ភ្នំពេញៈ​ ការ​ចែក​បណ្ណ​ព័ត៌មាន​អ្នក​បោះ​ឆ្នោត ជូន​ដល់​ប្រជា​ពលរដ្ឋ​ដែល​មាន​ឈ្មោះ​ក្នុង​បញ្ជី​បោះ​ឆ្នោត ផ្លូវ​ការ ​ឆ្នាំ​ ២០២២ សម្រាប់​បម្រើឱ្យ​​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​ នីតិ​កាល​ទី​៧ ឆ្នាំ​ ២០២៣ ​បាន​ចាប់ផ្ដើម​ដំណើ​រការ​នៅ​ទូទាំង​ប្រទេស​នៅ​ថ្ងៃទី ​២៨ ​ខែឧ​សភា ឆ្នាំ​ ២០២៣​។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​គណៈក​ម្មាធិ​កា​រ​ជាតិ​រៀបចំ​ការបោះ​ឆ្នោត (​គ​.​ជ​.​ប​)​នៅ​ថ្ងៃទី២៨ ​ខែឧសភា ​បានឱ្យដឹង​ថា គ​.​ជ​.​ប បាន​ផលិត​បណ្ណ​ព័ត៌​មាន​អ្នក​បោះ​ឆ្នោត​ចំនួន​៩ ៧១​០ ៦៥៥សន្លឹក ​ស្មើនឹង​ចំនួន​សរុប​អ្នកមាន​ឈ្មោះ​ក្នុងប​ញ្ជី​បោះ​ឆ្នោត​ផ្លូវការ​ ឆ្នាំ​២០២២​។​

​គ​.​ជ​.​ប បន្ត​ថា ​គណៈកម្មការ​ឃុំ ​សង្កាត់​រៀបចំ​ការ​បោះឆ្នោ​ត (​គឃ​.​សប​) ជា​អ្នក​ចាត់​តាំង​ក្រុម​ចែក​បណ្ណ​ព័ត៌មាន​អ្នក​បោះឆ្នោ​ត​នៅ​តាម​ភូមិ​ក្នុង​ឃុំ-សង្កាត់​សាមី​នីមួយៗ​ដែល​មាន​រ​យៈពេល​១ខែ​ គឺ​ចាប់​ពីថ្ងៃទី​​២៨ ខែឧ​សភា ​ដល់​ថ្ងៃទី​២៦ ​ខែមិថុនា​ ឆ្នាំ​២០២៣ ​ហើយ​បណ្ណ​ព័ត៌​មាន​ដែល​នៅ​សល់​ត្រូវ​រក្សា​ទុក​ និង​ចែក​បន្ត​នៅ​ទីស្នាក់​ការ​ គឃ​.​សប​ រហូ​តដល់​ថ្ងៃទី​២១ ​ខែកក្កដា​ ឆ្នាំ​២០២៣​។​

​គ​.​ជ​.​ប បាន​បន្ថែម​ថា៖ «​ផ្អែក​តាម​សេចក្តី​សម្រេច​លេខ ​១២៥​គ​.​ជ​.​ប​.​ស​.​ស​.​រ ចុះ​ថ្ងៃទី​១៣​ ខែមីនា ​ឆ្នាំ​២០២៣ ​គណ​បក្ស នយោ​បាយ និង​សមា​គម​ឬ​អង្គការ​មិន​មែន​រដ្ឋាភិ​បាល​ដែល​មិន​មែន​ជា​សមាជិក​ក្រុម​ចែក​បណ្ណ​ព័ត៌​មាន​អាច​បញ្ជូន​តំណាង​របស់​ខ្លួន​ឱ្យ​តាម​សង្កេត​មើល​ដំណើរ​ការ​នៃ​ការ​ចែក​បណ្ណ​ព័ត៌​មាន​ក្នុង​ឃុំ ​សង្កាត់ ​ពាក់​ព័ន្ធ​បាន​»​។​

​បើតា​ម គ​.​ជ​.​ប​ គោល​បំណង​នៃ​ការ​ផ្តល់​បណ្ណ​ព័ត៌មាន​អ្នក​បោះឆ្នោ​ត គឺ​​ដើម្បី​ជួយ​ដល់​អ្នក​បោះ​ឆ្នោត​ដែល​មាន​ឈ្មោះ​ក្នុង​បញ្ជី​បោះ​ឆ្នោត​ផ្លូវការ​បាន​យល់​ដឹង​ពី​លេខ​រៀង​ឈ្មោះ ​ទិ​ន្នន័យ​ពាក់​ព័ន្ធ​នឹង​សា​មីខ្លួន​ក្នុង​បញ្ជី​បោះឆ្នោ​ត ​លេខ​កូដ និង​ទីតាំង​ការិ​យាល័​យ​បោះ​ឆ្នោត ​កាល​បរិច្ឆេទ​ និង​ពេល​វេលា​នៃ​ការ​បោះ​ឆ្នោត ​ព្រម​ទាំងប្រភេទ​ឯកសា​រ​បញ្ជាក់​អត្ត​សញ្ញាណ​​ផ្លូវ​ការដែ​ល​ត្រូវ​ប្រើ​នៅ​ពេល​បោះ​ឆ្នោត​។​

​គ​.​ជ​.​ប បាន​បញ្ជាក់​ដែរ​ថា អ្នកបោះ​ឆ្នោត​​អាចយ​កប​ណ្ណ​ព័ត៌មាន​នេះ​មកជា​មួយ​នៅ​ថ្ងៃ​បោះ​ឆ្នោត ​ដើម្បី​ងា​យស្រួល​រក​ឈ្មោះ​ក្នុង​បញ្ជី​​បោះឆ្នោត​ ប៉ុន្តែ​ទោះបី​ជា​អ្នក​បោះឆ្នោ​ត​មិនបាន​យក​បណ្ណ​នេះ​មកជាមួ​យ ឬ​ពុំបាន​ទទួល​បណ្ណ​នេះ ​ក៏​អាច​បោះ​ឆ្នោត​បានដែរ ឱ្យតែ​សាមី​ខ្លួន​មានឈ្មោះ​​ក្នុង​បញ្ជី​បោះ​ឆ្នោត​ផ្លូវ​ការ ឆ្នាំ​២០២២ ​និង​មាន​ឯក​សារ​បញ្ជាក់​អត្ត​ស​ញ្ញាណ​ផ្លូវកា​រដែល​ជា​អត្ត​ស​ញ្ញាណ​ប័ណ្ណ​សញ្ជាតិ​ខ្មែរ​ដែល​មាន​សុពល​ភាព ​ឬ​ឯក​សារ​បញ្ជាក់​អត្ត​សញ្ញាណ​​បម្រើឱ្យ​​ការ​បោះឆ្នោ​ត(​ឯ​.​អ​)​។​

ជា​មួយ​គ្នា​នេះ គ​.​ជ​.​ប ក៏បាន​អំពាវ​នាវ​ដល់ ​ប្រជាព​លរ​ដ្ឋ និង​ភាគី​ពាក់​ព័ន្ធ​ដទៃទៀត​ មេ​ត្តា​ចូល​រួម និង​ផ្តល់​កិច្ច​សហកា​រ​ដើម្បីឱ្យ​ដំណើរ​ការ​នៃ​ការ​ចែក​បណ្ណ​ព័ត៌​មាន​អ្នក​បោះ​ឆ្នោត​នេះ​ ប្រព្រឹត្ត​ទៅ​រលូន​ល្អ​។​

​នៅ​ក្នុង​កិច្ច​ប្រជុំ​ជាមួយ​ភាគី​ពាក់​ព័ន្ធ​នៅ​ទី​២៣​ ខែឧសភា ​ឆ្នាំ​២០២៣ ​លោក​ ឯម ​សូផាត ​សមាជិក គ​.​ជ​.​ប ធ្លាប់​បញ្ជាក់​ដែរ​ថា បណ្ណ​ព័ត៌​មាន​អ្នក​បោះឆ្នោ​តឆ្នាំ​២០២៣​ មាន​លក្ខណៈ​ខុស​ប្លែក​ពី​ឆ្នាំ​មុន​ៗដោយ គ​.​ជ​.​ប បាន​បញ្ចូល​បន្ថែម​រូប​ថត​សាមី​អ្នក​បោះ​ឆ្នោត​ទៅក្នុង​ផ្នែក​ខាង​មុខ​នៃ​បណ្ណ​ដើម្បី​ងាយ​ស្រួល​ក្នុងការ​ត្រួត​ពិនិត្យ​ផ្ទៀង​ផ្ទាត់​អត្ត​សញ្ញាណ​របស់​អ្នក​បោះឆ្នោ​ត​។​

​លោក​សង្កត់​ធ្ងន់​ថា៖«​បណ្ណ​ព័ត៌​មាន​អ្នក​បោះឆ្នោ​ត​នេះ​មិន​អាច​ប្រើ​ជំនួស​អត្ត​សញ្ញាណ​ប័ណ្ណ​សញ្ជាតិ​ខ្មែរ(​អ​.​ខ​)ដែលមា​ន​សុពល​ភាព​ឬ​ឯក​សារ​បញ្ជាក់​អត្ត​សញ្ញាណ​បម្រើ​ឱ្យ​ការ​បោះឆ្នោ​ត(​ឯ​.​អ​) ក្នុងការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​ នីតិកា​ល​ទី​៧ ឆ្នាំ​២០២៣ ​បាន​ឡើយ​»​។​

​ការ​ចែក​បណ្ណ​ព័ត៌​មាន​អ្នក​បោះ​ឆ្នោត​​នេះដែរ ​លោក ​ឯម ​សូផាត ​បាន​លើក​ឡើង​ថា ការ​ផលិត​ និង​កា​រចែក​បណ្ណ​ព័ត៌​មាន​អ្នក​បោះឆ្នោ​តបា​ន​តម្រូ​វឱ្យ​គណៈ​កម្មការ​ឃុំ ​សង្កាត់​រៀបចំ​កា​របោះ​ឆ្នោត(​គឃ​.​សប​)ចាត់​តាំង​ក្រុម​ចែក​បណ្ណ​ព័ត៌មាន​អ្នក​បោះឆ្នោ​ត​មួយ ​ឬ​ច្រើន​ក្រុម​ឱ្យ​សម​ស្រប​តាម​ចំនួន​ភូមិ និង​ទៅ​តាម​ភូមិ​សាស្ត្រ​ជាក់​ស្តែង​ក្នុង​ឃុំ ​សង្កាត់​​របស់​ខ្លួន និង​ត្រូវមាន​សមាស​ភាព​ចូល​រួម​ដូច​ជា ​សមាជិ​ក​គណៈ​កម្ម​ការ​ឃុំ ​សង្កាត់​រៀបចំ​កា​របោះ​ឆ្នោត​, សមា​ជិក​ក្រុម​ប្រឹក្សាឃុំ​ សង្កាត់​,​តំណាង​សមា​គម​ ឬ​អង្គ​ការ​មិន​មែន​រដ្ឋាភិ​បាល​(​ប្រសិន​បើ​មាន​)​និង​មេ​ភូមិ ​ឬ​ជំនួយ​ការ​ភូមិ​ពាក់​ព័ន្ធ​ជា​សមា​ជិក​៕