
កិច្ចប្រជុំលើកទី១៤ នៃក្រុមការងារអាស៊ាន ស្តីពីការប្រែប្រួលអាកាសធាតុ ដែលរៀបចំដោយក្រសួងបរិស្ថាន ក្រោមកិច្ចសហការជាមួយលេខាធិការអាស៊ាន នាថ្ងៃទី២៦ ខែឧសភា នៅរាជធានីភ្នំពេញ។ រូបថត ក្រសួងបរិស្ថាន
ភ្នំពេញៈ កម្ពុជាបង្ហាញការប្តេជ្ញាចិត្តចូលរួមជាមួយអាស៊ាន និងពិភពលោក ប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ ដែលបាននិងកំពុងគំរាមកំហែងយ៉ាងធ្ងន់ធ្ងរលើការរស់នៅរបស់ប្រជាជន។
ការបង្ហាញការប្តេជ្ញាចិត្តនេះធ្វើឡើងក្នុងកិច្ចប្រជុំលើកទី១៤ នៃក្រុមការងារអាស៊ាន ស្តីពីការប្រែប្រួលអាកាសធាតុ ដែលរៀបចំដោយក្រសួងបរិស្ថាន ក្រោមកិច្ចសហការជាមួយលេខាធិការអាស៊ាន នាថ្ងៃទី២៦ ខែឧសភា នៅរាជធានីភ្នំពេញ។
កិច្ចប្រជុំធ្វើឡើងក្រោមអធិបតីភាព លោក វ៉ាន់ មុនីនាថ អគ្គនាយក នៃអគ្គនាយកដ្ឋានគោលនយោបាយ និង យុទ្ធសាស្ត្រក្រសួងបរិស្ថាន និងជាឧត្តមមន្ត្រីបរិស្ថានអាស៊ាន។
ហ្វេសប៊ុកក្រសួងបរិស្ថានបញ្ជាក់នាថ្ងៃទី២៦ ខែឧសភា ថា៖ «ឯកឧត្តម [លោក វ៉ាន់ មុនីនាថ] បានលើកឡើងអំពីការប្តេជ្ញាចិត្តរបស់កម្ពុជា និងការចូលរួមជាមួយអាស៊ាន និងពិភពលោក ក្នុងការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ ដែលបាននិងកំពុងគំរាមកំហែងយ៉ាងធ្ងន់ធ្ងរលើការរស់នៅរបស់ប្រជាជន និងការដំណើរការអភិវឌ្ឍន៍ទាំងក្នុងតំបន់និងពិភពលោកនាពេលបច្ចុប្បន្ននេះ»។
លោកសង្ឃឹមយ៉ាងមុតមាំក្នុងការបន្តពង្រឹង និងពង្រីកភាពជាដៃគូជាមួយបណ្តាប្រទេសក្នុងតំបន់ ដៃគូអភិវឌ្ឍន៍ និង វិស័យឯកជន សំដៅអនុវត្តសកម្មភាពឆ្លើយតបការប្រែប្រួលអាកាសឱ្យកាន់តែមានប្រសិទ្ធភាពនិងជាក់ស្តែង។
ក្នុងនាមជាប្រធានអាស៊ានឆ្នាំ ២០២២ កម្ពុជាបានផ្តួចផ្តើមគំនិតស្តីពី «កិច្ចព្រមព្រៀងបៃតងអាស៊ាន» ក្នុងគោលបំណងណែនាំអាស៊ានឆ្ពោះទៅរកអនាគតបៃតង ការអភិវឌ្ឍដែលបញ្ចេញកាបូនិចនិងប្រកបដោយចីរភាព។
ក្នុងនាមជាប្រធានក្រុមការងារអាស៊ានស្តីពីការប្រែប្រួលអាកាសធាតុកាលពីឆ្នាំមុន កម្ពុជាបានដឹកនាំរៀបចំ និងដាក់ជូននូវសេចក្តីថ្លែងការណ៍រួមអាស៊ានស្តីពីការប្រែប្រួលអាកាសធាតុសម្រាប់កិច្ចសន្និសីទលើកទី ២៧ នៃបណ្តាភាគីអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុនៅអេហ្ស៊ីប៕