ព្រះវិហារ/ស្ទឹងត្រែងៈ ក្រុម​ការងារ​អង្គការ​សន្សំ​ម្លប់ព្រៃ​បាន​និង​កំពុង​តែ​ធ្វើ​ការ​យ៉ាង​ស្វិតស្វាញ​ក្នុង​ចែក​គ្រាប់​ពូជស្រូវ​ទៅ​ដល់​ក្រុម​គ្រួសារកសិករ ដែល​បាន​ស្នើសុំ​គ្រាប់​ពូជ​តាម​ចំនួន​តម្រូវការ​របស់​ពួកគាត់ ដើម្បី​យក​ទៅ​ដាំដុះ ក៏​ដូចជា រួម​ចំណែក​ក្នុង​ការ​ការពារ​សត្វព្រៃ​ក្នុង​តំបន់​ការពារ​បរិស្ថាន​ធម្មជាតិ​នៅ​កម្ពុជា។

ក្រុម​ការងារ​នៅ​តាម​តំបន់​គោលដៅ​បាន និង​កំពុង​ធ្វើការ​ផ្តល់​ជូន​គ្រាប់​ស្រូវ​ពូជផ្កា​រំដួល​ចំនួន ៨០តោន និង​ផ្កាម្លិះ​ក្រហម​ចំនួន ៨តោន ទៅកាន់​ប្រជាកសិករ IBIS Rice នៅ​ទីតាំង​គម្រោង​ដូចជា នៅ​ក្នុង​ខេត្ត​ព្រះវិហារ ស្ទឹងត្រែង មណ្ឌលគិរី និងរតនគិរី។ ក្រុម​ការងារ​បាន​ចែក​ជូនក្រុម​គ្រួសារ ដែល​ស្នើសុំ​បាន​ប្រហែល ៨០% ហើយ។ ពួកគេ​គ្រោង​នឹង​បញ្ចប់​ការ​ចែក​ក្នុង​ខែ​ឧសភា​នេះ​ផងដែរ ដើម្បី​ឱ្យ​ប្រជាកសិករ​ទទួល​បាន​គ្រាប់​ពូជទាន់​ពេលវេលា​ក្នុង​ការ​ដាំដុះ។ នេះ​បើ​យោង​តាម​អង្គការ​សន្សំ​ម្លប់ព្រៃ។

អង្គការ​សន្សំ​ម្លប់ព្រៃ​ក៏​បាន​និង​កំពុង​តែ​ប្រកាស​ទៅ​ដល់​ប្រជាកសិករ​នៅ​ខេត្ត កំពង់ធំ សៀមរាប និង​ខេត្តពោធិ៍សាត់ ផងដែរ​ពី​ការ​ចូលរួម​កម្មវិធី​ស្តង់ដា​ផលិតកម្ម​ស្រូវ​និរន្តរភាព​រហូត​ដល់​ត្រឹម​ខែ​មិថុនា ២០២៣​នេះ។ ប្រជាកសិករ​នឹង​ទទួល​បាន​ចំណេះដឹង​កសិកម្ម​ផលិត​ស្រូវ​ឱ្យ​ត្រឹមត្រូវ​តាម​ស្តង់ដា មិន​ចំណាយ​ធនធាន​លើសលប់ តែ​ប្រើ​បច្ចេកទេស​ត្រឹមត្រូវ ហើយ​ទទួល​បាន​ទិន្នផល​ស្រូវ​ខ្ពស់។

កម្មវិធី​នេះ​អនុវត្ត​នៅ​តាម​ទីតាំង​គោលដៅ​មួយ​ចំនួន​ក្នុង​ខេត្ត​កំពង់ធំ មាន​ស្រុក​ស្ទោង ស្រុក​កំពង់ស្វាយ ស្រុក​បារាយណ៍ ខេត្ត​សៀមរាប ក្នុងស្រុកជីក្រែង ស្រុកសូទ្រនិគម និង​ស្រុក​បាកាន ក្នុង​ខេត្ត​ពោធិ៍សាត់។ នេះ​បើ​យោង​តាម​ប្រភព​ដដែលនេះ៕