ព្រះ​វិហារៈ លោក​ ឌិ​ត ទីណា រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​ណែនាំ​ឱ្យ​សហភាព​សហគមន៍​កសិក​ម្ម​ព្រះវិហារ​មានជ័យ យកចិត្តទុកដាក់​សិក្សា​ពី​ខ្សែ​ច្រវាក់​តម្លៃ និង​ត្រូវមាន​ផែន​ការផលិត​ច្បាស់លាស់ ក្នុង​ការជំរុញ​ការធ្វើ​ស្រូវ​សរីរាង្គ តាមរយៈ​ការប្រើប្រាស់​ពូជស្រូវ​សុទ្ធ ដើម្បី​មាន​ផលិតភាព​ខ្ពស់ គុណភាព​ល្អ តម្លៃ​ល្អ និង​ងាយ​ប្រកួតប្រជែង​។ នេះ​បើ​យោងតាម​ផេ​ក​ហ្វេ​ស​ប៊ុ​ក​ក្រសួងកសិកម្ម​។​

​ជាមួយគ្នានេះដែរ លោក​រដ្ឋមន្ត្រី​ក៏បាន​ធ្វើការ​ណែនាំ​ឱ្យ​គិតគូរ​លើ​ការ​វេច​ខ្ចប់​ឱ្យមាន​ភាព​ទាក់ទាញ ដើម្បី​បង្ហាញ​ពី​អត្តសញ្ញាណ ស្លាក​យីហោ​អង្ករ​ផងដែរ​។

​លោក​ឌិ​ត ទីណា បានធ្វើ​ការណែនាំ​បែបនេះ ក្នុងពេល​លោក​និង​ថ្នាក់ដឹកនាំ​ក្រសួងកសិកម្ម បាន​ចុះទៅ​ទស្សនកិច្ច​ស្នាក់ការ​សហភាព​សហគម​ន៍​កសិកម្ម​ព្រះវិហារ​មានជ័យ ស្ថិតនៅ​ភូមិ​ឯកភាព ឃុំ​ប៉ា​លហាល ក្រុង​ព្រះវិហារ កាលពី​ថ្ងៃទី​២៥​ឧសភា​។​

​លោក​រដ្ឋមន្ត្រី​មានប្រសាសន៍ថា សហភាព​សហគម​ន៍ក​សិ​កម្ម​ត្រូវ​ធ្វើការ​ជាមួយគ្នា សហការគ្នា​ឱ្យបាន​ល្អ ដោយ​តម្កល់​ផលប្រយោជន៍​ជាតិ​ជាធំ ពង្រឹងគុណភាព​និង​ខ្សែ​ច្រវាក់​ផ្គត់ផ្គង់ បង្កើន​ការនាំចេញ បង្កើន​ចំណូល មាន​ចំណេញ មាន​ប្រសិទ្ធភាព​សេដ្ឋកិច្ច និង​ភាព​រីកចម្រើន​។

​ទាក់ទង​នឹង​ការងារ​នេះ លោក​ថា ក្រសួង​នឹង​ជួយ​គាំទ្រ ក៏ដូចជា​ជួយ​សម្រួល​ដល់​កសិករ ដើម្បី​ទទួលបាន​ផលចំណេញ​ពី​ផលិតកម្ម​៕​