខេង បានអនុញ្ញាតឱ្យលោក Will Parks នាយកអង្គការយូនីសេហ្វប្រចាំកម្ពុជា និងលោក SANUI KAZUMASAប្រធានតំណាងថ្មីនៃអង្គការ JICA ចូលជួបដាច់ដោយឡែកពីគ្នា កាលពីថ្ងៃទី ២៤ ខែឧសភា ឆ្នាំ ២០២៣ ដើម្បីសម្ដែងការគួរសម និងពិភាក្សាការងារ។
នេះបើយោងតាមគណនីហ្វេសប៊ុករបស់ក្រសួងមហាផ្ទៃ។ នៅក្នុងជំនួបជាមួយលោក Will Parks លោករដ្ឋមន្ត្រី ស ខេង បានថ្លែងអំណរគុណចំពោះអង្គការយូនីសេហ្វ ដែលបានចូលរួមគាំទ្រតាមរយៈជំនួយ និងកម្មវិធីផ្សេងៗ ជាពិសេសពាក់ព័ន្ធការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការដែលផ្ដោតទៅលើការលើកកម្ពស់នូវតួនាទីរបស់ស្ដ្រី និងការចូលរួមគាំពារដល់កុមារ។
លោកបានថ្លែងថា៖ «សង្ឃឹមជឿជាក់ថា អង្គការយូនីសេហ្វ នឹងបន្ដគាំទ្រដល់កិច្ចការងារនេះទៅមុខទៀត ដោយផ្សារភ្ជាប់យ៉ាងជិតស្និទ្ធជាមួយនឹងគោលនយោបាយ ក៏ដូចជាផែនការយុទ្ធសាស្ដ្រ នៃកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការរបស់រាជរដ្ឋាភិបាលកម្ពុជា»។
ជាការឆ្លើយតប លោក Will Parks នាយកអង្គការយូនីសេហ្វ បានជម្រាបជូនអំពីផែនការសកម្មភាពរបស់អង្គការយូនីសេហ្វរយៈពេល ៤ ឆ្នាំ (២០២៤ ដល់២០២៨)។
លោកបន្តថា នៅក្នុងក្របខ័ណ្ឌនៃផែនការរយៈពេល ៤ ឆ្នាំនេះ លោកមានគំនិតផ្តួតផ្ដើម ក៏ដូចជាយោបល់ក្នុងការលើកកម្ពស់ការចូលរួមរបស់យុវជននៅតាមមូលដ្ឋាន នៅក្នុងការរៀបចំផែនការអភិវឌ្ឍន៍មូលដ្ឋានរបស់ខ្លួន។
លោកថា មួយទៀតនោះ គឺផ្ដោតការគាំទ្រទៅលើខេត្តគោលដៅមួយចំនួនដើម្បីអនុវត្តសកម្មភាពជាក់ស្ដែងណាមួយដើម្បីទទួលបានលទ្ធផល និងប្រសិទ្ធភាព ជាពិសេស គឺពាក់ព័ន្ធការផ្ដល់សេវាសង្គម ដែលផ្ដោតទៅលើស្ដ្រី និងកុមារ។
លោក Will Parks បានកត់សម្គាល់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា និងបានទទួលយកសំណូមពរពីភាគីកម្ពុជាក្នុងការបន្ដជួយគាំទ្រដល់កិច្ចការងារពាក់ព័ន្ធក្នុងការលើកកម្ពស់ស្ដ្រី និងការគាំពារដល់កុមារនៅថ្នាក់ក្រោមជាតិ ដោយផ្សារភ្ជាប់ទៅនឹងគោលនយោបាយកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការរបស់រាជរដ្ឋាភិបាលកម្ពុជា។
ដោយឡែក ក្នុងជំនួបជាមួយលោក SANUI KAZUMASA វិញ លោក ស ខេង បានបង្ហាញការជឿជាក់ថា បេសកកម្មការងារជាលើកទី២របស់ប្រធានអង្គការ JICA នឹងរួមចំណែកបង្កើតនូវសមិទ្ធផលជោគជ័យថ្មីៗបន្ថែមទៀតដល់កិច្ចសហប្រតិបត្តិការរវាងអង្គការ JICA នៅកម្ពុជា។
ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការនេះលោក ស ខេង ក៏ថ្លែងអំណរគុណចំពោះ JICA ផងដែរ ដែលបានជួយគាំទ្រដល់អគ្គនាយកដ្ឋានរដ្ឋបាលតាមគម្រោងផ្សេងៗដូចជា ការអភិវឌ្ឍគម្រោងមន្ត្រី និងការជួយគាំទ្ររបស់ JICA ដល់ការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការរបស់ក្រសួងមហាផ្ទៃ។
លោក ស ខេង សង្ឃឹមថា JICA នឹងបន្តជួយគាំទ្រដល់ការងារសិក្សាដល់គម្រោងដែលពាក់ព័ន្ធទៅនឹងការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ក៏ដូចជា ការងារសុវត្ថិភាពផ្លូវថ្នល់បន្ថែមទៀតផងដែរ ដើម្បីជំរុញកិច្ចការទាំងនេះឱ្យទទួលបានវឌ្ឍនភាពស្របតាមគោលដៅ ក៏ដូចជាផែនការដែលបានគ្រោងទុក»។
ជាការឆ្លើយតបលោក SANUI KAZUMASAបានថ្លែងថា វិស័យធំៗចំនួន ៣ ដែលអង្គការ JICA ចូលរួមគាំទ្រនៅកម្ពុជាសម្រាប់បេសកកម្មទី២ របស់លោក គឺទី១ ការអភិវឌ្ឍឧស្សាហកម្ម ទី២ ទាក់ទងនឹងគុណភាពនៃការរស់នៅរបស់ប្រជាជន និងទី៣ ការងារអភិបាលកិច្ច។
លោកថា៖ «ដើម្បីបន្តជំរុញគាំទ្រដល់ការងារនេះអង្គការ JICA ក៏បានចាត់បញ្ជូនអ្នកប្រឹក្សាយោបល់ផ្នែកគោលនយោបាយដើម្បីបន្តជួយគាំទ្រដល់ក្រសួងមហាផ្ទៃលើការងារពាក់ព័ន្ធក្នុងការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនេះ»។
ក្នុងជំនួបទាំង ២ នោះលោក ស ខេង បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ គឺជាកិច្ចការងារអាទិភាពហើយក៏ជាការងារមួយដ៏មានសារៈសំខាន់នៅក្នុងប្រវត្តិសាស្ដ្រនៃការរៀបចំរដ្ឋបាលរបស់កម្ពុជាផងដែរ៕