បាត់ដំបងៈ ក្រសួងពីរ និងដៃគូបានរៀបចំកម្មវិធីទស្សនកិច្ចសិក្សាជំនាញសម្រាប់អ្នកសិក្សាប៊ីប ដល់យុវជនចំនួន ២៣០ នាក់មកពីខេត្តបាត់ដំបង ខេត្តកំពង់ឆ្នាំង ខេត្តសៀមរាប និង ទីក្រុងភ្នំពេញ នាថ្ងៃទី២៦ ខែឧសភា ឆ្នាំ ២០២៣។
ទស្សនកិច្ចសិក្សាជំនាញនេះត្រូវបានរៀបចំឡើង ដើម្បីផ្សព្វផ្សាយការលើកកម្ពស់ការចុះឈ្មោះក្នុងកម្មវិធី ប៊ីប និងលើកកម្ពស់ការអភិវឌ្ឍជំនាញ និងការត្រៀមខ្លួន ដើម្បីស្វែងរកការងារ ដូចជា ការកំណត់ចក្ខុវិស័យ ការជ្រើសរើសអាជីព ការស្វែងរកការងារ ជំនាញទន់ ការកំណត់និយោជិក និងកម្មវិធីហាត់ការការងារ។ នេះបើយោងតាមក្រសួងអប់រំ។
ក្រុមយុវជនបានចូលរួមសិក្សាពីបទបង្ហាញដោយវាគ្មិនដែលបានបទពិសោធន៍ រួមជាមួយដំណើរទស្សនកិច្ចទៅកាន់វិទ្យាស្ថានអប់រំ បណ្តុះបណ្តាលនិងវិជ្ជាជីវៈ និងមជ្ឈមណ្ឌលការងារជាដើម។
កម្មវិធីនេះត្រូវបានចូលរួមជាគណៈអធិបតីលោក ចឹក លីម អគ្គនាយករង នៃអគ្គនាយកដ្ឋានយុវជន នៃក្រសួងអប់រំ យុវជន និងកីឡា តំណាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តំណាងអង្គការ UNESCO លោកប្រធានមន្ទីរអប់រំ យុវជន ខេត្តបាត់ដំបង និងខេត្តកំពង់ឆ្នាំង និងគ្រប់ភាគីពាក់ព័ន្ធនានាផងដែរ។
កម្មវិធីទស្សនកិច្ចសិក្សាជំនាញនេះត្រូវបានរៀបចំឡើងរួមគ្នាដោយ ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អង្គការ UNESCO រួមជាមួយទីភ្នាក់ងារអង្គការសហប្រជាជាតិផ្សេងទៀត នៃគម្រោងរួមគ្នា ដើម្បីការងារនិងមុខរបរសមរម្យសម្រាប់យុវជន (DEY) ដូចជា ILO UNICEF UNIDO និងដៃគូដូចជា អង្គការ CRC Cambodia ក្រុមយុវជន AYCG អង្គការកុមាររីករាយ ក្រុមហ៊ុនឯកជនដៃគូដូចជា ក្រុមហ៊ុន Smart Axiata ក្រុមហ៊ុនធានារ៉ាប់រង Manulife Cambodia ក្រុមហ៊ុន GGear និងក្រុមហ៊ុន រតនី វណ្ណហុងគ្រឿងអលង្ការ៕