
លោក ឌិត ទីណា ពិសាត្រសក់ ផ្អែម នៅចម្ការរបស់កសិករនៅភូមិថ្នល់ថ្មី ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យកាលពីថ្ងៃទី២៥ឧសភា។ រូបថត ក្រសួងកសិកម្ម
ឧត្តរមានជ័យៈ ក្នុងពេលជួបសំណេះសំណាលជាមួយប្រជាកសិករ នៃបណ្តុំអាជីវកម្មត្រសក់ផ្អែមលោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានណែនាំឱ្យមានការសិក្សាបន្ថែមទាំងបច្ចេកទេស និងទីផ្សារត្រសក់ផ្អែម ដើម្បីផលិតភាពខ្ពស់ គុណភាពល្អ តម្លៃល្អ និងងាយប្រកួតប្រជែង។
ជាមួយគ្នានេះដែរ លោករដ្ឋមន្ត្រី បានជំរុញឱ្យមានការរៀបចំផែនការផលិតកម្មច្បាស់លាស់ ស្របតាមតម្រូវការទីផ្សារ ដោយមានការពិនិត្យ តាមដាន និងវាយតម្លៃ តាមជាក់ស្តែង ដើម្បីប្រសិទ្ធភាព និងនិរន្តរភាពសេដ្ឋកិច្ច ដោយមិនផលិតលើសតម្រូវការដែលនាំឱ្យតម្លៃធ្លាក់ចុះថ្លៃឡើយ។
លោកឌិត ទីណា បានធ្វើការណែនាំបែបនេះក្នុងពេលលោក និងថ្នាក់ដឹកនាំក្រសួងកសិកម្ម បានទៅទស្សនកិច្ចបណ្តុំអាជីវកម្មត្រសក់ផ្អែម ស្ថិតនៅភូមិថ្នល់ថ្មី ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យកាលពីថ្ងៃទី២៥ឧសភា។ នេះបើយោងតាមផេកហ្វេសប៊ុកក្រសួងកសិកម្ម។
លោកឌិត ទីណា ថ្លែងថា ត្រូវធ្វើយ៉ាងណាឱ្យការចំណាយផលិតកម្មតិច លក់បានច្រើន កើនចំណូល មានចំណេញហើយទាក់ទងនឹងការងារនេះ ក្រសួងនឹងជួយធ្វើឱ្យមានទីផ្សារល្អ ជំរុញការស្រាវជ្រាវបង្កើតនិងបង្កាត់ពូជត្រសក់ផ្អែមឱ្យក្លាយជាពូជក្នុងស្រុក ជារបស់ខ្មែរ ហើយមានតម្លៃពូជធូរថ្លៃ។
លោករដ្ឋមន្ត្រីត្រូវបានស្រង់សម្តីថា៖«ដូច្នេះកសិករត្រូវយកចិត្តទុកដាក់ដាំដុះឱ្យបានល្អបំផុតតាមការអនុវត្តកសិកម្មល្អ (GAP) ដាក់ចិត្តដាក់កាយដាំដុះឱ្យចេញជាលទ្ធផល និងផ្សព្វផ្សាយឱ្យគេស្គាល់ផលិតផល»។
បើតាមក្រសួងកសិកម្ម បច្ចុប្បន្នត្រសក់ផ្អែមមានតម្លៃ ៣ ៥០០រៀល ក្នុង១គីឡូក្រាម ហើយឪឡឹកមានតម្លៃចន្លោះពី ៨០០ទៅ១ ០០០រៀល ក្នុង១គីឡូក្រាម៕