ភ្នំពេញៈ កម្ពុជា​ចូលរួម​សមាជ​អេកូឡូស៊ី​អន្តរជាតិ​លើក​ទី១០ (X Nevsky International Ecological Congress) នៅទីក្រុង Saint Petersburg ប្រទេស​រុស្ស៊ី រយៈពេល ២ថ្ងៃ ចាប់​ពី​ថ្ងៃទី​ ២៥-២៦ ខែ​ឧសភា ដោយ​ពិភាក្សា​ពី​ការ​ប្រែប្រួល​អាកាសធាតុ បរិវត្តកម្ម​ឌីជីថល​សម្រាប់​វិស័យ​អេកូឡូស៊ី និង​ធនធានទឹក​សម្រាប់​អនាគត។

ហ្វេសប៊ុក​ក្រសួង​បរិស្ថាន​បញ្ជាក់​នា​ថ្ងៃ​ទី​២៦ ខែ​ឧសភា ថា មន្ត្រី​ក្រសួង​បរិស្ថាន​កម្ពុជា និង​អគ្គរាជទូត​កម្ពុជា​ប្រចាំ​នៅ​ប្រទេស​រុស្ស៊ី បាន​ចូលរួម​សមាជ​នេះ។

សមាជ​មាន​ការ​ចូលរួម​ពី​ប្រទេស​ជា​សមាជិក​អាស៊ាន​ដូចជា កម្ពុជា មីយ៉ាន់ម៉ា ឥណ្ឌូនេស៊ី ថៃ និងវៀតណាម តំណាង​ប្រទេស​មក​ពី​ទ្វីប​អាស៊ី​កណ្តាល អាហ្វ្រិក ចិន អង្គការជាតិ-អន្តរជាតិ និង​អង្គការ​សហប្រជាជាតិ (UNEP)។

អង្គសមាជ​ក៏​បាន​ពិនិត្យ និង​ពិភាក្សា​ពី​អេកូ-ទេសចរណ៍ ទំនាក់​ទំនង​មនុស្ស និង​ផែនដី ការ​កំណត់​យុទ្ធសាស្រ្ត និង​ជម្រើស​វិធានការ​នៃ​កិច្ចគាំពារ​បរិស្ថាន សេដ្ឋកិច្ច​ចក្រា ការ​អភិរក្ស​បរិស្ថាន​នៅ​តំបន់​អាក់ទិច និង​អង់តាក់ទិក ផលិតផល​សរីរាង្គ (ការ​លើក​កម្ពស់​កិច្ច​សហប្រតិបត្តិការ) និង​តួនាទី​ព្រៃឈើ​ក្នុង​ដំណើរការ​ធម្មជាតិ។

ហ្វេសប៊ុក​ក្រសួង​បាន​ឱ្យ​ដឹង​ថា រុស្ស៊ី​ក៏​បាន​ស្នើសុំ​សមាជិក​នៃ​អង្គសមាជ​ពិនិត្យ​លទ្ធភាព​នៃ​កិច្ច​សហប្រតិបត្តិការ ដើម្បី​លើក​កម្ពស់​កិច្ច​ខិតខំ​ប្រឹងប្រែង​រួមគ្នា​លើ​វិធានការ​ឆ្លើយតប​ការ​ប្រែប្រួល​អាកាសធាតុ កិច្ច​គាំពារ និង​អភិរក្ស​បរិស្ថាន​ក្នុង​តំបន់ និង​សកល៕