ភ្នំពេញៈ ផ្អែក​តាម​ការវិវដ្ដ​យ៉ាងរហ័ស​នៃបាតុភូត​អែលនីណូ (El Nino) ​ក្នុងរយៈពេល​ចុងក្រោយ​នេះ​បានធ្វើ​ឱ្យ​ស្ថានភាព​អាកាសធាតុ​ក្នុង​រដូវ​វស្សា​ឆ្នាំ២០២៣​ជួបនឹង​របប​ទឹកភ្លៀងធ្លាក់​មិនបាន​រាយ​ប៉ាយល្អ ភ្លៀង​អាច​មាន​ក្នុង​កម្រិត​ពីតិច​ទៅ​មធ្យម និងផ្នែក​ខ្លះ​ជាបង្គួរជាមួយ​ភ្លៀង​ធ្លាក់​ភាគច្រើន​ជាលក្ខណៈ​ផ្ទាល់ (Localize rain) មិនជា​ប្រព័ន្ធ​ទាំង​នៅក្នុង​អាងទន្លេមេគង្គ​និងនៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះបើយោងតាម​សេចក្តី​ជូនដំណឹង​ស្ដីពី​ការព្យាករ​កម្ពស់ទឹក​ជំនន់​ទន្លេមេគង្គ​លើក​ទី១ ប្រចាំ​ឆ្នាំ២០២៣​របស់​ក្រសួង​ធនធានទឹក និងឧតុនិយម។

ការចេញ​សេចក្តី​ជូនដំណឹង​នាថ្ងៃ​ទី២៧ខែឧសភា​នេះធ្វើឡើង​បន្ទាប់ពី​ក្រសួង​បានធ្វើការ​តាមដាន អង្កេត ស្រាវជ្រាវ​លើស្ថានភាព​អាកាសធាតុ និងស្ថានភាព​ទឹក ជំនន់​ទន្លេមេគង្គ​ជាច្រើន​ឆ្នាំ​បន្តបន្ទាប់​រួចមក។

ចំពោះ​ស្ថានភាព​ទូទៅ​នៃអាកាសធាតុ​ក្នុងតំបន់ ដោយយោង​តាមការសង្កេត ពិនិត្យ​ទៅលើបាតុភូត​ធម្មជាតិ និងការព្យាករ​ស្ថានភាព​អាកាសធាតុ​ក្នុងតំបន់​សម្រាប់​ឆ្នាំ២០២៣​រួចមកឃើញ​ថា៖ ចាប់​ពី​ខែមករា ដល់​ខែមេសា​ឆ្នាំ២០២៣ ស្ថានភាព​ភ្លៀង​នៅអាង​ទន្លេមេគង្គ រួមទាំង​កម្ពុជា មាន​កម្រិត​ប្រហាក់​ប្រហែល​មធ្យម​ច្រើនឆ្នាំ ដោយសារ​តែ​ឥទ្ធិពល​អែល​ឌីណូមានត្រឹម​៦០​% និងបាតុភូត​អែនសូ (Neutral)​ មាន​៤​០% ដែលជាបាតុភូតអន្តរកា​លចន្លោះរវាង បាតុភូត​អែលនីណូ​និងបាតុភូត​ឡានីណា (La Nina)។

ដោយឡែក​ចាប់ពី​ខែឧសភា រហូតដល់​ខែវិច្ឆិកា​ឆ្នាំ២០២៣ បាតុភូត​អែលនីណូ​មាន ៨០% និង​បាតុភូត​អែនសូ​មានត្រឹមតែ ២០% ប៉ុណ្ណោះ។

ចំពោះ​ស្ថានភាព​ទឹក​ទន្លេមេគង្គ ទន្លេបាសាក់ និងទន្លេសាប​វិញ គឺចាប់ពី​ខែមករា ដល់ខែឧសភា​ឆ្នាំ២០២៣ ទឹក​ទន្លេមេគង្គ ទន្លេបាសាក់ និងទន្លេសាប​មានស្ថានភាព​ដូចជា៖ ទន្លេមេគង្គ-ស្ទឹងត្រែង ទឹកមាន​កម្ពស់ខ្ពស់​ជាង​មធ្យម​ច្រើន​ឆ្នាំ​ប្រមាណ ០,២៧ ម៉ែត្រ។ ទន្លេមេគង្គ-ក្រចេះ ទឹកមាន​កម្ពស់​ខ្ពស់​ជាង​មធ្យម​ច្រើន​ឆ្នាំ​ប្រមាណ ០,៤០ ម៉ែត្រ។

ទន្លេមេគង្គ-កំពង់ចាម ទឹកមាន​កម្ពស់​ប្រហាក់ប្រហែល​នឹង​មធ្យម​ច្រើន​ឆ្នាំ។ រាជធានី​ភ្នំពេញ ស្ថានីយ​ជលសាស្ត្រ​ទន្លេបាសាក់-ចតុមុខ ទឹកមាន​កម្ពស់​ប្រហាក់ប្រហែល នឹង​មធ្យម​ច្រើន​ឆ្នាំ ហើយ​ទឹក​ក្នុងបឹង​ទន្លេសាប នៅស្ថានីយ​ក្រគរ-កំពង់លួង ទឹក​មានកម្ពស់​ទាប​ជាង​មធ្យម​ច្រើន​ឆ្នាំ​ប្រមាណតែ ០,០៧ ម៉ែត្រ។

ក្រសួង​បានបញ្ជាក់​ថា៖«ផ្អែក​តាមលក្ខណៈ​ខាងលើ ស្ថានភាព​ទឹក​ទន្លេមេគង្គ​សម្រាប់​ដើមឆ្នាំ២០២៣​នេះ នៅទន្លេមេគង្គ​ផ្នែក​ខាងលើ​ខេត្ត​កំពង់ចាម ទឹកមាន​កម្រិត​កម្ពស់​ខ្ពស់​ជាងមធ្យម​ច្រើន​ឆ្នាំ នៅ​ទន្លេមេគង្គ ផ្នែក​ខាងក្រោម ទឹកមាន​កម្រិត​កម្ពស់​ប្រហាក់ប្រហែល​នឹងមធ្យម​ច្រើន​ឆ្នាំ។ រីឯ​នៅ​ទន្លេបាសាក់ និង បឹង​ទន្លេសាប ទឹក​មាន​កម្រិត​កម្ពស់​ទាប​ជាងមធ្យម​ច្រើន​ឆ្នាំ​បន្តិចបន្តួច»។

រីឯការព្យាករ​ទឹក​ជំនន់​ទន្លេ​មេគង្គ​វិញ យោងលើ​ស្ថានភាព​អាកាសធាតុ​ក្នុង​តំបន់ ដែល​កំពុងទទួល​ឥទ្ធិពល​ពីបាតុ​ភូត​អែលនីណូ បើទោះបីជា​ស្ថានភាព​ទឹកទន្លេ​នៅដើម​ឆ្នាំ២០២៣​នេះ មានស្ថានភាព​ប្រសើរ​ប្រហាក់ប្រហែល​នឹង​មធ្យម​ភាគ​ច្រើន​ឆ្នាំ​ក្តី តែបន្ត​ទៅមុខ​ទឹក​ភ្លៀងដែលនឹង​កើតមាន​នៅអាង​ទន្លេមេគង្គ​រួមទាំង​កម្ពុជា​ផងនោះ មានការថយចុះ​ទាប​ជាងមធ្យម​ភាគ​ច្រើន​ឆ្នាំ ដែលជា​កត្តា​នាំឱ្យ​ទឹក​ជំនន់​ទន្លមេគង្គ​នៅ​ឆ្នាំ​នេះ​មាន​លក្ខណៈ​តូច។

តាមការព្យាករ​ទឹកជំនន់​ទន្លេមេគង្គ​លើក​ទី១ ក៏បាន​បង្ហាញ​ថា នៅស្ថានីយ​ជលសាស្ត្រ​បាសាក់-ចតុមុខ​សម្រាប់​ឆ្នាំ២០២៣​នេះ ទឹកអាចនឹង​មានកម្ពស់​ត្រឹមតែ ៨,៣៥ ម៉ែត្រ ដែលចាត់​ទុក​ជាប្រភេទ​ជំនន់​តូច៕