ភ្នំពេញៈ នៅក្នុងរយៈពេល ៦ថ្ងៃ មន្ត្រីនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង (ក.ប.ប) បានចុះធ្វើការត្រួតពិនិត្យអនុលោមភាពលើស្ថានីយ និងដេប៉ូប្រេងឥន្ធនៈបានចំនួន ៣៧ ទីតាំងក្នុងនោះ មាន ៦ទីតាំង ប្រកបអាជីវកម្មមិនសុចរិត តាមរយៈការកេងបន្លំចំនួនលីត្រ។ នេះបើយោងតាមផេកហ្វេសប៊ុក កបប នៅថ្ងៃទី២៥ ឧសភា។
អនុលោមតាមច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ អគ្គនាយកដ្ឋាន ក.ប.ប បានបន្តអនុវត្តភារកិច្ចរបស់ខ្លួន ជាពិសេស ការអនុវត្តខ្លឹមសារនៃច្បាប់ពាក់ព័ន្ធនឹងវិស័យប្រេងឥន្ធនៈ។
ជាក់ស្តែង ចាប់ពីថ្ងៃទី ១៧-២២ ខែឧសភា ឆ្នាំ២០២៣ មន្ត្រីស៊ើបអង្កេត ក.ប.ប សាខាខេត្តកំពង់ស្ពឺ កំពង់ធំ ប៉ៃលិន សៀមរាប និងរាជធានីភ្នំពេញ បានធ្វើការត្រួតពិនិត្យអនុលោមភាពលើស្ថានីយ និងដេប៉ូប្រេងឥន្ធនៈសរុបបានចំនួន ៣៧ ទីតាំង តាមរយៈការប្រើប្រាស់ឧបករណ៍ត្រួតពិនិត្យប្រេងឥន្ធនៈ (Pumpwatch) ដែលឧបករណ៍នេះតែងតែបានធ្វើការផ្ទៀងផ្ទាត់យ៉ាងត្រឹមត្រូវ (ព្យាសកម្ម) ពីមជ្ឈមណ្ឌលមាត្រាសាស្ត្រជាតិ។
បើតាម កបប យោងតាមការបញ្ជាក់របស់មន្ត្រីជំនាញ បានរកឃើញថា មានដេប៉ូប្រេងឥន្ធនៈចំនួន ៦ទីតាំង ប្រកបអាជីវកម្មមិនសុចរិត តាមរយៈចេតនាកេងបន្លំចំនួនលីត្រពីដៃបាញ់ប្រេងឥន្ធនៈ ហើយម្ចាស់ដេប៉ូទាំងនោះត្រូវបានមន្ត្រី កបប ចាត់វិធានការតាមនីតិវិធី៕