
លោកវង សូត និងលោក Justin Kevin Whyatt ។ រូបថត ក្រសួងសង្គមកិច្ច
ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា លោក វង សូត និងលោក Justin Kevin Whyatt ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេសអូស្ត្រាលីប្រចាំកម្ពុជា បានជួបពិភាក្សាគ្នាជុំវិញការលើកកម្ពស់ជនមានពិការភាពឱ្យមានភាពប្រសើរឡើង តាមរយៈកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង ២។
ជំនួបនេះធ្វើឡើងនៅទីស្តីការក្រសួងសង្គមកិច្ច កាលពីថ្ងៃទី ២៤ ខែឧសភា ឆ្នាំ ២០២៣ ខណៈអូស្ត្រាលី និងកម្ពុជាមានទំនាក់ទំនងការទូតឈានដល់រយៈពេល ៧០ ឆ្នាំហើយភាគីទាំង ២ ក៏បានលើកឡើងពីកិច្ចសហប្រតិបត្តិការផ្នែកសង្គមកិច្ចផងដែរ។ នេះបើតាមការគូសបញ្ជាក់ពីអ្នកនាំពាក្យក្រសួងសង្គមកិច្ច លោក តូច ចាន់នី។
នាឱកាសនោះ លោក Justin Kevin Whyatt បានសម្តែងការរីករាយដែលឃើញកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទជនមានពិការភាពប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិក លើកទី ៥ ស្តីពីការអភិវឌ្ឍសហគមន៍តាមបែបបរិយាប័ន្ន (CBIDC) ប្រកបដោយជោគជ័យកន្លងទៅ។ លោកឯកអគ្គរដ្ឋទូតសង្កត់ធ្ងន់ដូច្នេះថា៖ «ចំណុចនេះកម្ពុជា បានរួមចំណែកចែករំលែកនូវការងាររបស់ខ្លួនជាមួយនឹងសហគមន៍។ សម្រាប់អូស្ត្រាលី ការធានាឱ្យមានបរិយាប័ន្នទៅលើពិការភាពនេះ គឺជាការងារសំខាន់ណាស់ក្នុងកម្មវិធីរបស់យើង»។
លោកបានសង្កេតឃើញថា តាមរយៈការដឹកនាំរបស់លោកវង សូត ជារដ្ឋមន្ត្រី បានធ្វើកំណែទម្រង់ជាច្រើនក្នុងការលើកកម្ពស់ជនមានពិការភាពតាមរយៈផែនការជាតិនានា និងកម្មវិធីសាកល្បងផ្សេងៗ តួយ៉ាង ការផ្តល់បណ្ណក្រីក្រជូនជនមានពិការភាពជាដើម ដែលអូស្ត្រាលីចាំជួយគាំទ្រលើការងារទាំងនេះ។
ជាមួយគ្នានេះដែរ លោកវងសូត បានបញ្ជាក់ថា ចំពោះវិស័យជនមានពិការភាពក្រសួងសង្គមកិច្ចបាននិងកំពុងរៀបចំកែសម្រួលច្បាប់ស្តីពីជនពិការភាពឱ្យមានលក្ខណៈកាន់តែប្រសើរ ស្របតាមស្ថានភាពជាក់ស្តែង ដោយសារច្បាប់ដែលបានធ្វើយូរមកហើយនេះ មានចំណុចខ្លះមិនទាន់សមស្រប ដែលក្រសួងមានគោលដៅផ្តល់សេវាកាន់តែមានភាពងាយស្រួល និងប្រសើរដល់ជនពិការ។
លោកវង សូត រំពឹងថា តាមរយៈបេសកកម្មការទូតរបស់លោកឯកអគ្គរដ្ឋទូត Justin Kevin Whyatt នឹងជួយបំពេញដល់ទំនាក់ទំនងការទូត រវាងកម្ពុជា និងអូស្ត្រាលី ជាពិសេសកិច្ចសហប្រតិបត្តិការនានារួមទាំងជាមួយវិស័យសង្គមកិច្ចផង។
ពាក់ព័ន្ធនឹងបញ្ហានេះ លោកតូច ចាន់នី អ្នកនាំពាក្យក្រសួងសង្គមកិច្ច បានបន្ថែមថា ការជួយដល់ជនមានពិការភាពនេះមានសារៈសំខាន់ជាពិសេសតម្រូវការជាក់ស្តែងរបស់ជនពិការភាពនៅកម្ពុជា ដែលកំពុងមានតម្រូវការច្រើន ទាំងមុខរបរការងារ ការអប់រំ ការបណ្តុះបណ្តាល ការសម្រួលជីវភាព ការសម្រួលការធ្វើចលនាដែលទាមទារកិច្ចសហការដើម្បីលើកកម្ពស់។
សូមជម្រាបជូនថា នៅខែកញ្ញា ឆ្នាំ ២០២៣ ខាងមុខនេះ ស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា មានគម្រោងនឹងដាក់ដំណើរការកម្មវិធីថ្មីមួយបន្ថែមទៀត ពាក់ព័ន្ធនឹងជនមានពិការភាពដែលស្ថានទូតរំពឹងនឹងធ្វើការជាមួយមន្ត្រីក្រសួងសង្គមកិច្ច ធ្វើយ៉ាងណាឱ្យកម្មវិធីនេះ អាចចាប់ផ្តើមបានក្នុងខែកញ្ញាដូចការគ្រោងទុក៕