បាត់ដំបងៈ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន អាជ្ញាធរខេត្តបាត់ដំបង និងបណ្តាញគ្រិស្ថបរិស័ទកម្ពុជាបានសហការគ្នារៀបចំបណ្តុះបណ្តាលពីបញ្ហាគ្រឿងញៀននិងច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀនដល់គ្រូគង្វាល និងជំនុំបណ្តាញគ្រិស្ដបរិស័ទកម្ពុជាសាខាខេត្តបាត់ដំបងចំនួន ១៦០ នាក់នាថ្ងៃទី២៦ ខែឧសភានេះ។
លោក ទូច សុខា ប្រធានក្រុមប្រឹក្សាបណ្តាញព្រះវិហារគ្រិស្ដបរិស័ទកម្ពុជាសាខាបាត់ដំបងបានថ្លែងថា ការបណ្តុះបណ្តាលនេះពិតជាបានផ្តល់ចំណេះដឹងពីបញ្ហាគ្រឿងញៀន និងច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀនពីមន្រ្តីជំនាញរបស់អគ្គលេខាធិការដ្ឋានអាជ្ញាធរប្រយុទ្ធប្រឆាំងគ្រឿងញៀនរាល់មក ចម្ងល់ត្រូវបានបកស្រាយ និងប្តេជ្ញាយកចំណេះដឹងដែលទទួលបានទៅផ្សព្វផ្សាយក្នុងសហគមន៍ឱ្យបានផុលផុស ដើម្បីជួយក្រុមគ្រួសារ និងសហគមន៍ឱ្យចៀសឆ្ងាយពីបញ្ហាគ្រឿងញៀន។
លោក លឹម តុងហួត ប្រធាននាយកដ្ឋាននីតិកម្ម អប់រំ និងស្តារនីតិសម្បទានៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានលើកឡើងថា ការប្តេជ្ញាចិត្តពោរពេញដោយឆន្ទៈរបស់គ្រូគង្វាល និងជំនុំចូលរួមចំណែកការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនពិតជាអាចកាត់បន្ថយនិងកសាងបាននូវសហគមន៍មួយដែលមានសណ្តាប់ធ្នាប់ និងសុវត្ថិភាព ពោរពេញដោយភាពសុខសាន្តនិងការអភិវឌ្ឍ។
លោកបានបន្តថា ភាពសុខដុមនីយកម្មក្នុងវិស័យសាសនានាំមកនូវសុខសន្តិភាពនិងការអភិវឌ្ឍ ហើយការចូលរួមគ្រប់សមាសភាពក្នុងសហគមន៍ប្រយុទ្ធប្រឆាំងគ្រឿងញៀនគឺពិតជាកាត់បន្ថយនិងដោះស្រាយបាននូវបញ្ហាគ្រឿងញៀន"ទូកទៅមុខពឹងច្រវា អនាគតស្រស់ថ្លាមិនពឹងគ្រឿងញៀន"។
នាពេលថ្មីៗនេះផងដែរ យុវសិស្សចំនួន ៥០០ នាក់ នៅសាលារៀនអន្តរទ្វីបអាមេរិកាំងសាខាម៉ៅសេទុងក៏ទទួលបានចំណេះដឹងពីបញ្ហាគ្រឿងញៀននិងបារីអេឡិចត្រូនិកផងដែរតាមរយៈការផ្សព្វផ្សាយពីផលប៉ះពាល់នៃគ្រឿងញៀននិងបារីអេឡិចត្រូនិក។
លោកលឹម តុងហួត បានមានប្រសាសន៍ក្នុងឱកាសនោះថា ការផ្សព្វផ្សាយនេះរៀបចំក្នុងគោលបំណងសំខាន់បំផុតគឺពង្រឹងការយល់ដឹងបង្ការ ទប់ស្កាត់ការរីករាលដាលបញ្ហាគ្រឿងញៀននិងបារីអេឡិចត្រូនិកទាំងក្នុងសាលារៀន និងសហគមន៍របស់ពួកគាត់តាមរយ:ការចែករំលែកចំណេះដឹងដល់ពួកគាត់ដើម្បីផ្សព្វផ្សាយបន្តដល់ក្រុមគ្រួសារនិងមនុស្សជាទីស្រឡាញ់ កុំឱ្យទៅពាក់ព័ន្ធបញ្ហាទាំងនេះ ដែលនាំទុក្ខគ្រោះភ័យដល់ខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។
លោកបានបន្ថែមទៀតថា យុវជន យុវតី នៅក្នុងវ័យ ១៤ ឆ្នាំ ដល់ ១៨ ឆ្នាំនេះ គឺជាវ័យមួយដែលកំពុងតែរីកលូតលាស់ទាំងរាងកាយ ប្រាជ្ញាស្មារតី ហើយក៏ជាវ័យមួយដែលចង់សាក ចង់ដឹង ចង់ស្គាល់ នូវអ្វីៗដែលថ្មីៗ។ នេះតម្រូវឱ្យភាគីពាក់ព័ន្ធទាំងអស់ត្រូវតែចូលរួមជួយពួកគាត់ឱ្យមានការយល់ដឹងច្បាស់លាស់ពីបញ្ហានានាពិសេសបញ្ហាគ្រឿងញៀន ដែលអាចនឹងនាំឱ្យប៉ះពាល់ដល់សុខភាពនិងការលូតលាស់ប្រកបដោយសក្តានុពលរបស់ពួកគេ៕