បាត់ដំបងៈ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោក ស ខេង បានស្នើឱ្យមានការបន្តរួមគ្នា ដើម្បីថែរក្សាការពារសុខសន្តិភាពជាអាទិភាព ឱ្យដើរទន្ទឹមគ្នានឹងការខិតខំថែរក្សាសន្តិសុខ សណ្ដាប់សាធារណៈ និងឱ្យអាជ្ញាធរបន្តការងារជាប្រក្រតីតាមតួនាទី និងភារកិច្ច។
ការស្នើនេះត្រូវបានធ្វើឡើងនាថ្ងៃទី២៧ខែឧសភា ក្នុងពេលដែលលោកឧបនាយករដ្ឋមន្រ្តីធ្វើជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីរាជការ កងកម្លាំង អតីតយុទ្ធជន និវត្តជន ក្នុងស្រុកសំឡូត ខេត្តបាត់ដំបង។
ក្នុងឱកាសនោះដែរ លោក ស ខេង ក៏បានគូសបញ្ជាក់អំពីការប្រជែងភូមិសាស្រ្តនយោបាយ និងវិបត្តិសង្គ្រាម ព្រមទាំងបញ្ជាក់អំពីស្ថានភាពផ្ទៃក្នុងប្រទេស ដែលក្រុមប្រឆាំងជ្រុលនិយមនៅតែបន្តប៉ុនប៉ងបំផ្លាញសន្តិភាព។
យ៉ាងណាក៏ដោយ ក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយ និងវិធានការនានាដោយមានការគាំទ្រ និងការចូលរួមពីមន្ត្រីរាជការ កងកម្លាំង មានសមត្ថកិច្ច អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋធ្វើឱ្យប្រទេសជាតិអាចជម្នះបាននូវបញ្ហាប្រឈមនានាជាសកល។ ក្នុងនោះរួមទាំងជំងឺកូវីដ១៩ ព្រមទាំងទប់ស្កាត់បាននូវរាល់ឧបាយកលទុច្ចរិតរបស់ក្រុមប្រឆាំងជ្រុលនិយម រក្សាបានសុខសន្តិភាព និងការអភិវឌ្ឍសេដ្ឋកិច្ច។ នេះបើយោងតាមហ្វេសប៊ុករបស់លោកស ខេង។
លោកឧបនាយករដ្ឋមន្រ្តីបានបន្តថា សមិទ្ធផលនានា ដែលកើតចេញពីមូលដ្ឋាននៃការខិតខំប្រឹងប្រែងថែរក្សាសុខសន្តិភាពមានដូចជាការបន្តអនុវត្តលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ពិសេសការរៀបចំការបោះឆ្នោតជាទៀងទាត់ ការដាក់ចេញគោលនយោបាយពង្រឹងសេដ្ឋកិច្ចជាតិ ធានាការផ្ដល់សេវាសាធារណៈ និងការបន្តអនុវត្តគម្រោងអភិវឌ្ឍន៍ផ្សេងៗទៀត។ ក្នុងនោះក៏មានការអភិវឌ្ឍធនធានមនុស្ស ផ្លូវគមនាគមន៍ ទឹកស្អាត និងប្រព័ន្ធធារាស្ត្រ និងការតបណ្ដាញអគ្គិសនី។
លោក ស ខេង ក៏បានស្នើឱ្យមានការបន្តរួមគ្នាជំរុញគាំទ្រការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ព្រមទាំងប្ដេជ្ញាចិត្តរួមគ្នាធ្វើឱ្យការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ នាខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ ឱ្យប្រព្រឹត្តទៅដោយរលូន ដើម្បីរួមគ្នារក្សាស្ថិរភាពជាតិ និងការអភិវឌ្ឍតាមគន្លងប្រជាធិបតេយ្យ៕