បាត់​ដំបងៈ នៅ​ក្នុង​ភូមិ​តា​សី ឃុំ​តា​ម៉ឺន ​ស្រុក​ថ្ម​គោល ​ខេត្ត​បាត់​ដំបង​ គឺមាន​ទីតាំង​១កន្លែង​​ដែល​មាន​ប្រជា​ជន​ប្រមាណ​ចំនួន​ ១៧២ ​គ្រួសារ​ បាន​ពួត​ដៃ​គ្នាចង​ក្រង​ជា​សហគ​មន៍​ដាំ​ដុះដោយ​បានឱ្យ​ឈ្មោះ​ថា សហ​គមន៍​កសិកម្ម​តា​សី​សា​មគ្គី​។​

​សហ​គមន៍​កសិកម្ម​តា​សី​សាម​គ្គី​ជា​សហ​គមន៍​១​ដែលមាន​ជំនាញ​ក្នុង​ការដាំដុះ​បន្លែ​សុវត្ថិ​ភាព​និង​ផ្តល់​សេវា​កម្ម​សាង​សង់​ផ្ទះ​សំណាញ់​។ បច្ចុប្បន្ន​សហ​គមន៍​មួយ​នេះបា​ន​និង​កំពុង​ពង្រីក​កា​រដាំ​ដុះ​បន្លែ​សុវត្ថិ​ភាព កា​រ​សាង​សង់​ផ្ទះ​សំណាញ់​ និង​បណ្តុះ​បណ្តាល​កសិករ​ដើម្បី​ផ្គត់​ផ្គង់​បន្លែ​សុវត្ថិ​ភាព​ទៅ​ដល់​រាជ​ធានី​ភ្នំពេញ​ និង​ខេត្ត​ធំៗ​ចំនួន ៣​។

​លោក​ ណុប នុ​ន​ ជា​ប្រធាន​សហ​គមន៍​កសិកម្ម​តា​សី​សាមគ្គី​បា​នឱ្យដឹង​ថា​ សហគម​ន៍នេះបាន​បង្កើត​ឡើង​នៅ​ថ្ងៃទី​១៤​ ខែកញ្ញា ឆ្នាំ​២០១៧​ និង​បានចុះ​បញ្ជី​នៅក្នុ​ងឆ្នាំ​នោះតែ​ម្ដង​ ដោយ​មាន​គោល​បំណង​ធំ១​គឺ​ចង់​រួបរួម​កម្លាំង​គ្នា​ផលិត​ឱ្យ​បាន​កាន់តែ​ធំ ​ពោល​គឺ​ធំ​ជាង​លក្ខណៈ​គ្រួសារ​។ លោក​ថា កា​របង្កើ​តនេះ​ដំបូង​មាន​ដើម​ទុនប្រមាណ​៨​លាន​រៀល​ប៉ុណ្ណោះ ​តែរ​ហូត​ទល់​បច្ចុប្បន្ន​​​ស​ហគ​មន៍​មាន​ទុន​ប្រមាណ​ជាង៣០០​លាន​រៀល ​និង​មាន​សមា​ជិក​កើន​ដល់​១៧២​គ្រួ​សារ​ ក្នុង​នោះ​ស្រី​៨៩​នាក់​។ ​។

​​លោក​ណុប នុ​ន ​បន្តថា​៖ «​បច្ចុប្បន្ន​យើង​មាន​មុខ​របរ​សំខាន់ៗ​ដូច​ជា ​សាង​សង់​ផ្ទះ​សំណាញ់ ​ដឹក​ជញ្ជូន​បន្លែ​សុវត្ថិ​ភាពមាន​ក្រុម​បច្ចេក​ទេស​បង្រៀន​ដាំដុះ​តាម​កសិ​ដ្ឋាន​ គម្រោង​ផលិត​ជី​កំ​ប៉ុស ​ទឹកខ្មេះ​ ធ្យូង​អង្កាម​ទៅលើ​ការ​ដាំ​ដុះ​បន្លែ ​ដែល​ផ្តោត​សំខាន់​ទៅ​លើ​ការ​ជំរុញ​ឱ្យមាន​ស្តង់​ដា​១ ដែល​បងប្អូន​យើង​ទទួល​ស្គាល់​ស្តង់ដា​សុវត្ថិភាព​»​។

​ប្រធាន​សហ​គមន៍​កសិក​ម្ម​តា​សី​សាមគ្គី​បានបន្ត​ថា សហ​គមន៍​បាន​ដើរ​តាម​គោល​នយោ​បាយ​ជំរុញ​ការ​ដាំ​ដុះ​បន្លែ​សុវត្ថិ​ភាពច្បាស់​លាស់​សម្រាប់​ទីផ្សារ​ធំៗ ទើប​សហ​គមន៍​ចាប់​ផ្ដើម​អនុវត្ត​តាម​បច្ចេក​ទេស​រាប់​តាំងពី​ការ​ជ្រើស​រើស​ពូជ​រហូត​ដល់​ប្រមូល​ផល​ដែល​ត្រូវ​ទៅ​តាម​មាត្រ​ដ្ឋាន​ស្តង់ដា​របស់​ក្រសួង​កសិកម្ម​។

​ទាក់​ទិន​ទៅនឹង​កត្តា​តម្រូវ​ការនិង​ទីផ្សារ​លោក ណុប នុ​ន​ ឱ្យដឹង​ថា ​បច្ចុប្បន្ន​ទីផ្សា​រ​បន្លែ​សុវត្ថិ​ភាព​មាន​តម្រូវការ​ខ្ពស់​លើស​ពី​ការ​ផ្គត់​ផ្គង់ ខណៈ​សហ​គមន៍​ផ្គត់ផ្គ​ង់​បាន​ត្រឹម​ដៃគូ​នៅ​រាជ​ធានី​ភ្នំពេញ និង​តាម​បណ្ដា​ខេត្ត​ធំៗ​ដូច​ជា​បាត់​ដំបង បន្ទាយ​មាន​ជ័យ និង​សៀម​រាប​ជា​ដើម​។

​លោក​បាន​បញ្ជាក់​ថា​៖«​សម្រាប់​បន្លែ​យើង​ខ្វះខាត​ច្រើន​ព្រោះ​តម្រូវ​ការ២​តោន​យើង​អាច​ផលិត​ឱ្យ​បាន​ត្រឹម​៣០០-​៥០០​គីឡូក្រា​ម​ប៉ុណ្ណោះ​តែ​យើង​សង្ឃឹមថា​ វា​នឹង​ឡើង​មកវិញ​តាម​រដូវ​កាល​វិញ ដោយ​សារ​ឆ្នាំ​នេះ​យើង​ទទួល​រង​នូវ​ឥទ្ធិ​ពល​កម្ដៅ​ខ្ពស់​ធ្វើ​ឱ្យ​ទិន្ន​ផល​ធ្លាក់​ចុះ​»​។

​ដោយ​ឡែក សម្រាប់​ចំណូល​ដែល​បាន​មកពី​ទិ​ន្នផល​បន្លែ ​លោក​ប្រធាន​សហ​គមន៍​បាន​ឱ្យដឹង​ថា សហ​គមន៍​អាច​ទទួល​បាន​ចំណូល​ពី​បន្លែ​ជា​មធ្យម​ចន្លោះ៥ ​០០០​ទៅ៧​ ០០០​ដុល្លារ​ក្នុង​១​ខែ​។

​ក្រៅពី​ការ​ដាំដុះ​បន្លែ​សុវត្ថិ​ភាព​សហ​គមន៍​ក៏មាន​សេវា​កម្ម​ផ្សេងទៀ​ត​ដូចជា​ ការ​កំពុង​សាង​សង់​ផ្ទះ​សំណាញ់​ជូន​ដល់​កសិដ្ឋាន​ផ្សេងៗ​នៅតាម​បណ្តា​ខេត្ត​មួយ​ចំនួន​ ​ដោយ​ក្នុង១​ខែ ​សហគ​មន៍​ទទួលបា​ន​អតិថិជ​ន​សម្រាប់​សាង​សង់​ចន្លោះ​ពី៨០-​១០០​ខ្នង​។

​លោកណុប នុ​ន ​បានបន្ថែម​ថា​៖ «​ការ​សាងស​ង់​ផ្ទះ​សំណាញ់​យើង​ប្រើ​កម្លាំង​ពី​ខាង​សហ​គមន៍ ហើយ​សម្រាប់​ទំហំ១០គុណ២៥មាន​តម្លៃ​ពី​ ២៣០០-​២៥០០​ដុល្លារ វា​អាស្រ័យ​ទៅ​តាម​ចម្ងាយ​ ហើយ​ផល​ដែល​ទទួល​បាន​យើង​បែង​ចែក​ជា២គឺ​សម្រាប់​ប្រតិ​បត្តិកា​រហើយ​នៅស​ល់​យើង​ចែក​ទៅតាម​គោល​ការណ៍ ​និង​លក្ខ​ខណ្ឌ​របស់​សហ​គមន៍​។

​បើ​ក្រឡេក​ទៅ​កាន់​ជីវភាព​ប្រជា​សហ​គមន៍​ទាំង១៧២​គ្រួសារ​វិញឃើញ​ថា​ មាន​ភាព​ល្អប្រ​សើរ​។ បើតាម​លោកណុប នុ​ន ​ «​សម្រាប់​សមា​ជិក​របស់​យើង​មាន​ទាំង​ក្រុម​សន្សំ​ប្រាក់ ​អ្នក​ប្រមូល​ផល​បន្លែ អ្នក​ដាំ​លក្ខណៈ​គ្រួសារ​ ហើយ​យើង​ជា​ផ្នែក​មួយ​ដែល​ជួយ​សម្រប​សម្រួល ដឹក​នាំ និង​បង្ហាញ​ផលិត​ផល​ដល់ទី​ផ្សារ ​ក្រៅពីនេះ​​គ្រួសារ​នីមួយៗ​គឺ​ពួក​គាត់​មាន​របរ មាន​ដីស្រែ​បន្ទាប់​បន្សំ​ផ្សេង​ទៀត​ផង​ដែរ​»​។​

​សម្រាប់​គម្រោង​ទៅ​ថ្ងៃ​ខាង​មុខ លោក ណុប នុ​ន ក៏បាន​បង្ហើប​​ថា​ លោក​ចង់​ពង្រីក​ផលិត​កម្ម​ឱ្យ​កាន់តែ​ធំ​ពិសេស​តាម​បណ្ដា​ខេត្ត​ផ្សេង​ទៀត​ពោល​គឺ​ដាំ​ឱ្យ​ត្រូវ​តាម​សណ្ឋាន​ដី​តាម​តំបន់​នីមួយៗ តែក៏ត្រូវ​គោ​រព​តាម​កសិករ​ដែល​ជា​ម្ចាស់​ដី​ផ្ទាល់​ផង​ដែរ​៕