​ភ្នំពេញៈ លោកស្រី ឱ វណ្ណឌី​ន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល បានធ្វើការ​ក្រើនរំឭក​ជាថ្មី​ឱ្យ​ប្រជាពលរដ្ឋ​ទាំងអស់​ប្រុងប្រយ័ត្ន ដោយ​បន្ត​ការពារ​ខ្លួន​ពី​ការចម្លង​វីរុស​កូ​វីដ​ ១៩ ពពួក Omicron XBB.1.5 ដោយសារ​ការ​កើន​ឡើង​នូវ​ករណី​ឆ្លង​នៅតាម​បណ្តា​ប្រទេសជិតខាង និង​នៅលើ​សកលលោក​។

លោក​លើកឡើង​បែបនេះ​នា​ថ្ងៃទី ​២៨ ខែឧសភា បន្ទាប់ពី​មានការ​ចេញផ្សាយរបស់​សារព័ត៌មាន​បាងកក​ប៉ុស្តិ៍ (Bangkok Post) កាលពី​ថ្ងៃ​ទី​ ២៧ ឧសភា ឆ្នាំ​ ២០២៣ ថា មន្ទីរ​រ​ពេទ្យ Siriraj Piyamaharajkarun នៅក្នុង​ប្រទេស​ថៃ ​បានប្រកាសថា ខ្លួន​មិនអាចទទួលយក​អ្នកជំងឺ​កូ​វីដ ​១៩ ទៀត​ទេ ដោយសារ​គ្រែ​ទាំងអស់ សម្រាប់​អ្នកជំងឺ​កូ​វីដ​ ១៩ ធ្ងន់ធ្ងរ ត្រូវ​បានដាក់​អ្នកជំងឺ​កូ​វីដ​ ១៩ ​អស់ទាំង​ស្រុង​ហើយ​។​

​មន្ទីរពេទ្យ Siriraj Piyamarajkarun បាន​និយាយ​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​កាលពី​ថ្ងៃទី​ ២៧ ឧសភា ថា​៖ «​គ្រែ​សម្រាប់​អ្នកជំងឺ​កូ​វីដ ​១៩ នៅ​គ្រប់​បន្ទប់​ទាំងអស់​ក្នុង​បន្ទប់​សង្គ្រោះ​​បន្ទាន់ (ICU) និង​ផ្នែក​អ្នកជំងឺ​សម្រាក​ពេទ្យ ​(IPD) ​ត្រូវបាន​កាន់​កាប់​ទាំងស្រុង​»​។​

​ទាក់ទង​នឹង​ការផ្សព្វផ្សាយ​នេះ លោកស្រី ឱ វណ្ណឌី​ន បាន​ថ្លែងថា៖ «​ខ្ញុំ​សូម​ក្រើនរំឭក​ដល់​បងប្អូន​ប្រជាពលរដ្ឋនៅក្នុង​ប្រទេស​កម្ពុជា​ ទាំងអស់​ថា ការកើនឡើង​នូវ​ករណី​ឆ្លង​នៅតាម​បណ្តា​ប្រ​ទេស​ជិតខាង និង​នៅលើ​សកល​លោក ជា​សញ្ញា​បង្ហាញថា វីរុស​កូ​វីដ ​១៩ មិនទាន់​ទៅណា​ឆ្ងាយ​ពី​យើង​នោះទេ​»​។

លោកស្រីបានបញ្ជាក់​ទៀតថា ក្រោយពី​អង្គការ​សុខភាព​ពិភពលោក​ (WHO) ប្រកាសថា កូ​វីដ ​១៩ ​នៅជាប​ញ្ហា​សុខភាព ដែល​បាន​កើតមានឡើង​ហើយ មិនមែនជា​កង្វល់​អន្ត​រ​ជាតិ​ទៀត​ទេ ប្រជាជន​ទូទៅ​នៅលើ​សកលលោក និង​ក្នុង​តំបន់ ហាក់​ដូចជា​មានការ​ធ្វេសប្រហែស​ខ្លះៗ​ផង​សន្តិភាព​និយម​ពេក​ខ្លះៗ​ផង​និង​មិន​ទៅ​ចាក់​វាក់​សាំង​ដូ​ស​ជំរុញ​ភាពស៊ាំ ដែល​បាន​ធ្លាក់​ចុះ​ជា​បណ្តើរៗ​ផង​។

​លោកស្រី​សង្កត់ធ្ងន់ថា​៖ «​ទាំងនេះ​ជា​កត្តា​ដែល​ធ្វើឱ្យ​វីរុស​នេះ​មានឱកាស​វាយលុក​ឡើង​វិញ​បាន ប្រហែល​មកពី​ការយល់ច្រឡំ​ថា វិបត្តិ​កូ​វីដ​ ១៩ បានបញ្ចប់​ហើយ តែ​តាម​ការពិត​វា​មិនទាន់​ចប់​នៅឡើយ​ទេ​យើង​ត្រូវ​បន្ត​ការប្រុងប្រយ័ត្ន​ផ្ទាល់ខ្លួន ដើម្បី​សុខភាព​ល្អ​រៀងៗ​ខ្លួន និង​ទប់ស្កាត់​ការវិលត្រឡប់​ទៅរក​សភាព​លំបាក​រស់​នៅ​ដូចពេលមុនៗ​»​។

លោកស្រី​បន្តថា មិនមាន​អ្នកណា​ដឹងថា តើ​នឹង​មានការ​បំប្លែង​វីរុស​កូ​វីដ​ ១៩ ​ថ្មី ដល់​ត្រឹមណា​ទេ ហើយ​បើ​វា​ចេះតែ​បំប្លែង​ខ្លួន​វា​ដូច្នេះ ហើយ​បើ​វា​អាច​ចាប់ដៃ​ជាមួយ​មេរោគ​ផ្សេងៗ​ទៀត ក្លាយជា​មេរោគ​ថ្មី​សន្លាង​មួយទៀត​ដែលមាន​ភាព​ឆ្លង​ខ្លាំង​ជាង​មុនៗ​និង​ធ្ងន់ធ្ងរ​ជាង​ពេលមុនៗ​នោះ​តើ​ពិភពលោក​នឹង​អាច​កើតមាន​ជា​វិបត្តិ​ធ្ងន់ធ្ងរ​ទៀត​ដែរ​ទេ​?

​លោកស្រី​ ឱ វណ្ណឌី​ន បន្តថា៖ «​មានការ​អំពាវនាវ​រួចហើយ​ថា យើង​ត្រូវតែ​បន្ត​ការពារ និង​ត្រៀម លក្ខណ​:​ជាមុន​នៅ​លទ្ធភាព​ផ្ទុះឡើង​នូវ​ការឆ្លង​ថ្មីៗ​នាពេល​ខាង​​មុខ​។ ដូច្នេះ​យើង​ត្រូវ​រួបរួមគ្នា​បន្ត​វិធានការ​ការពារ គឺ ៣​ ការពារ និង​ ៣ ​កុំ និង​រៀន​រស់នៅ​ជាមួយ​វត្ត​មាននៃ​មេរោគ ដោយ​ស្មារតី​ទទួលខុសត្រូវ ត្រៀមលក្ខណ​:​ឱ្យបាន​ល្អប្រសើរ​»​។​

​ទាក់ទង​នឹង​ការឆ្លង​មេរោគ​កូ​វីដ​ ១៩​ នេះដែរ លោកនាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន​ កាលពី​ថ្ងៃទី​ ២២ ខែឧសភា បាន​អំពាវនាវ​ឱ្យ​ប្រជា​ពលរដ្ឋ​មានការ​ប្រុងប្រយ័ត្ន​ពី​ការ​ងើបឡើង​វិញ​នៃ​ការឆ្លង​មេរោគ​នេះ​។ លោក​ថា​៖ «​កូ​វីដ​បាន​ចាប់​ផ្តើម​រើបៗ​ឡើងវិញ ដែល​យើង​ត្រូវតែ​ប្រុងប្រយ័ត្ន​ទាំងអស់​»​។​

​សូម​រំឭក​ដែរ​ថា សម្រាប់​ថ្ងៃទី ២៥ ឧសភា ក្រសួងសុខាភិបាល បានប្រកាស​រកឃើញ​អ្នក​ឆ្លង​មេរោគ​កូ​វីដ ​១៩ ចំនួន ១០​ នាក់ ដែល​ការឆ្លង​នេះ​រកឃើញ​ក្នុង​សហគមន៍​។ គិត​ត្រឹម​ថ្ងៃទី​ ២៨ ខែឧសភា ករណី​ឆ្លង​ជំងឺ​កូ​វីដ ​១៩ សរុប​មាន​ ១៣៨ ៧៦៧​ នាក់ ជា​​សះស្បើយ​ ១៣៥ ៦៨៤ ​នាក់​និង​ស្លាប់​សរុប ៣ ០៥៦​ នាក់​៕