
តាកែវៈ ខេត្តតាកែវ និងខេត្តអានយ៉ាងរបស់វៀតណាម បានឯកភាពគ្នាដាក់ចេញទិសដៅកិច្ចសហប្រតិបត្តិការក្នុងការបង្ការទប់ស្កាត់អំពើភេរវកម្ម ព្រហ្មទណ្ឌ គ្រឿងញៀន និងជួញដូរមនុស្ស នៅតាមតំបន់ព្រំដែននៃខេត្តទាំង ២។
លោក សៅ សារុន ស្នងការរងខេត្តតាកែវ កាលពីថ្ងៃទី២៥ ខែឧសភា បានដឹកនាំប្រតិភូ ជួបសំណេះសំណាល និងទទួលយកអំណោយរបស់ស្នងការដ្ឋាននគរបាលខេត្តអានយ៉ាង សាលាក្រុងចូវដុក ខេត្តទិញបៀន និងសាលាស្រុកអានភូ របស់វៀតណាម ជូនដល់ស្នងការដ្ឋាននគរបាលខេត្តតាកែវ និងស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង។ ប្រតិភូស្នងការដ្ឋាននគរបាលខេត្តអានយ៉ាងដឹកនាំដោយលោក ឡឹម ភឿកង្វៀង ស្នងការនគរបាលខេត្តអានយ៉ាង។
គេហទំព័រអគ្គស្នងការដ្ឋាននគរបាលជាតិបញ្ជាក់នាថ្ងៃទី២៦ ខែឧសភា ថា៖ «ភាគីទាំង២បានឯកភាពដាក់ចេញនូវទិសដៅកិច្ចសហប្រតិបត្តិការ ក្នុងការបង្ការទប់ស្កាត់អំពើភេរវកម្ម ព្រហ្មទណ្ឌ គ្រឿងញៀន ជួញដូរមនុស្ស និងបន្តរក្សាសាមគ្គីភាព មិត្តភាព កិច្ចសហប្រតិបត្តិការ ជាពិសេសសហការប្រយុទ្ធប្រឆាំងជំងឺកូវីដ នៅតាមតំបន់ព្រំដែននៃខេត្តទាំង២»។
លោក សៅ សារុន បានកោតសរសើរ និងអរគុណដល់ស្នងការនគរបាលខេត្តអានយ៉ាង ដែលតែងតែបានឧបត្ថម្ភគាំទ្រជាថវិកា សម្ភារនិងគ្រឿងឧបភោគ បរិភោគជូនដល់ស្នងការដ្ឋាននគរបាលខេត្តតាកែវនាពេលកន្លងមក។
ភាគីទាំង២បានជូនវត្ថុអនុស្សាវរីយ៍ឱ្យគ្នាទៅវិញទៅមក ដើម្បីរឹតចំណងសាមគ្គីភាព មិត្តភាពយូរអង្វែង និងពិសាអាហារសាមគ្គី៕