​ភ្នំពេញៈ ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាស​ជាថ្មី​ថា មិន​អត់ឱន​ឱ្យ​ក្រុម​​ជ្រុលនិយម​ជាដាច់ខាត​ដែល​តែងតែ​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ និង​កងទ័ព​បះបោរ​ប្រឆាំងនឹង​រាជរដ្ឋាភិបាល​ស្របច្បាប់ បើ​មិន​ដូច្នោះ​ទេ ប្រទេស​កម្ពុជា​ធ្លាក់ចូល​ទៅក្នុង​សង្គ្រាម​មិនខានឡើយ​។​

​ថ្លែង​នៅក្នុង​ពិធី​សំណេះសំណាល​ជាមួយ​កម្មករនិយោជិត​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​រ៉ូយ៉ាល់ គ្រុប ភ្នំពេញ ពីថ្ងៃ​ទី​ ២៧ ខែឧសភា ឆ្នាំ​ ២០២៣ លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន បាន​លើកឡើងថា គោលដៅ​របស់​ក្រុម​ជ្រុលនិយម តែងតែ​ធ្វើ​បដិវត្តន៍​ពណ៌​។​

​ជាមួយគ្នានេះ លោក​បាន​ស្នើឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​បន្ត​សិក្សា​លើ​ទីតាំង​ផ្សេងៗ​ទៀត​ដែលមាន​ឧបាយកល​ធ្វើ​បដិវត្តន៍​ពណ៌​ប្រឆាំងនឹង​រាជរដ្ឋាភិបាល និង​មាន​វិធាន​​ការឱ្យ​ទាន់ពេលវេលា​។ មួយវិញទៀត លោកនាយក​រដ្ឋមន្ត្រី​ក៏បាន​ប្រាប់​ទៅ​ជន​បរទេស​ដែល​តែង​ផ្តល់​ថវិកា​ឱ្យមាន​ច​ល​នា​ធ្វើ​បដិវត្តន៍​ពណ៌​ត្រូវ​ដកខ្លួន​ចេញ​បន្ទាន់​។​

​លោក​ ហ៊ុន សែន បាន​មានប្រសាសន៍ថា​៖ «​យើងខ្ញុំ​នឹងធ្វើ​ការស្រាវជ្រាវ​ឱ្យដល់​ឫស​គល់ តើ​អ្នកឯង​បាន​លុយ​មកពី​ទីណា ដើម្បី​ហ្វឹកហាត់​អា​របៀប​ហ្នឹង​។ យើង​មិនអាច​បណ្តែតបណ្តោយ​ឱ្យ​ប្រទេសមួយ​ត្រូវ​បំផ្លាញ​នោះទេ​។ អ្នកខ្លះ​ថា ចង់បាន​អី​ទៀត បើ​ប្រទេស​មាន​សន្តិភាព​ហើយ​ហ្នឹង ខ្ញុំ​នៅតែ​និយាយ​សន្តិភាព​បើ​អ្នកឯង​ចង់​បំផ្លាញ​ប្រ​ទេស​ខ្ញុំ​»​។

​បើតាម​លោក ហ៊ុន សែន អ្នកប្រឆាំង​នៅ​ប្រទេស​ថៃ បើទោះបីជា​ត្រូវបាន​គេ​ធ្វើ​រដ្ឋ​ប្រហារ​ទម្លាក់​ក៏ដោយ ក៏​គេ​មិនដែល​អំពាវ​នាវ​ឱ្យ​បរទេស​មក​ធ្វើបាប​ប្រជាជន​គេ​ទេ ប៉ុន្តែ​អ្នកប្រឆាំង​ជ្រុលនិយម​របស់​ខ្មែរ បែរជា​អំពាវនាវ​ឱ្យ​បរទេស​មក​ធ្វើបាប​ប្រជា​ជាតិ​ខ្លួនឯង​ទៅវិញ​។​

​លោក​បាន​បញ្ជាក់ថា​៖ «​ដើម្បី​តែ​អំណាច អ្នកប្រឆាំង​ជ្រុលនិយម​របស់​ខ្មែរ បែរជា​អំពាវនាវ​ឱ្យ​បរទេស កុំ​ផ្តល់ជំនួយ​មក​កម្ពុជា កុំមក​វិនិយោគ​នៅ​កម្ពុជា កុំ​ទិញ​ទំនិញ​ពី​កម្ពុជា និង​ផ្តាច់​ប្រព័ន្ធ​អនុគ្រោះ​ផ្សេងៗ​ពី​កម្ពុជា ដែល​ចំណុច​ទាំងអស់នេះ គឺជា​ការសម្លាប់​សេដ្ឋកិច្ច​របស់​ប្រជាជន​ខ្មែរ​យើង​។ ទង្វើ​របស់​អ្នកប្រឆាំង​ជ្រុលនិយម​បែបនេះ រង់ចាំ​មើល​ជោគវាសនា​របស់​ខ្លួនឯង​ទៅ​»​។​

​ពាក់ព័ន្ធ​ការលើកឡើង​ខាងលើនេះ លោក យង់ ពៅ អគ្គលេខាធិការ​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា បាន​ថ្លែង​នៅ​ថ្ងៃទី​ ២៧ ខែឧសភា​ថា ការអំពាវនាវ​ឱ្យ​កងកម្លាំង​ប្រដាប់​អាវុធ​បះបោរ គឺជា​រឿង​ខុសច្បាប់ និង​មិន​ត្រឹមត្រូវ​ទេ ព្រោះ​កងកម្លាំងប្រដាប់អាវុធ​ជា​ឧបករណ៍​របស់​រាជរ​ដ្ឋា​ភិ​បាល ដើម្បី​ការពារ​សណ្តាប់ធ្នាប់ ស្ថិរភាព ប្រទេស​​ជាតិ និង​ប្រជាជន​។

​លោក​បាន​បន្តថា​៖ «​ដូច្នេះ​បើ​មានការ​អំពាវនាវ​ឱ្យធ្វើ​ការបះបោរ​មានន័យថា ចង់ឱ្យមាន​ការធ្វើបដិវត្ត​ន៍​បង្ហូរឈាម និង​មាន​ចលាចល​។ ការធ្វើ​រដ្ឋប្រហារ​កើតឡើង​ចេញពី​អគ្គបញ្ជាការ​ទ័ព និង​ស្នងការ​ប៉ូលិស​ជាដើម ជា​ចំណុចរសើប ចំពោះ​បុគ្គល​ណា​ដែល​ព្យាយាម​អូសទាញ​ឱ្យ​បះបោរ និង​ចំណុចរសើប​នៃ​សន្តិសុខ​សង្គម​»​។​

​លោក​ យង់ ពៅ បន្ថែមថា ការព្រមាន​ជា​​ច្រើនលើក​របស់លោក​នាយ​ក​រដ្ឋមន្ត្រី ជាការ​ទប់ស្កាត់​មិនឱ្យ​មាន​អំពើ​បះបោរ ឬ​អំពើ​ជ្រុលនិយម​មកលើ​កម្លាំងប្រដាប់អាវុធ ខណៈ​កម្ពុជា​ទើប​ទទួលបាន​សុខសន្តិភាព និង​ស្ថិរភាព​សង្គម​ក្នុង​រយៈពេល​ខ្លី​៕