
លោកហ៊ុន ម៉ាណែតថតរូបជាមួយប្រជាពលរដ្ឋក្នុងអំឡុងពិធីបញ្ចុះខណ្ឌសីមានិងសម្ពោធសមិទ្ធផលនានានៅវត្តជ្រោយអំពិលស្ថិតក្នុងសង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញនាថ្ងៃទី២៧ខែឧសភា។ រូបថត៖ ហ្វេសប៊ុកលោកហ៊ុន ម៉ាណែត
ភ្នំពេញៈលោក ហ៊ុន ម៉ាណែត បានអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់បន្តរួបរួមគ្នាក្នុងធ្លុងសាមគ្គីតែមួយ ដើម្បីបន្តថែរក្សាសន្តិភាព និងភាពសុខសាន្តសុខដុមរមនារបស់សង្គមជាតិ ឱ្យបានគង់វង្សសម្រាប់កូនចៅជំនាន់ក្រោយតាមរយៈការបន្តផ្តល់ទំនុកចិត្តចំពោះការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាច្រើនឆ្នាំកន្លងមកនេះ។
ការអំពាវនាវនេះធ្វើឡើងក្នុងពេលលោកចូលរួមពិធីបញ្ចុះខណ្ឌសីមា និងសម្ពោធសមិទ្ធផលនានាក្នុងវត្តជ្រោយអំពិលស្ថិតនៅក្នុងសង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ នេះបើយោងតាមហ្វេសប៊ុកលោកហ៊ុន ម៉ាណែតនាថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៣ នេះ។
លោកបានលើកឡើងថា សន្តិភាពបានកើតឡើងដោយលំបាក ប៉ុន្តែអាចនឹងរលាយបាត់ទៅវិញយ៉ាងផុយស្រួយក្នុងពេលដ៏ខ្លី ប្រសិនបើមានការធ្វេសប្រហែស។
លោកហ៊ុន ម៉ាណែត បានបញ្ជាក់ថា៖«សមិទ្ធផលសន្តិភាព និងស្ថិរភាព ដូចដែលយើងកំពុងមានបច្ចុប្បន្ននេះគឺជាពរជ័យ និងជាទ្រព្បសម្បត្តិដ៏មានតម្លៃមហាសាលសម្រាប់ជាតិ និងប្រជាជន ដែលយើងទាំងអស់គ្នាអាចមើលឃើញយ៉ាងជាក់ស្តែងធៀបនឹងអតីតកាលដ៏សែនជូរចត់ខ្លោចផ្សាដែលជាតិខ្មែរយើងធ្លាប់បានហែលឆ្លងកាត់អស់រយៈកាលជាច្រើនឆ្នាំកន្លងមក នៅមុនសម័យតេជោសន្តិភាពនេះ»។
លោកយង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជាបានថ្លែងថា សន្តិភាព ពិតជាមានតម្លៃសម្រាប់ប្រទេសកម្ពុជាទាំងមូល ព្រោះកម្ពុជាបានឆ្លងកាត់នូវសង្គ្រាម អស់ជាច្រើនទសវត្សរ៍ ទើបតែបញ្ចប់សង្គ្រាម និងឯកភាពទឹកដីនៅខែធ្នូ ឆ្នាំ១៩៩៨ ហើយទទួលបាននូវសន្តិភាព និងការអភិវឌ្ឍដូចបច្ចុប្បន្ននេះ។
លោកបានបន្តថា មួយវិញទៀត ប្រទេសមួយចំនួននៅលើពិភពលោកក៏កំពុងតែមានសង្គ្រាមផងដែរ។ ក្នុងន័យនេះយុវជនវ័យក្មេងដែលមិនធ្លាប់បានជួបសង្រ្គាមអាចក្រឡេកមើលប្រទេសដែលកំពុងមានសង្គ្រាមនោះ ដែលមិនងាយនឹងស្រោចស្រង់បានទេ។
លោកយង់ ពៅ ថ្លែងថា៖«ទិដ្ឋភាពកម្ពុជាមិនទាន់រឹងមាំទេ ងាយនឹងប្រេះស្រាំ ងាយនឹងធ្លាក់ចូលទៅក្នុងចលាចល បើសិនជាការដឹកនាំមិនមានភាពប្រាកដនិយម ដូចនេះហើយការអំពាវនាវក្នុងឱកាសនេះ របស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ពិតជាស័ក្តិសមត្រឹមត្រូវ ជាក់ស្តែងតាមវេលានៃសង្គមកម្ពុជា»។
ទន្ទឹមនឹងនេះដែរ នៅក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីរាជការ កងកម្លាំង អតីតយុទ្ធជន និងនិវត្តជន ក្នុងស្រុកសំឡូត ខេត្តបាត់ដំបង នាថ្ងៃទី២៧ ខែឧសភា លោកស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក៏បានអំពាវនាវឱ្យពលរដ្ឋបន្តរួមគ្នាថែរក្សាការពារសុខសន្តិភាពជាអាទិភាព ឱ្យដើរទន្ទឹមគ្នានឹងការខិតខំថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងការបន្តការងារជាប្រក្រតីតាមតួនាទី និងភារកិច្ចផងដែរ។
លោក ក៏បានស្នើឱ្យបន្តរួមគ្នាជំរុញគាំទ្រការអនុវត្តគោលនយោបាយភូមិ ឃុំសង្កាត់មានសុវត្ថិភាព ព្រមទាំងប្ដេជ្ញាចិត្តរួមគ្នាធ្វើឱ្យការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ នាខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ ឱ្យប្រព្រឹត្តទៅដោយរលូន ដើម្បីរួមគ្នារក្សាស្ថិររភាពជាតិ និងការអភិវឌ្ឍតាមគន្លងប្រជាធិបតេយ្យ៕